រដ្ឋសភា​ទទួលយក​សេចក្តីព្រាងច្បាប់​ដែល​ផ្លាស់ប្តូរ​ឈ្មោះ​ក្រសួង​១​និង​សេចក្តីព្រាងច្បាប់​៥​ផ្សេងទៀត​

165
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​៣​ខែមីនា​ឆ្នាំ​២០២០​។​កិច្ចប្រជុំ​បានសម្រេច​ទ​ទួល​យក​សេចក្តីព្រាងច្បាប់​ចំនួន​៦ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​។​ក្នុងនោះ​មាន សេចក្តីព្រាងច្បាប់​ស្តីពី ការផ្លាស់ប្តូរ​ឈ្មោះ​ក្រសួង​ឧស្សាហកម្ម មួយ​ផង មក​ប្រគល់ជូន គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា​នានា ពិនិត្យ​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។

​សេចក្តីព្រាងច្បាប់​ទាំង​៦ ដែល​រដ្ឋសភា សម្រេច​ទទួល​យកមក​ពិនិត្យ​សិក្សា នាពេលនេះ មាន​៖១.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​ទណ្ឌិត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដល់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ពិនិត្យ សិក្សា ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ​និង​ព័ត៌មាន​នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​។​

២- អង្គប្រជុំ​បានអនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តីពី ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដល់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ពិនិត្យ សិក្សា ដោយ​សហការ​ជាមួយ គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​។​

៣.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដល់​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌​នៃ​រដ្ឋសភា​ពិនិត្យ​សិក្សា​ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ​ឃោសនាការ​និង​ព័ត៌មាន​នៃ​រដ្ឋសភា​ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​។​

៤- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​១ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង ស្តីពី​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​ដល់​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ធនាគារ​និង​សវនកម្ម​នៃ​រដ្ឋសភា​ពិនិត្យ​សិក្សា​ដោយ​សហការ​ជាមួយ​គណៈកម្មការ​សាធារណការ​ដឹកជញ្ជូន​ទូរគមនាគមន៍​ប្រៃសណីយ៍​ឧស្សាហកម្ម​រ៉ែ​ថាមពល​ពាណិជ្ជកម្ម​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នៃ​រដ្ឋសភា​និង​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិ​ការ​អន្តរជាតិ​ឃោសនាការ​និង​ព័ត៌មាន​នៃ​រដ្ឋសភា​ហើយ​ធ្វើ​របាយការណ៍​ជូន គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​។​

៥.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​បី​ស្តីពី​វិសោធនកម្ម​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន ដល់​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា​ពិនិត្យ​សិក្សា ដោយ​សហការ​ជាមួយ គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​។​

៦.​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​ពីរ​ស្តីពី​វិសោធនកម្ម​កិច្ចព្រមព្រៀង​វិនិយោគ​ទូលំទូលាយ​អាស៊ាន ដល់​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា​ពិនិត្យ​សិក្សា ដោយ​សហការ​ជាមួយ គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា ហើយ​ធ្វើ​របាយការណ៍​ជូន គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​៕S/​