រដ្ឋាភិបាល​កម្ពុជា​អះអាងថា​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករនិយោជិត​មិន​ប៉ះពាល់​ដល់​អ្នកបញ្ជា​ទិញ​ទេ​

1438
ចែករម្លែក

ដោយ​: ពៅ និល / ភ្នំពេញ​: ស្រប​ពេលដែល​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​ឆ្នាំ​២០១៩​បាន​កំពុង​បន្ត​ពិភាក្សា មន្ត្រីជាន់ខ្ពស់​នៃ​កម្ពុជា​បាន​បញ្ជាក់ថា នៅក្នុង​ប្រទេស​កម្ពុជា​កា​រ​កើនឡើង​នៃ​ប្រាក់​ឈ្នួល​ជា​រៀងរាល់ឆ្នាំ គឺ​មិនមាន​ផលប៉ះពាល់​ធំដុំ​ទេពី​អ្នកបញ្ជា​ទិញ ដោយសារតែ​រដ្ឋាភិបាល ពិសេស​ក្រោម​ការដឹកនាំ​របស់​សម្តេច​នាយករដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន ដែល​បានដាក់​នូវ​គោលនយោបាយ​យ៉ាង​ត្រឹមត្រូវ​ទាក់ទង​វិស័យ​ឧស្សាហ​កម្មនេះ​។​

លោក ហេង សួរ អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ប្រឹក្សា​ការងារ

​លោក ហេង សួរ អនុប្រធាន​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ប្រឹក្សា​ការងារ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងទៅ​ថា “​ការ​តម្លើង​ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិត​ផ្នែក​កាត់ដេរ គឺជា​គោលនយោបាយ​រួម​របស់​រាជរដ្ឋាភិបាល ក្នុងនោះ​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ថា ប្រាក់​ឈ្នួល​អប្បបរមា​របស់រប​ស់​កម្ពុជា​នឹង​បន្ត​កើន​ឡើងជា​រៀងរាល់ឆ្នាំ គ្រាន់តែ​ថា​កើនឡើង​ប៉ុន្មាន​គឺ​អាស្រ័យទៅលើ​យន្តការ​ត្រីភាគី​ជា​អ្នក​ច​ចារ ដោយ​វិនិច្ឆ័យ​ទៅលើ​បរិយាកាស​វិនិយោគ ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ហើយនឹង​ការចំណាយ​របស់​កម្មក​រ​និយោជិត ញ្ចឹ​ង​យើង​មិនមាន​ការធ្លាក់​ថយក្រោយ​ទេ​ក្នុង​ការចចារ​ប្រាក់​ឈ្នួល​”​។​

​លោក​បាន​បន្តថា កម្ពុជា​មិនមែនជា​ប្រទេស​តែមួយគត់​នៅក្នុង​តំបន់​ដែល​តម្លើង​ប្រាក់​ឈ្នួល​ជា​រៀងរាល់ឆ្នាំ​នោះទេ ប្រទេសជិតខាង​ក៏មាន​ការកើនឡើង​ប្រាក់​ឈ្ន​យល​ជា​រៀងរាល់ឆ្នាំ​ដែរ ហើយ​ប្រទេស​ជា​ដៃគូ​ប្រកួតប្រជែង​មួយចំនួន​ក៏មាន​យន្តការ​ក្នុងការ​កំណត់​ប្រាក់​ឈ្នួល ហើយ​ប្រសិទ្ធិភាព​នៃ​ការផ្តល់សេវា​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​របស់​កម្ពុជា​ក៏មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​ផងដែរ ទាំង​បែបបទ​នៃ​ការនាំចេញ​ត្រូវបាន​កែសម្រួល ដូច្នេះ​កំណើន​ប្រាក់​ឈ្នួល​មិនជា​បន្ទុក​ធ្ងន់​ពេក​សម្រាប់​វិស័យ​ឯកជន ព្រោះ​យើង​មានការ​ប៉ះប៉ូវ​ពី​រាជរដ្ឋាភិបាល ការបង្កើន​ប្រសិទ្ធិភាព​នៃ​ការផ្តល់សេវា​ពី​រដ្ឋាភិបាល​ទាំង​ថ្នាក់ជាតិ​និង​ក្រោម​ជាតិ ដែល​នេះ​គឺអាច​រក្សាបាន​ទាំង​តុល្យភាព​កំណើន​ចំណាយ​ប្រសិទ្ធិភាព​នៃ​ការងារ​វិស័យ​ឯកជន​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​កន្លង​ទៅក្នុង​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​កម្មករនិយោជិត​ឆ្នាំ​២០១៩ ភាគី​និយោជក​បាន​ប្រកាន់​គោលជំហរ​របស់ខ្លួន​ក្នុង​តួរ​លេខ​ចំនួន​១៧៥​ដុល្លារ ចំណែកឯ​ភាគី​សហជីព​តំណាង​ឲ្យ​កម្មករនិយោជិត​ដាក់ចេញ​តួរ​លេខ​ចំនួន​១៩២​ដុល្លារ​អាម៉េរិក​។​

