រដ្ឋលេខាធិការ​ក្រសួង​ដែនដី​៖ ពិព័រណ៍​ស្ថាបត្យកម្ម បង្ហាញថា​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា ទាក់ទាញ​វិនិយោគិន​យ៉ាងច្រើន​

1269
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា​និង​ការតុបតែង​ផ្ទៃក្នុង​លើក​ទី​៣​ក្រោម​ប្រធានបទ​«​ការ​រចនា​សម្រាប់​កន្លែង​ធ្វើការ​និង​ការរស់នៅ​ឱ្យ​កាន់​តែមាន​ភាពប្រសើរ​»​។ ពិព័រណ៍​នេះ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ICVeX Co Ltd សហប្រតិបត្តិការ​ជាមួយ​សមាគម​ស្ថាបត្យកម្ម​កម្ពុជា ចាប់ពី​ថ្ងៃទី​២៤​ដល់​ថ្ងៃទី​២៦​ខែឧសភា ឆ្នាំ​២០១៨​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​ការតាំងពិព័រណ៍​រយៈ​ពេល​៣​ថ្ងៃនេះ​មានការ​ចូលរួម​ពី​ក្រុមហ៊ុន Jotun ជា​អ្នក​ឧបត្ថម្ភ​ការតុបតែង​លំអរ​ពិព័រណ៍​នៅ​ឆ្នាំនេះ និង​ក៏មាន​ការចូលរួម​ពី​ក្រុមហ៊ុន​ជាង​១៥០​ជាតិ និង​អន្តរជាតិ មកពី​ទូទាំង​ពិភពលោក​ចូលរួម​ជាមួយនឹង​ទំហំ​ទីតាំង​ពិព័រណ៍​ជិត ៤០០០​ម៉ែត្រការ៉េ ដាក់តាំង​បង្ហាញ​នូវ​ផលិតផល​ថ្មីៗ និង​ភាព​ច្នៃប្រឌិត​ថ្មីៗ​ដល់​អ្នកចូលរួម​មកពី​វិស័យ​ស្ថាបត្យកម្ម​រចនា​ផ្ទៃ​ខាងក្នុង អ្នក​អភិវឌ្ឍ​អចលនទ្រព្យ និង​សំណង់ ក៏ដូចជា​តាំង​បង្ហាញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូរ​ទៅ​ដែលជា​ម្ចាស់ផ្ទះ​និង​សាស្ត្រាចារ្យ​ជំនាញ​ក្នុង​វិស័យនេះ​ផងដែរ​។ ខណៈដែល​អ្នក​តាំងពិព័រណ៍​អាចមាន​ឱកាស​ក្នុងការ​ចែករំលែក​នូវ​ព័ត៌មាន និង​ចំណេះដឹង​ដោយផ្ទាល់​ជាមួយ​អ្នកចូលរួម​។​

​លោក ភឿង សុ​ភ័​ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​មានប្រសាសន៍ថា​៖«​ពិ​ព​រ័​ណ៍​ស្ថាបត្យកម្ម​កម្ពុជា និង​ការតុបតែង​ផ្ទៃក្នុង​លើក​ទី​៣​ឆ្នាំនេះ​នឹង​ក្លាយជា​ភស្តុតាង​ដើម្បី​បង្ហាញថា​វិស័យ​សំណង់​និង អចលនទ្រព្យ​នៅ​កម្ពុជា​បានធ្វើ​ការទាក់ទាញ​វិនិយោគិន​ជាច្រើន​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។ ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ​នឹង​ដើរតួ​ជា​វេទិកា​មួយ​ដោយ​នាំមក​នូវ​គំនិត​ថ្ម‌ី ផលិតផល​ថ្ម‍ីៗ និង​គំរូ​នៃ​ការតុបតែង​អគារ និង​ផ្ទះ​ល្អៗ​ដល់​ប្រទេស និង​ប្រជាជន​របស់ យើង​ខណៈដែល​របៀបរ​ស់​នៅ​របស់​ប្រជាជន​កម្ពុជា​បាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នាពេល​ប៉​ន្មា​ន​ឆ្នាំ​ចុង​ក្រោយនេះ​»​។​

