រដ្ឋលេខាធិការ​បរិស្ថាន​: ក្រសួង​មាន​គោលបំណង​សំខាន់​ចំនួន​ពីរ​

302
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានបញ្ជាក់​ទៅកាន់​មន្ត្រី​បរិស្ថាន​កាលពី​ព្រឹក​ថ្ងៃទី​នៅ​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៩​ក្រសួង​មាន គោលបំណង​ដ៏​សំខាន់​ចំនួន​ពីរ​សម្រាប់​សកម្មភាពរ​បស់​ខ្លួន​។​លោក​ថ្លែង​បែបនេះ​នេះ​ក្នុងឱកាស​ចូលរួម​ជា​អធិបតីភាព​បើក​សិក្ខាសាលា​បូកសរុប​ការងារ​ឆ្នាំ ២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន នៅ​រាជធានី​ភ្នំពេញ​។

​គោលបំណង​ទាំងពីរ​នេះ លោក​រដ្ឋលេខាធិការ​បញ្ជា​ក់ថា គោលបំណង​ដ៏​សំខាន់​របស់​ក្រសួងបរិស្ថាន​ទីមួយ​. ការ​ក្តាប់​មកវិញ​នូវ​មោទនភាព​ជាតិ​និង​ការកសាង​ជាតិ​ទំនើប​មួយ​ដ៏​រស់​រវើក​ក្នុង​សេចក្តីប៉ងប្រាថ្នា​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ រឹងមាំ ពលរដ្ឋ​មាន​សមត្ថភាព និង​បរិស្ថាន​រស់នៅ​ល្អប្រសើរ​។ ទី​ពីរ​. ដឹកនាំ និង​គ្រប់គ្រង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ ការប្រើប្រាស់​ធនធានធម្មជាតិ​ឱ្យបាន​សមស្រប​និង​មាន​និរន្តរភាព និង​ការរស់នៅ​ដោយ​ចីរភាព សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍​យូរអង្វែង​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប និង​គ្រប់​ជំនាន់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនោះ​ធ្វើយ៉ាងណា​ឱ្យ​គុណភាព​បរិស្ថាន និង​និរន្តរភាព​បរិស្ថាន​ត្រូវបាន​ធានា ខណៈ​កំណើន​សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្ត​កើន​ដែល​ធ្វើឱ្យ​កម្ពុជា​ផ្លាស់ប្តូរ​ឋាន​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅពេលនេះ ហើយនឹង​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។​

​រដ្ឋលេខាធិការ​បាន​ថ្លែងថា ដោយ​មើលឃើញ​ពី​ការវិវត្ត​ទាំងអស់នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន​បាន​គិតគូរ​រៀបចំ​យុទ្ធសាស្ត្រ និង​សកម្មភាព​ក្នុង​ការកសាង​នូវ​ឯកសារ ព័ត៌មាន ទិន្នន័យ និង​វេទិកា​ផ្សេងៗ​ដែល​អាច​ផ្សព្វផ្សាយ ចែករំលែក​ចំណេះដឹង​តាម​គ្រប់​រូបភាព ជាពិសេស​តាម​ប្រព័ន្ធ​ឌីជីថល ដើម្បី​ជំរុញ ក៏ដូចជា​បញ្ជ្រាប​ចំណេះដឹង​បរិស្ថាន​ឱ្យបាន​ទូលំទូលាយ​ដល់​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​។​

លោក​បន្ថែមថា​ច្បាស់​ណាស់​ថា ដើម្បី​សម្រេចបាន​នូវ​គោលដៅ​រួម​ក្នុង​វិស័យ​បរិស្ថាន រួមមាន កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​និង​ការពារ​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ចាំបាច់​ត្រូវ​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ ដើម្បី​កៀរគរ និង​ប្រមូលផ្តុំ​បាន​នូវ​កម្លាំង​ពី​គ្រប់​អ្នកពាក់ព័ន្ធ ព្រមទាំង​កម្លាំង​មហាជន​ពី​គ្រប់​មជ្ឈដ្ឋាន ចូលរួម​គាំទ្រ និង​អនុវត្ត​ឱ្យបាន​សកម្ម​។

​លោក​បន្តថា​ដើម្បី​សម្រេចបាន​បុព្វហេតុ «​ប្រែក្លាយ​ចំណេះដឹង​បរិស្ថាន​ទៅជា​ការប្រតិបត្តិ​បរិស្ថាន​ល្អ​» ដើម្បី​ផ្លាស់ប្តូរ​ផ្នត់គំនិត និង​ឥរិយាបទ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែមាន​មនសិការ​បរិស្ថាន គាំទ្រ និង​ចូលរួម​ក្នុង​សកម្មភាព​គាំពារ​បរិស្ថាន គ្រប់គ្រង​ធនធានធម្មជាតិ អភិរក្ស​ជីៈ​ចម្រុះ និង​អភិវឌ្ឍន៍​ដោយ​ចីរភាព យើង​ត្រូវការ បង្កើន​ការអប់រំ និង​ផ្សព្វផ្សាយ​ពី​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​ឱ្យបាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​គ្រប់ មជ្ឈដ្ឋាន​ទាំងអស់​៕ ល​