រដ្ឋសភា​បើក​សម័យប្រជុំ​លើកចុងក្រោយ សម្រាប់​នីតិកាល​ទី​៥ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៣

1341
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: រដ្ឋសភា​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ បាន​បើក​សម័យប្រជុំ​លើក​ទី​១០ ដើម្បី​ពិភាក្សា​និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៣ ដែល​បាន​រៀបចំឡើង​ដោយ​រាជរដ្ឋាភិបាល​។​

​កិច្ចប្រជុំ​លើកចុងក្រោយ​សម្រាប់​នីតិកាល​ទី​៥​នេះ បានធ្វើ​ឡើង នៅ​វិមាន​រដ្ឋសភា ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។ កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ផងដែរ​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រួមទាំង​សមាជិកសភា​មួយចំនួនទៀត​។​

​សេចក្តីប្រកាស​ពត៌មាន​របស់​រដ្ឋសភា​បានឱ្យដឹងថា កិច្ចប្រជុំពេញអង្គ​នៅ​ព្រឹក​នេះ នឹង​ពិភាក្សា និង​អនុម័ត​ទៅលើ​សេចក្តីព្រាងច្បាប់​ចំនួន​៣ ដែល​រួមមាន ៖១៖ ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ប្រាក់​ឈ្នួល​អប្បបរមា​។​២៖ ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៨៧ ចំណងជើង​ចំណុច «​គ​» ផ្នែក​ទី​៣ នៃ​ជំពូក​ទី​៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០​និង​មាត្រា​១២២​នៃ​ច្បាប់​ស្តីពី​ការងារ​។​៣៖ ការពិភាក្សា​និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​៦ មាត្រា​៧ មាត្រា​៨ មាត្រា​៩ មាត្រា​១១ មាត្រា​១២ ចំណងជើង​ជំពូក​ទី​៤ មាត្រា​១៦ មាត្រា​១៩ មាត្រា​២៦ មាត្រា​៥០ មាត្រា​៥១ មាត្រា​៥២ មាត្រា​៥៣ មាត្រា​៥៤ មាត្រា​៥៥ មាត្រា​៥៦ មាត្រា​៥៧ មាត្រា​៥៨ មាត្រា​៥៩ មាត្រា​៦៥ មាត្រា​៦៦ មាត្រា​៦៧ និង​មាត្រា​៦៨ នៃ​ច្បាប់​ស្តីពី​ស្តង់ដា​កម្ពុជា​។​

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​បានឱ្យដឹងថា រដ្ឋសភា នីតិកាល​ទី​៥ នឹងត្រូវ​បញ្ចប់​សម័យប្រជុំ​លើកចុងក្រោយ នៅ​អំឡុង​ខែកក្កដា ខាងមុខនេះ​៕