រដ្ឋលេខាធិការក្រសួងការពារជាតិ កុំជឿតាមការញុះញុង់បក្សប្រឆាំងនៅថ្ងៃទី៩ ខែវិច្ឆិកា

400
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ លោក យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ទទូចប្រាប់ដល់ប្រជាពលរដ្ឋនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិលថា សូមកុំជឿតាមការញុះញុង់របស់ក្រុមទណ្ឌិត សម រង្ស៊ី អោយសោះ ព្រោះពួកគេកំពុងធ្វើសកម្មភាពក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ តាមរយៈផ្តួលរំលំក្សត្រគ្រប់គ្រងនគរ និងរដ្ឋាភិបាលស្របច្បាប់។

ការជឿ និងធ្វើសកម្មភាពតាមសកម្មភាពបង្កអសន្តិសុខសណ្តាប់ធ្នាប់របស់ក្រុមទណ្ឌិត សម រង្ស៊ី នឹងប្រឈមចំពោះមុខច្បាប់ជាពុំខាន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាតម្លៃសុខសន្តិភាព និងការអភិវឌ្ឍន៍សព្វថ្ងៃ អោយបានគង់វង្សទៅមុខជាមួយរដ្ឋាភិបាលកម្ពុជាយើង។

នេះជាសាររបស់លោក យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងឱកាសបើកបវសនការសិក្សាថ្មី ២០១៩-២០២០ នៅភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា។ អតីតអភិបាលខេត្តព្រះសីហនុ និងជារដ្ឋលេខាធិការសព្វថ្ងៃ បានលើកឡើងទៀតថា ការវិលត្រឡប់របស់សម រង្ស៊ី និងបក្សពួក គ្មានក្រៅតែពីការនាំមកភាពចលាចល និងញុះញុង់បង្កអោយបែកបាក់សាមគ្គីភាពដល់សង្គមជាតិនោះទេ។

ក្រៅពីការបង្ហាញសារនយោបាយទៅកាន់ប្រជាពលរដ្ឋ លោក យន្ត មីន ក៏ស្នើឱ្យម្តាយឪពុកកុមារតូចៗ កុំភ្លេចចាត់បញ្ចូនកូនរបស់ខ្លួនដែលមានអាយុចូលសិក្សាមករៀនសូត្រនៅសាលាអោយបានគ្រប់គ្នា ពីព្រោះចំណេះដឹងគ្មាននរណាលួចប្លន់បានទេ ដូច្នេះកុំបោះបង់ចោលការសិក្សាសូត្រ។ ខណ:រដ្ឋាភិបាលផ្តល់ឱកាសត្រូវការអ្នកមានចេះដឹង និងកំណែទម្រង់លើប្រព័ន្ធអប់រំនៅកម្ពុជា។ ហើយនៅពេលមានចំណេះដឹងក្រមសីលធម៌រស់នៅក្នុងសង្គម គ្មាននរណាម្នាក់អាចមកលួច ឬប្លន់បានទេ។

លោក យន្ត មីន អះអាងថា មានចំណេះវិជ្ជា គឺមានឱកាសទទួលបានការងារខ្ពស់ និងប្រាក់ចំណូលច្រើន សម្រាប់ជីវភាពគ្រួសារ ក៏ដូចជាការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ គ្រាមានតម្រូវការផ្នែកធនធានមនុស្សជាចម្បងតាមគោលនយោបាយរដ្ឋាភិបាល នាពេលបច្ចុប្បន្ន។ បន្ថែមលើនេះ លោកគ្រូអ្នកគ្រូ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ចាំបាច់បង្កើនការទប់ស្កាត់បញ្ហាចែកចាយសេពគ្រឿងញៀនក្នុងសាលារៀនគ្រប់ពេលវេលា ពីព្រោះវាបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់ស្មារតីរៀនសូត្ររបស់យុវជនដែលជាទំពាងំស្នងឬស្សី និងផែនការអភិវឌ្ឍន៍ប្រទេសជាតិ។

មិនចំពោះតែវិធានការរបស់អាជ្ញាធរសមត្ថកិច្ចឡើយ ប្រជាពលរដ្ឋជាអាណាព្យាបាលក៏ចូលរួមគ្រប់គ្រងអប់រំ និងប្រឆាំងលុបបំបាត់ការរីករាលគ្រឿងញៀនផងដែរ។ ជាក់ស្តែង ប្រសិនបើគ្រួសារ១ មានអ្នកជាប់ពាក់ព័ន្ឋគ្រឿងញៀនហើយ នឹងជួបគ្រោះអាសន្នសង្គមគ្រួសារកាន់តែធ្ងន់ធ្ងរ។

ចំណែក លោក កៀង សុទ្ធមង្គល ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្រែអំបិល បានលើកឡើងដែរថា មុននឹងបើកបវសនការឆ្នាំសិក្សាថ្មី លោក និងមន្រ្តីអប់រំស្រុក បានផ្សព្វផ្សាយពីថ្ងៃកំណត់នៃការចូលរៀនដល់អាណាព្យាបាលសិស្សនៅតាមភូមិឃុំស្របតាមកម្មវិធីពង្រឹងគុណភាពអប់រំ និងកាត់បន្ថយអត្រាបោះបង់ចោលការសិក្សារបស់ក្រសួងអប់រំ។

បើតាមលោកប្រធានការិយាល័យស្រុក ទោះយ៉ាងណា នៅមានការកង្វះថ្នាក់រៀន គ្រូបង្រៀន ផ្ទះស្នាក់នៅគ្រូ ដែលញុំងអោយការសិក្សារបស់សិស្សតាមសាលារៀននីមួយៗមានការរអាក់រអួលរៀនពុំបានជាប់លាប់ និងទៀតទាត់ពេលវេលា ជាពិសេសរដូវវស្សាភ្លៀងធ្លាក់ខ្លាំងតែម្តង។

ទាក់ទិននឹងការបញ្ហាគ្រឿងញៀន ចរាចរណ៍ ឬល្បែងស៊ីសងវិញ គ្រប់សាលារៀនតែងសហការជាមួយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន លើវិធានការទប់ស្កាត់ និងរាយការណ៍បង្រ្កាបបានទាន់ពេល ករណីបើមើលឃើញសកម្មភាពអ្វីមិនល្អនៅក្នុងបរិវេណសាលា។
ស្រុកស្រែអំបិល មានមន្រ្តីបុគ្គលិកអប់រំសរុប៤១៥នាក់ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យចំនួន៥៥សាលារៀន និងសិស្សានុសិស្សសរុប៨.៤៦២នាក់ ក្នុងនោះមានស្រី៤.២០៣នាក់។

គួរជម្រាបថា ពិធីបើកបវសនការឆ្នាំសិក្សាថ្មី នេះ ក៏មានការចូលរួមលោក មីន មករា ប្រធានសាលាដំបូងខេត្ត លោក សេង សុទ្ឋី អនុប្រធានមន្ទីរអប់រំ លោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល និងកម្លាំងប្រដាប់អាវុធ៕B/