​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​លើកឡើងថា យើង​អាច​ទទួលយក​បានការ​តំឡើង​ត្រឹម​អត្រា​អតិផរណា នេះ​ក៏ដោយ​ហេតុថា​ប្រាក់​ឈ្នួល​របស់​យើង​មាន​កំរិត​ខ្ពស់​ហើយ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដែលជា​ដៃគូរ​ប្រកួត​របស់​យើង​។ នៅមាន​ការចំណាយ​ធំៗ​ច្រើន​ទៀត​នៅ​ឆ្នាំក្រោយ ដូចជា​ការចំណាយ​លើ​វិភាគទាន​សោធន​និវត្តន៍ ការទូទាត់​ចំណាយ​លើ​ការ​ជំ​រះ​អតីតភាព​ការងារ​។

​ដោយឡែក លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លើកឡើងថា សម្រាប់​ប្រាក់​ឈ្នួល​លើកឡើង​ចំនួន​១៩២​ដុល្លារ ដោយ​ផ្អែក​តាម​លក្ខណៈវិនិច្ឆ័យ​ឲ្យ​ច្បាស់លាស់ សម្រាប់​ការចចារ​យើង​មិនមែន​ទាមទារ​តែ​ចំនួន​នេះ​ទេ​ដែល​យើង​ប្រៀបដូចជា​ទិញ​សម្លៀកបំពាក់​ដែរ តែ​កាលណា​យើង​ទារ​ខ្ពស់​ពេក យើង​ត្រូវ​ធៀប​ជាមួយ​ប្រទេស​ដទៃ ដូច​ពេលបច្ចុប្បន្ន​កាលពី​ថ្មីៗ​កន្លងទៅ​នៅ​ប្រទេស​វៀតណាម​បាន​តម្លើង​ប្រាក់​ឈ្នួល​កើន​ចំនួន​១៨៤​ដុល្លារ ដូច្នេះហើយ​កម្ពុជា​ដែលជា​ប្រទេស​ប្រកួតប្រជែង​យើង​មិន​រំពឹងថា​ចំនួន​ដែល​ទាមទារ​បាន​កម្រិតណា​នោះទេ​អាស្រ័យ​លើ​ការយោគយល់ និង​ទៅលើ​បរិយាកាស​វិនិយោគ​ទាំងអស់គ្នា​។​

​ទាក់ទិន​ការលើកឡើង​តួរ​លេខ​១៧៥​ដុល្លារ​របស់​ភាគី​និយោជក លោក សាលី បាន​ឲ្យ​ដឹងថា សម្រាប់ អ្នកវិនិយោគ ការ​តម្លើង​ប្រាក់​បៀរ​វត្សរ៍​ក្នុង​កម្រិត​០៥​ដុល្លារ​, ០៧​ដុល្លារ ឬ​១០​ដុល្លារ ជា​រឿង​ខាត​ចំណេញ​របស់គាត់​ដែល​គាត់​បាន​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ធ្វើការ​តម្លើង ដូច្នេះហើយ​លុះត្រាតែ​អ្នកបញ្ជា​ទិញ​ធ្វើការ​តម្លើង​ជូន​ពួកគាត់ (​និយោជក​) ឲ្យ​បាន​សមរម្យ​ដែរ​ទើប​ពួកគាត់​អាចមាន​លទ្ធភាព​ផ្តល់ជូន​ពួកគាត់​ទៅតាម​អ្វីដែល​គាត់​ចង់បាន និងរ​ស់បាន​ទាំងអស់គ្នា​ដែល​នេះ​ជា​បញ្ហា​ប្រឈម ហើយ​យើង (​សហជីព​)​ក៏​មិន​ទាមទារ​ឲ្យ​ហួសហេតុ​ផងដែរ ពោល​ឲ្យ​ប្រហាក់ប្រហែល​នឹង​ប្រទេសជិតខាង​។​

​បើ​ប្រៀបធៀប​ប្រាក់​ឈ្នួល​អប្បបរមា​រវាង​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​ទាប​ជាង​កម្ពុជា​ចំនួន​១៧០​ដុល្លារ ក្នុង​មួយខែ​រួមមាន​៖ បង់​ក្លា​ដេ​ស​ចំនួន​៦៧​ដុល្លារ​, ស្រីលង្កា​៦៧​ដុល្លារ​, ឥណ្ឌា​៧៧​ដល់​១៤៣​ដុល្លារ​, មី​យ៉ាន់​ម៉ា​១០៨​ដុល្លារ​, ឥណ្ឌូនេស៊ី​១០៧​ដល់​២៦៧​ដុល្លារ​, វៀតណាម​១២២​ដល់​១៧៥​ដុល្លារ​, ឡាវ​១៣៣​ដុល្លារ និង​ប៉ា​គី​ស្ថាន​ចំនួន​១៣៤​ដុល្លារ​។ ដោយឡែក បើ​ប្រៀបធៀប​ប្រាក់​ឈ្នួល​អប្បបរមា​រវាង​បណ្តា​ប្រទេស​ផ្សេងៗ​ដែល​ខ្ពស់ជាង​កម្ពុជា រួមមាន​៖ ប្រទេស​ថៃ​ចំនួន​២៥០​ដុល្លារ​, ចិន​១៧០​ដល់​៦០០​ដុល្លារ​, ម៉ាឡេស៊ី​៣០០​ដុល្លារ​, សឹង្ហ​បុរី​៨៩៣​ដុល្លារ និង​ហ្វីលីពីន​ចំនួន​១៣៩​ដុល្លារ​ដល់​២៦៨​ដុល្លារ​៕ ល​

#