រដ្ឋសភា​និង​ក្រសួងសុខាភិបាល រួមគ្នា​បង្កើត អ៊ែ​ប​សុខភាព​

919
ចែករម្លែក

ដោយ:​សុផល​/​ភ្នំពេញ ៖ រដ្ឋសភា​និង​ក្រសួងសុខាភិបាល​កំពុង​តែពិចារណា ​ក្នុងការ​បង្កើត​អ៊ែ​ប​សុខភាព​មួយ​នៅក្នុង​ទូរស័ព្ទដៃ ក្នុង​គោលបំណង​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​លើ​សេវា​សុខភាព​។​

គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី​នៃ​រដ្ឋសភា បានស្នើ​ក្រសួងសុខាភិបាល​សហកា​រ ក្នុងការ​បង្កើត Care App ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​ក្នុងការ​ព្យាបាល​ជំងឺ​។​

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​សហការី នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា លោកស្រី ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា បាន​ផ្តួចផ្តើម​បង្កើត KH-Care App សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ ប្រើប្រាស់​ដោយ​មិន​គិត​ប្រាក់​។ KH-Care App ជា​សេវា​ទំនាក់ទំនង ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​សេវា​ថែរក្សា​សុខភាព ព្យាបាល​ជំងឺ ដូចជា​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត​។​

លោកស្រី ប្រធាន​គណៈកម្មការ បាន​លើកឡើងថា ដើម្បី​ឲ្យ​សេវា KH-Care App កាន់​តែមាន​ប្រសិទ្ធភាព​គណៈកម្មការ​ជំនាញ​រដ្ឋសភា​បាន ស្នើសុំ​ក្រសួង សុខាភិបាល ដែលជា​សមត្ថកិច្ច​ជំនាញ ជួយ​សហការ​បំពេញបន្ថែម​រាល់​ចំនុច​ខ្វះខាត ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ជំរុញ​កម្មវិធី KH-Care App ឲ្យ​មាន​សន្ទុះ​លឿន​ទៅមុខ ហើយ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ច្រើន​។​

លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា​ក្រសួងសុខាភិបាល​បាន​គាំទ្រ​ការបង្កើត​សេវា​កម្មនេះ​។ កម្មវិធី​នេះ​មាន​សារៈសំខាន់​ដែល​នឹង​ជួយ​លើកកម្ពស់​វិស័យ​សុខាភិបាល​ឲ្យ​បាន​ប្រសើរឡើង​មួយកម្រិត​ទៀត​។ KH-Care App អាច​ឲ្យ​អ្នកជំងឺ​ឆាប់​បាន ទទួល​សេវា​ព្យាបាល​ជំងឺ​។​

លោកស្រី​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​សន្យាថា នឹង​យក​សំណើ​របស់​គណៈកម្មការ​ជំនាញ​រដ្ឋសភា​នេះ ទៅ​ប្រជុំពិភាក្សា​នៅ​ក្រសួង សុខាភិបាល​បន្ថែមទៀត​៕B/