រដ្ឋាភិបាល​កូរ៉េ ផ្តល់​កម្ចី​ជាង​៦០​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​គ​ម្រោ​ង​សាងសង់​មន្ទីរពេទ្យ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

935
ចែករម្លែក

​ដោយៈ​សុផល / ភ្នំពេញៈ​នាពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ជូន​ព័ត៌មាន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ថា រដ្ឋាភិបាល​កូរ៉េ បានសំរេច​ចិត្ត​ផ្តល់នូវ​ទឹកប្រាក់​៦៦,៥៧​លាន​ដុល្លារ នៃ​ប្រាក់កម្ចី​មូលនិធិ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដើម្បី​ផ្តល់​ជា​មូលនិធិ​ដល់​កម្ពុជា​ក្នុង ”​គម្រោង​សាងសង់​មន្ទីរពេទ្យ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល (UHS)”​។​

​មូលនិធិ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច (EDCF) ត្រូវបាន បង្កើតឡើង​ដោយ​រដ្ឋាភិបាល​កូរ៉េ​នៅ​ឆ្នាំ​១៩៨៧ ដើម្បី​លើកកម្ពស់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ជាមួយនឹង​ការអភិវឌ្ឍ​ពិភពលោក នឹង​ដើម្បី​ជួយ​ប្រទេស​កំពុងអភិវឌ្ឍន៍ ក្នុងការ​សម្រេចបាន​នូវ​ឧស្សា​ហូប​នី​កម្ម និង​ស្ថិរភាព​សេដ្ឋកិច្ច​តាមរយៈ​ការផ្តល់​ឱ្យនូវ​ឥណទាន ដែលមាន​រយៈពេល​យូរ​និង​ការប្រាក់​ទាប​។ នាពេល​បច្ចុប្បន្ននេះ ធនាគារ​នាំចេញ​នាំចូល​របស់​ប្រទេស​កូរ៉េ​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង​មូលនិធិ​នេះ​។​

​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា បានឱ្យដឹងថា គម្រោង​នេះ​មាន​គោលបំណង​ក្នុងការ​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ជាមួយនិង​គុណភាព​ល្អ នៃ​ការអប់រំ ក៏ដូចជា​ការផ្តល់​មក​នូវ​សេវា​សុខភាព​ដែលមាន​គុណភាព​ខ្ពស់ ដោយ​ការបង្កើត​មន្ទីរពេទ្យ​ដែលមាន​គ្រែ​ចំនួន​២០០​ជាមួយនឹង​ឧបករណ៍​ពេទ្យ ដែលមាន​បច្ចេកវិជ្ជា​ខ្ពស់ និង​ប្រព័ន្ធ​ព័ត៌មាន​សុខភាព​។​
​កង្វះ​មន្ទីរពេទ្យ​សមរម្យ​នៅក្នុង​ប្រទេស​កម្ពុជា បាន​បង្កើន​នូវ​តម្រូវការ​ជា​លំដាប់​សម្រាប់​កម្មវិធីសិក្សា​គ្លីនិក ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ រួម​និង​រួមបញ្ចូល​គ្នា ដើម្បី​ផ្តល់នូវ​បទពិសោធន៍​ព្យាបាល​បន្ថែមទៀត ជាមួយ​កំណើន​អ្នកជំងឺ​កាន់តែច្រើន​សម្រាប់​គ្រូពេទ្យ ដូចជា​និស្សិត​ពេទ្យ​ក្នុងការ​បណ្តុះបណ្តាល​។​

​ប្រភព​ដដែល​នេះ​បានឱ្យដឹង​ទៀតថា នៅពេលដែល​គម្រោង​សាងសង់​មន្ទីរពេទ្យ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល (UHS) ត្រូវបាន​បង្កើតឡើង​ដោយមាន​ការគាំទ្រ​ពី EDCF វា​នឹង​អាច​អភិវឌ្ឍ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ដែលមាន គុណភាព​ខ្ពស់​តាមរបៀប​ជា​ប្រព័ន្ធ​។​

​គេ​រំពឹងថា ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​សេវា​វេជ្ជសាស្ត្រ​ទំនើប តាមរយៈ​ការផ្គត់ផ្គង់​និង​ការដំឡើង​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប និង​ប្រព័ន្ធ​ព័ត៌មាន​របស់​មន្ទីរពេទ្យ​។​

​សូមបញ្ជាក់ថា រដ្ឋាភិបាល​កូរ៉េ​បានផ្តល់​ប្រាក់កម្ចី​សរុប​ចំនួន​៧៦៦ លាន​ដុលារ​ក្នុង​កម្ចី EDCF ដើម្បី​គាំទ្រ​គម្រោង​ចំនួន​២២ នៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០០១ មក​ម្លេះ​៕ ល​