រដ្ឋសភា​អនុម័ត​សេចក្តី ព្រាងច្បាប់​សំខាន់ៗ​៣​លើកកម្ពស់ វិស័យ​ពាណិជ្ជកម្ម​និង​របប​សន្តិសុខ​សង្គម​

247
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង ​សំរិន ​ប្រធានរដ្ឋសភា​បាន​បន្ត​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣​នីតិកាល​ទី​៦​មួយថ្ងៃ​ពេញ​គឺ​នៅ​ថ្ងៃ​អង្គារ​ទី​៨​ខែតុលា​ឆ្នាំ​២០១៩​ ដើម្បី​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​សំខាន់ៗ​ចំនួន​បី​ដែលមាន​សារប្រយោជន៍​ចាំបាច់​ដល់​ប្រទេសជាតិ​។​

​សេចក្តីព្រាងច្បាប់​ទាំងបី​នោះ​គឺ​សេចក្តីព្រាងច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​និង​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​។​ក្រោយ​ការពិភាក្សា​តាំងពីព្រឹក​ដល់​រសៀល ​សេចក្តីព្រាងច្បាប់​ទាំងបី​បាន​ត្រូវអនុម័ត​ជា​ស្ថាពរ​។​

សេចក្តីព្រាងច្បាប់​ទាំង​នេ​សុទ្ធសឹង​ជា​សេចក្តីព្រាងច្បាប់​សំខាន់ៗ​ដែល​នឹង​ក្លាយជា​បទដ្ឋាន​គតិយុត្ត​ក្នុងការ​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម​និង​របប​សន្តិសុខ​សង្គម​សម្រាប់​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ការ​រីកចម្រើន​វិស័យ​បច្ចេកវិទ្យា​និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​ស្របតាម​សម័យកាល​។​

​តួយ៉ាង​ដូចជា​សេចក្តីព្រាងច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដែល​សេចក្តីព្រាងច្បាប់​នេះ​នឹង​ផ្តល់​វិធាន​ជា​មូលដ្ឋាន​ដ៍​សំខាន់​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុង​ក្រៅប្រទេស​ប្រកបដោយ​ទំនុកចិត្ត​។​នឹងចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ដោយហេតុថា​ក្របខ័ណ្ឌ​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​នានា​ដែល​គាំទ្រ​ដល់​សកម្ម​និង​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​និង​ជី​ឌី​ថ​ល​ចាំបាច់​ត្រូវ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​។​ដើម្បី​អាចបង្កើត​សេដ្ឋកិច្ច​ឌីជីថល​រឹងមាំ​មួយ​ព្រមទាំង​ត្រៀម​ទទួលយក​នូវ​ការឈាន​មកដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។​

​តាម​សេចក្តីថ្លែងហេតុ នៅក្នុង​កិច្ចប្រជុំសភា បានឱ្យដឹងថា សេចក្តីព្រាងច្បាប់​ដែលមាន​១២​ជំពូក និង​៦៧​មាត្រា​នេះ​នឹង​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជី​ថ​ល​នៅ​ក​ម្ពុ​ជា​ដោយហេតុថា​ក្របខ័ណ្ឌ​ច្បាប់​និង​បទដ្ឋាន​គតិយុត្ត​នានា​។​ដែល​គាំទ្រ​ដល់​សកម្មភាព​និង​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​និង ឌីជីថល ចាំបាច់​ត្រូវ​រៀបចំ និង ធ្វើ​បច្ចុប្បន្នភាព ដើម្បី​អាចបង្កើត​សេដ្ឋកិច្ច​ឌីជី​ថ​ល រឹងមាំ​មួយ​ព្រមទាំង​ត្រៀម​ទទួលយក នូវ​ការឈាន​មកដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។

​ជាងនេះទៅទៀត សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់ លទ្ធភាព​ឱ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម​(SMEs) នៅ​កម្ពុជា​អាច​ភ្ជាប់​ខ្លួន​នៅ​នឹង​ខ្សែសង្វាក់​ផលិតកម្ម​និង​ទីផ្សារ​ក្នុងស្រុក​និង​អន្តរជាតិ​ក៏ដូចជា​ជំរុញឱ្យមាន​ការច្នៃប្រឌិត​និង​ការបង្កើត​ទំនិញ​និង​សេវា​ថ្មីៗ​បន្ថែមទៀត​ផងដែរ​។​

