រដ្ឋសភា​នឹង​ពិភាក្សា​និង​អនុម័ត​ សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០២០​​នៅ​ដើម​សប្តាហ៍​ក្រោយ​

378
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ ​៖ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា​ដើម្បី​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣​នីតិកាល​ទី​៦ និង​របៀបវារៈ​សម័យ​ប្រជុំ​ផងដែរ​។​

ជា​លទ្ធផល​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា បានកំណត់​បន្ត​សម័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​សប្តាហ៍​ក្រោយ ដោយមាន​របៀបវារៈ ពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ចំនួន​៤​។​

សេចក្តីព្រាងច្បាប់​ទាំង​បួន ដែល​រដ្ឋសភា​នឹង​ពិភាក្សា​អនុម័ត​នៅ​សប្តាហ៍​ក្រោយ​នោះ មាន សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​។ សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​២០១៨​។​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​សហជីព ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៥១៦/០០៧ ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦​។

សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត​បទបញ្ញត្តិ​នៃ​អនុសញ្ញា សហប្រជាជាតិ​ស្តីពី ច្បាប់​សមុទ្រ ចុះ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៨២ ទាក់ទង​នឹង​ការគ្រប់គ្រង និង​ការអភិរក្ស​ផល ស្តុក​ត្រី ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ​៕B/