រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ចេញ​លិខិត​សុំទោស​យ៉ាងតក់ក្រហល់ចំពោះ​ការ​គណនា និង​ចេញ​វិ​ក្កិ​យ​ប​ត្រ​ពុំ​ត្រឹមត្រូវ​ក្រោយពី​នាយករដ្ឋមន្ត្រី​ប្រតិកម្ម​

1435
ចែករម្លែក

(​ភ្នំពេញ​)៖ អង្គភាព​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ រសៀល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧​នេះ​បានចេញ​លិខិត​សុំទោស​ដល់​ប្រជាពលរដ្ឋ ហើយ​សន្យា​មិន​ឲ្យ​មាន​កំហុសឆ្គង​ជា​លើក​ទី​២​របស់ខ្លួន​នោះឡើយ​ចំពោះ​ការ​គណនា និង​ចេញ​វិ​ក្កិ​យ​ប​ត្រ​ពុំ​ត្រឹមត្រូវ​។​

​ការចេញលិខិត​ប្រកាស​ទទួលស្គាល់​កំហុស និង​សុំទោស​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចំពោះ​កំហុស​របស់ខ្លួន​នៅពេលនេះ​ធ្វើឡើង​យ៉ាង​តក់​​ក្រហល់​បំផុត​បន្ទាប់ពី​មានប្រតិកម្ម​ខ្លាំងៗ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ចំពោះ​តម្លៃ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧​នេះ​។​

​ជាមួយគ្នានេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក៏បាន​ប្រកាសថា ខ្លួន​បាន​ត្រៀម​សងលុយ​ជូន​ប្រជាពលរដ្ឋ​វិញ​ផងដែរ​ចំពោះ​ការយកថ្លៃ​ទឹក​លើស​នាពេល​កន្លងទៅនេះ ហើយ​ក្រសួង​ក៏បាន បញ្ជា​ឲ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​អនុវត្ត​ការ​គណនា​តម្លៃ​ទឹក តាមរបៀប​គណនា​ចាស់ និង​សងលុយ​ជូន​អតិថិជន ដែលមាន​ផលប៉ះពាល់​ទាំងអស់ ជាបន្ទាន់​ផងដែរ​។​

​សូមបញ្ជាក់ថា​ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​និង​​សិប្បកម្ម ព្រមទាំង​លោក ឯក សុន​ចាន់ រដ្ឋលេខាធិការ ចុះទៅ​ដោះស្រាយ​បញ្ហា​ទឹកជា​មួយ រដ្ឋាករទឹក​បន្ទាប់ពី​សម្ដេច​បានទទួល​របា​យ​​ការណ៍​និង​ព័ត៌មាន​ថា តម្លៃ​ទឹក​នៅ​រាជធានី​ភ្នំពេញ មានការ​កើនឡើង​សម្រាប់ អ្នកប្រើប្រាស់​តិច​និង​អ្នកប្រើប្រាស់​ច្រើន​ខុសពី​ការ​អំពាវ​​នាវ​របស់​សម្ដេច នាពេល​បច្ចុប្បន្ននេះ​។​

​ជាមួយគ្នានេះ សម្ដេចនាយក​រដ្ឋមន្ដ្រី ក៏បាន​ប្រកាស​ឲ្យ​សងលុយ​ទៅ​ប្រជាពលរដ្ឋ​វិញ​ផងដែរ បន្ទាប់ពី​យក​ថ្លៃ​លើស​នាពេល​កន្លងទៅនេះ​។​

​ប្រតិកម្ម​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ខាងលើនេះ បាន​កើតមានឡើង​ក្រោយពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ប្តូរ​វិធី​ពី​ការយកថ្លៃ​​ទឹក​ពី​២​ខែម្តង​មក​មួយខែ​ម្តងវិញ​ជាមួយនឹង​វិក្កយបត្រ​តូច​ថ្មី​ហើយ​ក្នុង​វិក្កយបត្រ​ថ្មី​នេះ​មួយចំនួន​ថ្លៃ​ទឹក​១​ខែ​បែរជា​អស់​ច្រើនជាង​ឬ​ប្រហាក់ប្រហែល​ថ្លៃ​២​ខែ​ក្នុង​វិក្កយបត្រ​ចាស់ ជាហេតុ​នាំអោយ​អតិថិជន​ខ្លះ​មិនអាច​ទទួលយកបាន​៕

​នៅលើ Facebook របស់​សម្ដេច​នា​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ សម្តេច​តេ​ជោ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ ខ្ញុំ​ទើបបាន​ដឹងថា តម្លៃ​ទឹក​នៅ​ទីក្រុង​ភ្នំពេញ​មានការ​កើនឡើង​ដែល​អ្នកប្រើប្រាស់​ទឹក​តិច​និង អ្នក ប្រើប្រាស់​ច្រើន​បង់ថ្លៃ​ដូចៗ​គ្នា​ធ្វើអោយ​នយោបាយ​អនុគ្រោះ​សម្រាប់ ប្រជាជន​ក្រីក្រ​មិនអាច​អនុវត្តន៍​បាន​។ នេះ​ជាការ​ដើរ​ខុស​ជាមួយ​ការអំពាវនាវ​របស់ខ្ញុំ​អោយ​បញ្ចុះ​ថ្លៃ​ទឹក​។​ខ្ញុំ​បាន​បញ្ជា​ឲ្យ​ទេស​រដ្ឋ​រដ្ឋមន្ត្រី ចម ប្រ​សិ​ទ្ឋ និង រដ្ឋលេខាធិការ ឯក សុន ចាន់ ចុះ​ធ្វើការ​ជាមួយ​រដ្ឋាករទឹក​ដើម្បី​វឹល​ត្រឡប់​ទៅ​អនុវត្តន៍​រូបមន្ត​ដើម​វិញ និង​ត្រូវ​សង​ប្រាក់​ទៅ​ប្រជាជន​វិញ​នូវ​ទឹកប្រាក់​ដែល​បាន​យក​លើសពី​ប្រជាជន​តាមរបៀប​ថ្មី​។​សូម​អរគុណ​ចំពោះ​បងប្អូន​ប្រជាជន​​ដែល​ផ្តល់ដំណឹង​នេះ​ដល់​រូបខ្ញុំ​»៕​ដោយ​៖​វាសនា​