ដោយ: មុនីរ័ត្ន / ភ្នំពេញ: រដ្ឋសភាបានប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៣១ ខែឧសភា នេះ។ សេចក្តីព្រាងច្បាប់នេះ មាន៩ជំពូក ចែកចេញជា៥៩មាត្រា។ កូរ៉ុមប្រជុំសភាមាន១១១លើ១២៣រូប។
ជាលទ្ធផល អង្គប្រជុំបានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ដោយសំឡេងអនុម័ត១១១សំឡេង។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងរាជរដ្ឋាភិបាល បានឡើងថ្លែងហេតុអំពីសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី។
សម្តេចក្រឡាហោម ស ខេង ថ្លែងថា រាជរដ្ឋាភិបាលមានការទទួលខុសត្រូវក្នុងការធានាការអនុវត្តច្បាប់ ធានាការពារនីត្យានុកូលភាព ព្រមទាំងធានាសណ្តាប់ធ្នាប និងសន្តិសុខសាធារណៈ។ រាជរដ្ឋាភិបាលគ្រប់គ្រង ដឹកនាំ បញ្ជា និងប្រើប្រាស់រដ្ឋបាលសាធារណៈគ្រប់ថ្នាក់ រួមទាំងកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងកងកម្លាំងប្រដាប់អាវុធផ្សេងៗទៀតក្នុងការធ្វើសកម្មភាពរបស់ខ្លួន ជាពិសេសការធានាការពារឯករាជ្យ អធិបតេយ្យនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធានាបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់លលើគ្រប់វិស័យ។
សម្តេចក្រឡាហោមបានបញ្ជាក់ថា ការដឹកនាំគ្រប់គ្រងប្រទេសនាពេលកន្លងមក រាជរដ្ឋាភិបាលលបានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ប្រកដោយការទទួលខុសត្រូវខ្ពស់និងមានការចូលរួម ការគាំទ្រពីប្រជាជនគ្រប់មជ្ឈដ្ឋាន ឆ្លងកាត់ដំណាក់កាលដ៏លំបាកលំបិនជាច្រើនដើម្បីនាំមកនូវសុខសន្តិភាព និងការអភវឌ្ឍសង្គមជាតិ អោយសម្រេចបាននូវសមិទ្ធផលលើគ្រប់វិស័យ។
សម្តេចក្រឡាហោមបានបញ្ជាក់ថា សេចក្តី ព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី មានមាត្រាមួយចំនួនចាំបាច់ត្រូវធ្វើការកែតម្រូវ និងបន្ថែមមាត្រាថ្មីមួយចំនួនតាមតម្រូវការប្រទេសជាតិ៕ ល