រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់​៣ ដែលធានាដល់ការទូទាត់របស់រដ្ឋដល់ក្រុមហ៊ុនវិនិយោគថាមពលអគ្គិ​សនី

91
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ រដ្ឋសភា បានឯកភាពឲ្យរាជរដ្ឋាភិបាលធ្វើការធានាការទូទាត់ដល់ក្រុមហ៊ុនវិនិយោគលើការអភិវឌ្ឍរោងចក្រអគ្គិសនីដុតធ្យូងថ្មថ្មីចំនួន៣ដែលមានអនុភាពសរុប៩៦៥មេហ្កាវ៉ាត់ និងគម្រោងវិនិយោគសាងសង់ខ្សែបញ្ជូនអគ្គិសនី តង់ ស្យុង២៣០គីឡូវ៉ុល នៅភាគខាងជើងនៃប្រទេសកម្ពុជា។

អង្គរដ្ឋសភាចំនួន១០៩រូប ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងសម័យប្រជុំវិសាមញ្ញ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានអនុម័តទាំងស្រុងជាលទ្ធផលអង្គសភាបានអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៣ ដែលធានាដល់ការទូទាត់របស់រាជរដ្ឋាភិបាលដល់ក្រុមហ៊ុនឯកជន ដែលបានវិនិយោគលើគម្រោងថាមពលអគ្គិសនីនៅកម្ពុជា។

សេចក្តីព្រាងច្បាប់ទាំងបី ដែលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ បានអនុម័ត ជាឯកច្ឆន្ទនោះ មាន៖
១- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ខេត្តកោះកុង។
២- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ។
៣- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។
បណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភា បានមានប្រសាសន៍ថា៖ ការអនុម័តនូវសេចក្តីព្រាងច្បាប់ទាំង៣នេះ គឺជាការបើកផ្លូវ និងផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល តំណាងរាជរដ្ឋាភិបាល ដែលទទួលការពារសេចក្តីព្រាងច្បាប់ទាំងនេះ បានសន្យាជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ឲ្យបានគ្របដណ្តប់គ្រប់ភូមិ និងរោងចក្រ សហគ្រាស ជាមួយតម្លៃសមរម្យ ស្របតាមផែនការបញ្ចុះតម្លៃអគ្គិសនី សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់ក្រសួងរ៉ែនិងថាមពល បានបង្ហាញថា៖គិតត្រឹមឆ្នាំ២០១៩ ប្រទេសកម្ពុជាមានទំនប់វារីអគ្គិសនីសរុបចំនូន៧ ដែលថាមពលអគ្គិសនីចំនួន ១.៣២៨ មេហ្កាវ៉ាត់ និងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មចំនួន២ រោងចក្រអគ្គិសនីដើរដោយចំហេះប្រេងខ្មៅចំនួន១ រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន២ និងអគ្គិសនីដើរដោយជីវឧស្ម័ន ដែលមានកម្លាំងផលិតសរុបចំនួន២.៣៨៨មេកាវ៉ាត់។ដោយឡែក ប្រភពថាមពលអគ្គិសនីដែលកម្ពុជានាំចូលពីប្រទេសជិតខាងរួមមានប្រទេសថៃ វៀតណាម និងឡាវ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ មានថាមពលសរុបចំនួនជាង៤៤២មេកាវ៉ាត់៕/B