រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ

1318
ចែករម្លែក

ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ រដ្ឋសភា​បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ ដោយ​សម្លេង​អនុម័ត​១១២​សម្លេង​។សេចក្តីព្រាងច្បាប់​នេះ ១០​ជំពូក និង​ចែកចេញជា​៣៨​មាត្រា​។ ការ​អនុម័ត​នេះ​បាន​ធ្វើឡើង​នៅក្នុង​អង្គប្រជុំ​រដ្ឋសភា​នា​ថ្ងៃទី​៣១ ខែឧសភា​នេះ ដោយមាន​សមាជិកសភា​ចូលរួម​ចំនួន​១១២​រូប​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ​នេះ ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុងសម័យ​ប្រជុំពេញអង្គ​គណៈរដ្ឋ​មន្ត្រី​​​កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨​។

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែងថា បន្ទាប់ពី​សិក្សា​ស្រាវជ្រាវ​លើ​ច្បាប់​ស្តីពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ រួម​ជាមួយនិង​ច្បាប់​ជាតិ និង​អន្តរជាតិ​នានា ក្រុមការងារ​បាន​រក​ឃើញថា មាន​​បទ​ប្បញ្ញត្តិ​ជាង​ពាក់កណ្តាល​នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​ទាំងមូល ចាំបាច់​ត្រូវធ្វើ​វិសោធនកម្ម ដើម្បី​ធានាឲ្យ​មាន​សង្គតិភាព​ទៅ​និង​បទ​ប្បញ្ញត្តិ​ចែង​ក្នុង​ក្រមរដ្ឋប្បវេណីនិង​ច្បាប់​ផ្សេងៗ​ទៀត និង​ឲ្យ​ស្របតាម​​ការវិវត្ត​​​ផ្នែក​នយោបាយ សេដ្ឋកិច្ច សង្គម និង​សន្តិសុខ​ជាតិ​។ ដោយ​ឈរលើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល​បានសម្រេច​ឲ្យ​រៀបចំ​ជា​សេចក្តីព្រាងច្បាប់​ស្តីពី​សញ្ជាតិ​ជាថ្មី​ឡើងវិញ​។​

​សម្តេច​ក្រឡាហោម​បាន​បន្តថា ស​ញ្ជា​​តិ​ខ្មែរ គឺជា​ចំណង​គតិយុត្តិ​និង​នយោបាយ ដែល​ភ្ជាប់​រូបវ័ន្ត​បុគ្គល​ទៅនឹង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​តាមរយៈ​ចំណង​នេះ រូបវន្តបុគ្គល​នោះ ត្រូវបានចាត់ទុកជា​ប្រជាពលរដ្ឋ​ខ្មែរ​។ រហូតមកដល់​ពេលនេះ​មាន​រយៈពេល​ជិត​២២​ឆ្នាំ​ហើយ ដែល​ច្បាប់​ស្តីពីស​ញ្ជា​តិ​ត្រូវបាន​ដាក់ឲ្យអនុវត្ត​៕មន