រដ្ឋសភា​នឹងបើកប្រជុំ​អនុម័ត​បើកផ្លូវ​ឲ្យ​អតីតមន្ត្រី CNRP មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ នៅថ្ងៃ១៣ធ្នូ

518
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៣ ខែធ្នូ ខាងមុខនេះ រដ្ឋសភា​និង​ប្រជុំ​វិសាមញ្ញ ដើម្បី​ពិភាក្សា​អនុ​ម័​ត្ត​សេចក្តីស្នើច្បាប់​ស្តីពី​វិ​សោ​ជន​កម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​តាម​សំណើ​របស់​តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន​៨៧​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សេចក្តីព្រាងច្បាប់​ស្តីពី​បរ​ធន​កិច្ច​។

​ការកំណត់​ថ្ងៃ​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​នេះ គឺ​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​ប្រជុំ​សម្រេច​នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។​

​តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន​៨៧​រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្តួច​ផ្តើមធ្វើ​សេចក្តីស្នើច្បាប់​ស្តីពី​វិ​សោ​ជន​កម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​កាលពី​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៨​។​
​សេចក្តីស្នើច្បាប់​ស្តីពី​វិ​សោ​ជន​កម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះ ជាការ​បន្ថែម​នូវ​វា​ក្យខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) គឺ “​បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ មិនអាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្សនយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយ​កករ​ដ្ឋ​មន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​”​៕B/