​សូមជម្រាបថា​៖ ​លោក​ប៉ាន​សូរ​ស័​ក្ត​ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​សហការី​ជា​តំណាង​រាជរដ្ឋាភិបាល​មក​ការពារ​សេចក្តីព្រាងច្បាប់​។​សេចក្តីព្រាងច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៩​។​

ចំណែក សេចក្តីព្រាងច្បាប់​ស្តីពី កិច្ចការពារ​អ្នកប្រើប្រាស់ ដែលមាន​១១​ជំពូក និង​៥១​មាត្រា វិញ​ត្រូវបាន​រដ្ឋសភា​អនុម័ត​ត្រូវ ចំនួន​១០៥​សំឡេង នៅ​រសៀល​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៩​។ សេចក្តីព្រាងច្បាប់ នឹង​ក្លាយជា​ច្បាប់​សម្រាប់​ការការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់​ពី​អំពើ និង​ការអនុវត្ត​មិន​សុចរិត​របស់​ពាណិជ្ជករ​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម ការពារ​សិទ្ធិ​និង​ផលប្រយោជន៍ អ្នកប្រើប្រាស់ គាំទ្រ​ទីផ្សារ​ឲ្យ​មានការ​ប្រកួតប្រជែង​ទាំង​តម្លៃ​គុណភាព​ទំនិញ​និង​សេវា​។​

​ក្នុងការ​ពិភាក្សា​សេចក្តីព្រាងច្បាប់​នេះ មាន​លោកស្រី​និ​ន ​សា​ផុន ​ប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​នៃ​រដ្ឋសភា​ជា​អ្នករាយការណ៍​ជូន​អង្គសភា​ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​។​រីឯ​លោក​ប៉ាន​សូរ​ស័​ក្ត​ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​និង​សហការី​ជា​តំណាង​រាជរដ្ឋាភិបាល​មក​ការពារ​សេចក្តីព្រាងច្បាប់​។​

​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ដែលមាន​១១​ជំពូក​១០៧​មាត្រា​នោះបាន​ត្រូវ​អង្គសភា​អនុម័ត​នៅ​ល្ងាច​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៩​។​លោកស្រី​ឡោក​ខេង ​ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា ជា​អ្នកអាន​របាយការណ៍​ពី​លទ្ធផល​នៃ​ការពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ជូន​អង្គសភា​។

​លោក​អ៊ិត​សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​សហការី​ជា​តំណាង​រាជរដ្ឋាភិបាល​ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។​សេចក្តីព្រាងច្បាប់​នេះ​មាន​វិសាលភាព​ទូលំទូលាយ ដែល​នឹង​ជំនួស​ឲ្យ​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​។​

​សេចក្តីព្រាងច្បាប់​របប​សន្តិសុខ​សង្គម​នេះ​មាន​គោលបំណង​បង្កើត​ឲ្យ​មាន​របប​សន្តិសុខ​សង្គម​មួយ តាម​គោលការណ៍​សាមគ្គីធម៌​សង្គម​ដែលមាន​៤​ផ្នែក​គឺ​ផ្នែក​ប្រាក់​សោធន​ផ្នែក​ថែទាំ​សុខភាព​ផ្នែក​ហានិភ័យ​ការងារ​និង​ផ្នែក​និកម្មភាព​ការងារ​សម្រាប់​បុគ្គល​។​ដែល​ស្ថិតក្នុង​វិស័យ​សាធារណៈ​បុគ្គល​ដែល​ស្ថិតនៅក្រោម​ច្បាប់​ស្តីពី​ការងារ​គិត​រួមទាំង​បុគ្គលិក​ផ្លូវអាកាស​នាវា​សមុទ្រ​និង​អ្នកបម្រើ​តាម​ផ្ទះ​ព្រមទាំង​បុគ្គល​ស្វ័យ​និ​យោជន៍​។​

​សេចក្តីព្រាងច្បាប់​នេះ​ពិតជា​មាន​សារសំខាន់​បំផុត​សម្រាប់​បុគ្គល​ដែល​ស្ថិតក្នុង​វិស័យ​សាធារណៈ ​វិស័យ​ឯកជន​និង​បុគ្គល​ស្វ័យ​និ​យោជន៍​ទទួលបាន​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ផ្នែក​ថែទាំ​សុខភាព​ផ្នែក​ហានិភ័យ​ការងារ​និង​ផ្នែក​និកម្មភាព​ការងារ​។​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩៕S/Ha

​ចំណងជើង​រូបថត​៖​រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​សំខាន់ៗ​៣​លើកកម្ពស់ វិស័យ​ពាណិជ្ជកម្ម​និង​របប​សន្តិសុខ​សង្គម​