​ជាមួយនឹង​ភាពជោគជ័យ​ដ៏​ធំធេង​ក្នុងការ​តាំងពិព័រណ៍​ពីរលើក​កន្លងមកនេះ ព្រឹត្តិការណ៍​ថ្ងៃនេះ​នឹង​ផ្តល់នូវ​វេទិកា​តែមួយគត់​សម្រាប់​អ្នកចូលរួម​ទាំងអស់​មា​ន​ជំនួប​ដោយផ្ទាល់​ជាមួយ វាគ្មិន​សំខាន់ៗ និង​អ្នក​តាំងពិព័រណ៍​នៅក្នុង​ពិធី​អាហារ​ពេល​ល្ងាច​ឆ្នាំ ២០១៨ នៅ​សាល​ពិ​ព​រ័​ណ៍​និង​សន្ឋិបាត​កោះ​ពេជ្រ​។​សូមបញ្ជាក់​ផងដែរ​ថា​កាលពី​ឆ្នាំ​២០១៧ ពិព័រណ៍​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ចូល​រូ​ម​ចំនួន ៤.៣០៩ នាក់​ដោយមាន​កើនឡើង​ជាង​២៣ ភាគរយ​ធៀប​ទៅ​ឆ្នាំ​២០១៦​។​

​និន្នាការ​នៃ​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា​ចំនួន​ប្រជាជន​របស់​កម្ពុជា​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ពី ១៥ ទៅ ១៩ លាន​នាក់​នៅ​ចន្លោះ​ពេលនេះ​រហូតដល់​ឆ្នាំ​២០៣០ ហើយ​នៅ​ទីក្រុង​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​នឹងមាន​ចំនួន​ប្រជាជន​កើនឡើង​ពី ៤ ទៅ ៧ លាន​នាក់​ដែល​ជម្រុញអោយមាន​តម្រូវការ​លំនៅដ្ឋាន​ថ្មី​ប្រមាណ​ជា ៨០០.០០០ ផ្ទះ​បន្ថែម​ទៅលើ​ចំនួន​លំនៅឋាន​បច្ចុប្បន្ន​។ កាលពី​ឆ្នាំ​២០១៧​វិស័យ​អចលនទ្រព្យ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ជាមួយនឹង​គម្រោង​អនុម័ត​ចំនួន​៣.៤១៨ គម្រោង ហើយ​វិស័យ​សំណង់​បាន​កើនឡើង ២២% ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ (​មាន​ទឹកប្រាក់​រហូតដល់​ទៅ ៦.៨ ពាន់​លាន​ដុល្លារ​) ក្នុងនោះ ៨២% ជា​គម្រោង​លំនៅដ្ឋាន​។

​ជាមួយគ្នានេះដែរ កាល​ឆ្នាំ ២០១៧ ត្រូវបាន​គេ​មើលឃើញថា​មានការ​កើនឡើង​នូវ​តម្រូវការ សម្រាប់​អគារ​ការិយាល័យ​ដែលមាន​គុណភាព​ល្អ​ទាំង​អ្នក​ក្នុងស្រុក​និង​ក្រៅ​ស្រុក​។ ការណ៍​នេះ​បានធ្វើឱ្យ​ប្រភេទ​អគារ​ការិយាល័យ​ប្រភេទ B ធ្លាក់ចុះ​ប្រហែល ១០ ភាគរយ​។ ស្របពេល​ជាមួយគ្នា​ដែរ នៅ​ដំណាច់ត្រីមាស​ទី ៤ ឆ្នាំ ២០១៧ ផ្ទៃដី​សម្រាប់​ជួល​ដើម្បី​ធ្វើការ​លក់រាយ​ប្រហែល ៣០០.០០០ ម៉ែត្រការ៉េ​កំពុង​ត្រូវបាន​សាងសង់​ឬ​គ្រោង​នឹង​បញ្ចប់​បាន​កើនឡើង​ទ្វេដង​សម្រាប់​តម្រូវការ​ផ្គត់ផ្គង់​លក់រាយ​នាពេល​២៤ ខែ​ខាងមុខ​។​

