រដ្ឋសភា អនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៥

953
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០១៩ បាន​បន្ត​សម័យប្រជុំរ​ដ្ឋ​សភា​លើក​ទី​២​នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​វត្តមាន​សមា​ជិ​ក​រដ្ឋសភា​ពេល​ផ្តើម​សម័យប្រជុំ​ចំនួន ១១២​រូប ដើម្បី​ពិភាក្សា​អនុម័ត​នូវ​របៀបវារៈ​ចំនួន​៥​។​

​ក្រោយ​ការពិនិត្យ​ពិភាក្សា រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុម័ត​សេចក្តីព្រាងច្បាប់​ចំនួន​៥ ទាក់ទង​នឹង​ការទូទាត់​របស់​រដ្ឋាភិបាល​ចំពោះ​ក្រុមហ៊ុន​នានា និង​ទប់ស្កាត់​និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់​ព្រមទាំង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣​។​

​សេចក្តីព្រាងច្បាប់​ទាំង​៥​នោះ​មាន​៖១- សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​អេស​ភី​អេ​ច​ភី​( ខេ​ម​បូ​ឌា ) ឯ​.​ក​។​២- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ស្នេ​ថេ​ក រី​ញូ​វេ​ប៊​ល​ឯ​.​ក​។​៣-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ស្នេ​ថេ​ក​ខូ​អិ​ល​ធី​ឌី​។ ៤-​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង ស្តីពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ​ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់​គ្មាន​របាយការណ៍ និង​គ្មាន​ការ​អនុ​ញ្ញ​ត និង​៥-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣​។​

​​សូមបញ្ជាក់ថា​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​អេស​ភី​អេ​ច​ភី​(​ខេ​ម​បូ​ឌា​)​ឯ​.​កមាន​មាន​បី​មាត្រា​ហើយ​ត្រូវបាន​អង្គសភា​អនុម័ត​យល់ព្រម​លើ​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ទាំងមូល​ចំនួន​១១២​សំឡេង​។​លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​សហការី តំណាង រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។​

​ចំណែក​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន​ស្នេ​ថេ​ករី​ញូ​វេ​ប៊​ល​ឯ​.​ក បាន​ត្រូវ​អង្គសភា​អនុម័ត​យល់ព្រម លើ​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ទាំងមូល​ចំនួន​១១២​សំឡេង​។ សេចក្តីព្រាងច្បាប់​នេះ​មាន​បី​មាត្រា​។ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង​សហការី​តំណាង​រាជរដ្ឋាភិបាល​ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន​ស្នេ​ថេ​ក​ខូ​អិ​ល​ធី​ឌី​មាន​បី​មាត្រា​។ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​និង​សហការី​តំណាង​រាជរដ្ឋាភិបាល​ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​នេះ​។ អង្គសភា​បានអនុម័ត​យល់ព្រម​លើ​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ទាំងមូល​ចំនួន ១១១​សំឡេង​។​

​ចំពោះ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្តីពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ​ដើម្បី​បង្ការ​ទប់ស្កាត់​និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការ​អនុ​ញ្ញ​ត បាន​ត្រូវ​អង្គសភា​អនុម័ត​យល់ព្រម លើ​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ទាំងមូល​ចំនួន​១១២​សំឡេង​។ សេចក្តីព្រាងច្បាប់​នេះ មាន​បី​មាត្រា​។
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហការី តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។​

​រីឯ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ ដែលមាន​បី​មាត្រា​បាន​ត្រូវ​អង្គសភា​បានអនុម័ត​យល់ព្រម​លើ​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ទាំងមូល​ចំនួន​១១២​សំឡេង​។ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងផែនការ និង​សហការី តំណាង​រាជរដ្ឋាភិបាល ជា​អ្នកការពារ​សេចក្តីព្រាង​ច្បាប់​។​

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​នីមួយៗ​បាន​ត្រូវអនុម័ត​មួយ​មាត្រា​ម្តង​ហើយ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២​នីតិកាល​ទី​៦ បាន​ផ្អាក​នៅវេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល​។ ចំពោះ​សម័យប្រជុំ​រដ្ឋសភា​បន្ត​នឹងមាន​ជូនដំណឹង​ពេល​ក្រោយ​៕

#