រដ្ឋសភា​នឹងធ្វើ​វិសោធនកម្ម​ច្បាប់ ដែល​ទំនង​មាន​អំណោយផល​ដល់​អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​

762
ចែករម្លែក
  • 85
    Shares

ដោយៈ មុនី​រ័ត្ន​,​ម៉េង​ឆៃ​/ភ្នំពេញៈ តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន​៨៧​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តួច​ផ្តើមធ្វើ​សេចក្តីស្នើច្បាប់​ស្តីពី​វិ​សោ​ជន​កម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បញ្ជាក់​នៅ ក្នុង​សន្និសីទកាសែត​កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​។​

លោក​ឡេង ប៉េងឡុង ធ្វើ​សន្និសីទកាសែត (​រូប​ថ​តៈ មុនី​រ័ត្ន​)

​ ​លោក​ឡេង ប៉េងឡុង មានប្រសាសន៍ថា សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះ ជាការ​បន្ថែម​នូវ​វាក្យខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) គឺ “​បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​មិនអាច​បង្កើត​គណបក្សនយោបាយ ឬ​ចូលរួម​ក្នុង​គណបក្សនយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយ​កករ​ដ្ឋ​មន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​”​។​
​ ​លោក​បាន​បញ្ជាក់ថា វិសោធនកម្ម​ខាងលើនេះ មាន​គោលដៅ​សំខាន់ៗ​ពីរ គឺៈ បញ្ជាក់​ឲ្យ​ច្បាស់​តាមផ្លូវ​ច្បាប់​អំពី​ករណី​បុគ្គល​ដដែល​ត្រូវបាន​តុលាការ​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ និង​បើក​លទ្ធភាព​ឲ្យ​បុគ្គល​ប្រភេទ​ខាងលើ​អាច​ទទួលបាន​នីតិសម្បទា​ឡើងវិញ​តាមច្បាប់​នេះ​។ វិសោធន​កម្មនេះ ក៏មាន​គោលបំណង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស នីតិរដ្ឋ ព្រមទាំង​លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ​ផងដែរ​។ ដោយ​លោក​បាន​លើកឡើងថា “​ការធ្វើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នេះ កន្លងមក​ច្បាប់​ក៏មាន​ខ្វះចន្លោះ​តិច​ដែល​យើង​មិនបាន​គិតគូរ​ដល់​គាត់​ទេ (​អ្នក​ដែល​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​) ។​ឥឡូវនេះ យើង​គិតគូរ​ដល់​គាត់ បើសិនជា​អ្នកនោះ ត្រូវ​នាយករដ្ឋមន្ត្រី​វាយតម្លៃថា គាត់​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​ទេ នាយករដ្ឋមន្ត្រី​អាច​ស្នើសុំ​ព្រះមហាក្សត្រ​ផ្តល់​នីតិសម្បទា​ឡើងវិញ ហើយ​ចាប់ធ្វើ​នយោបាយ​ឡើងវិញ​បាន តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​”​។​

​ ​អគ្គលេខាធិការ​រដ្ឋសភា​បាន​បញ្ជាក់ថា នេះ​ជា​ច្បាប់​មួយ​ដែល​បំពេញបន្ថែម​ទៅ​ច្បាប់​មុន គឺ​មាត្រា​៤៥​ចាស់ ដែល​មិនបាន​គិតគូរ​គ្រប់​ជ្រុងជ្រោយ​ដល់​អ្នក​ដែល​តុលាការ​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​។ ឥឡូវ​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) បាន​គិតគូរ​ទៅដល់​អ្នក​ដែល​ត្រូវ​តុលាការ​ហាម​ហើយ​អាច​ត្រូវ​ផ្តល់​នីតិសម្បទា​ឡើងវិញ ដោយ​ព្រះមហាក្សត្រ​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី ដោយមាន​ការស្នើសុំ​រប​ស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​ច្បាប់​នេះ ពាក់ព័ន្ធ​ចំពោះ​អ្នក​ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ (១១៨​រូប​) ប៉ុន្តែ​ត្រង់​ថា សម្តេចនាយក​រដ្ឋមន្ត្រី​ស្នើសុំ​ផ្តល់​ឲ្យ​នីតិសម្បទា​ដល់​អ្នកណាខ្លះ គឺ​លោក​មិនដឹង​ទេ ពីព្រោះ​សម្តេចនាយក​រដ្ឋមន្ត្រី​ជា​អ្នកសម្រេច​។


​សូមជម្រាបថា តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ និង​បានចេញ​បម្រាម ឲ្យ​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​នាក់ ហាម​ធ្វើ​នយោបាយ ក្នុង​រយៈពេល ៥​ឆ្នាំ​៕SRN