​លោក​ឈី​ណា​ឃី​ត វី​ផា​វ៉ា​ឃី​ត​( Chinakit Viphavakit )​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន ICVeX បាន​មានប្រសាសន៍ថា​៖ «​យើង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ចំពោះ​ពិ​ព​រ័​ណ៍​លើក​ទី​១ និង​ទី​២ កន្លង​រួចមកហើយ ដោយមាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នក​ដែល​ក្នុង​ឧស្សាហ​កម្មនេះ ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​នានា របស់​រដ្ឋ​ជាពិសេស​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​»​។​

​លោក​បាន​បន្តថា​៖«​ឆ្នាំនេះ​គឺជា​ការរៀបចំ​ពិ​ព​រ័​ណ៍​ស្ថាបត្យកម្ម​កម្ពុជា​និង​ការតុបតែង​ផ្ទៃក្នុង​លើក​ទី​៣ របស់​យើង​ដែល​នឹង​ផ្តល់ជូន​នូវ​ឱកាស​ជាច្រើន​សម្រាប់​អ្នកចូលរួម​ក្នុងការ​រៀនសូត្រ​។ យើង​ចង់​ជំរុញ​ប្រជាជន​កម្ពុជា ផ្តល់​គំនិត និង​ចំណេះដឹង​ដល់​ពួកគេ​ក្នុង​របៀប​រៀបចំ​លម្អរ​នៅ​កន្លែងធ្វើការ​និង​ការរស់នៅ​របស់​ពួកគេ​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង “​។​

​ជាការ​ពិតណាស់​តួនាទី​នៃ​ការ​រចនា គុណភាព​នៃ​ការតុបតែង និង​ស្ថាបត្យកម្ម​មិន​ត្រូវបាន​កាត់ផ្តាច់​ចេញ​ពី​ការរីកចម្រើន​នៃ​វិស័យ​សំណង់​នោះឡើយ​ព្រោះ​វា​ធ្វើឱ្យ​អគារ​មាន​ភាព​ទាក់ទាញ​និង​មាន​ផាសុកភាព និង​មាន​ផលប៉ះពាល់​ផ្ទាល់​ទៅលើ​បរិស្ថាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​យើង​។​

​លោក ស៊ិន សុជាតិ ប្រធាន​សមាគម​ស្ថាបត្យករ​កម្ពុជា (CSA) បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា បានទទួល​បាន​នូវ​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​សម្រាប់​ឆ្នាំកន្លងមក ដោយសារ​វិស័យ​សំណង់​និង​អចលនទ្រព្យ គឺជា​ឧស្សាហកម្ម​ឈានមុខ​គេ​មួយ​។ ស្របពេល​ជាមួយគ្នា​នោះដែរ សេដ្ឋកិច្ច​របស់​យើង​កំពុង​រីកចម្រើន​ដោយ​យើង​ឃើញ​មានការ​សាង់សង់​សណ្ឋាគារ​ថ្មីៗ អគារ​ការិយាល័យ ផ្សារ​ទំនើប ភោជនីយដ្ឋាន​និង​អគារ​លំនៅដ្ឋាន​កំពុងមាន​ការរីកចំរើន​នៅ​រាជធានី​ភ្នំពេញ និង​បាន​រីក​រាលដាល​ទៅកាន់​ទីក្រុង​នានា​ក្នុងប្រទេស​កម្ពុជា ។ បច្ចុប្បន្ននេះ​មាន​ប្រជាជន​ថ្នាក់កណ្តាល​កំពុង​មានកា​រ​កើនឡើង ហើយ​របៀប​នៃ​រស់នៅ​របស់​ពួកគេ​ក៏​កំពុង​ផ្លាស់ប្តូ​រទាំង​ការងារ និង​បរិស្ថាន​ផ្ទាល់ខ្លួន​ផងដែរ​»​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ ក៏ដូចជា​រដ្ឋាភិបាល​បានធ្វើការ​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​បន្ត​កើនឡើង​ក្នុង​រង្វង់ ៧ ភាគរយ​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ​។ វិស័យ​សំណង់​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​គាំទ្រ​ដល់​កំណើន​ខ្ពស់​បែបនេះ​៕