រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​វិសាមញ្ញ​ព្រឹក​ថ្ងៃទី​១២​សីហា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​

278
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​យោងតាម​ការសម្រេច របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៩ រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​វិសាមញ្ញ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ ទី​១២​ខែសីហា​ឆ្នាំ​២០១៩​ដើម្បី​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មួយរូប​សម្រាប់​អាណត្តិ​ថ្មី ជំនួស សមាជិក​ចាស់ ដែល​ផុត​អាណត្តិ​។​

​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន​ប្រធានរដ្ឋសភា​ក៏បាន​អនុម័ត​ទទួលយក​សេចក្តីព្រាងច្បាប់​ចំនួន​ពីរ​ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល​មក​ពិនិត្យ​សិក្សា​ផងដែរ​។​

សេចក្តីព្រាងច្បាប់​ទាំងពីរ​នោះ​មាន​ទី​១​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​អង្គការ​ហាមឃាត់​អាវុធ​គីមី​ស្តីពី​បុព្វសិទ្ធិ​និង​អភ័យឯកសិទ្ធិ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី​។​

​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​រដ្ឋសភា​បានសម្រេច​ប្រគល់ឱ្យ​គណៈកម្មការ​មហាផ្ទៃ​ការពារជាតិ​និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា​ពិនិត្យ​សិក្សា​ដោយ​សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស​ឃោសនាការ​និង​ព័ត៌មាន​នៃ​រដ្ឋសភា​ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិកា​រអិច​ន្ត្រៃ​យ៍​រដ្ឋសភា​សហប្រតិបត្តិ​ការ​អន្តរជាតិ វិញ​។​

​ចំណែក​សេចក្តីព្រាងច្បាប់​មួយទៀត​គឺ​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​។​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​រដ្ឋសភា បានសម្រេច​ប្រគល់​ឲ្យ​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា ពិនិត្យ និង​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា វិញ​៕S/

​ចំណងជើង​រូបថត​៖​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៩​សីហា​