រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦ ថ្ងៃទី​៤ វិច្ឆិកា ដើម្បី​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​៥

178
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។ នេះ​បើតាម​ការសម្រេច​
​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏បាន​អនុម័ត​របៀប​វារៈ​សម្រាប់​សម័យប្រជុំរ​ដ្ឋ​សភា​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា​នោះ មាន​៖
១-​ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥​និង​សន្ធិសញ្ញា​បំពេញបន្ថែម ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​
២-​ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
៣-​ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​២ ស្តីពី​ការកំណត់​ច្រកទ្វារព្រំដែន​ឆ្លងកាត់​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​កិច្ច​កិច្ចសម្របសម្រួល​ការដឹក​ជ​ញ្ចូ​ន​ទំនិញ​ឆ្លងកាត់​។​
៤-​ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ច​ព្រម ព្រៀង​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​។​
៥-​ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី​ការបង្កើត​សម្ព័ន្ធភាព​ថាមពលព្រះអាទិត្យ​អន្តរជាតិ​។​

​ជាមួយគ្នានេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏បាន​អនុម័ត​ទទួលយក​សេចក្តីព្រាងច្បាប់ ចំនួន​ពីរ​ទៀត ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល ប្រគល់ជូន​គណៈកម្មកា​រ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ពិនិត្យ​សិក្សា ផងដែរ​។ សេចក្តីព្រាងច្បាប់​ទាំងពីរ​នោះ​មាន សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨៕ ល​