រដ្ឋាភិបាល​ក្វា​តេ​ម៉ា​ឡា​ហាម​ប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​គាំទ្រ​ដោយ​អ​.​ស​.​ប​មិន​ឱ្យចូល​ប្រទេស និង​ជំទាស់​សាលក្រម​របស់​តុលាការ​កំពូល​

457
ចែករម្លែក

​រដ្ឋាភិបាល​កាល​ក្វា​តេ​ម៉ា​ឡា​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​កញ្ញា​បាន​ជំទាស់​សេចក្តីសម្រេច​រប​ស់​តុលាការ​កំពូល​របស់​ប្រទេស​នេះ​ដើម្បី​អនុញ្ញាតឱ្យ​បុរស​ម្នាក់​ដែល​ដឹកនាំ​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​គាំទ្រ​ដោយ​អ​.​ស​.​ប​វិល​ត្រឡប់មកវិញ ជាមួយ​ក្រុមមន្ត្រី​តវ៉ា​ថា ពួកគេ​មាន​សិទ្ធិ​បង្ខំ​ឱ្យមាន​ការជំនួស​តំណែង​របស់គាត់​។​

​ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​បានចេញ​សេចក្តីសម្រេច​ជា​ឯកច្ឆន្ទ​និង​មិនអាច​ប្តឹងតវ៉ា​បាន​មួយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៦​កញ្ញា​ថា​រដ្ឋាភិបាល​ត្រូវតែ​អនុញ្ញាតឱ្យ​ប្រធាន​គណៈកម្មាការ​នេះ​ចូល​ប្រទេស​វិញ​ដើម្បី​បន្ត​ការស៊ើបអង្កេត​អំពើពុករលួយ​លេចធ្លោ​ជាច្រើន​រួមទាំង​ការស៊ើបអង្កេត​ដែល​កំពុង​ពន្យារពេល​មួយ ប្រឆាំងនឹង​ប្រធានាធិបតី​លោក ជី​មមី ម៉ូ​រ៉ា​ឡេស​។​

​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយថា សេចក្តីសម្រេច​នេះ​មិនបាន​និយាយ​ចំឈ្មោះ​ប្រធាន​គណៈកម្មាធិការ​លោក អ៊ី​វ៉ាន់ វ៉េ​ឡា​ស្កេ​ស នោះទេ ដោយ​គ្រាន់តែ​សំដៅ​ទៅលើ “​ស្នងការ (​ភេទ​ទាំង​២)” នៃ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​របស់​អ​.​ស​.​ប ដែល​គេ​ស្គាល់​ថា CICIG ។ ពួកគេ​និយាយថា នោះ​គឺ​បានន័យថា ពួកគេ​អនុញ្ញាតឱ្យ​នរណា​ក៏បាន​ដែរ​មក​ដឹកនាំ​គណៈកម្មការ​នេះ ប៉ុន្តែ​មិនមែន​លោក​វ៉េ​ឡា​ស្កេ​ស​ទេ​។​

​ទោះយ៉ាងណា លោកស្រី គ្លូ​រៀ ផូ​រ៉ា​ស់ ជា​ចៅក្រម​ម្នាក់​ក្នុងចំណោម​ចៅក្រម ៥ រូប​របស់​តុលាការ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Associated Press កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថា សេចក្តីសម្រេច​នេះ​អនុវត្ត​ចំពោះ​លោក​វ៉េ​ឡា​ស្កេ​ស​។​

​លោកស្រី គ្លូ​រៀ ផូ​រ៉ា​ស់ បាន​និយាយថា “​លោក អ៊ី​វ៉ាន់ វ៉េ​ឡា​ស្កេ​ស គឺជា​ស្នងការ​បច្ចុប្បន្ន ហើយ​ដូច្នេះ​អាច​ចូលក្នុង​ប្រទេស​នេះ​បាន​ភ្លាមៗ​”​។​

​មេធាវី​រដ្ឋធម្មនុញ្ញ លោក អូ​ស្វា​ល់​ដូ សា​ម៉ា​យ៉ាវ បាន​អាន​សេចក្ដីសម្រេច​នោះ​យ៉ាង​ដូច្នេះ “​វា​ច្បាស់​ណាស់​ថា​ស្នងការ​នេះ​ត្រូវតែ​ចូលក្នុង​ប្រទេស​។ មិន​ថា​សេចក្តីសម្រេច​នេះ​និយាយថា​ជា​លោក អ៊ី​វ៉ាន់ វ៉េ​ឡា​ស្កេ​ស ឬ​អត់​នោះទេ គឺ​វា​មិនមាន​បញ្ហា​នោះឡើយ ការសម្រេច​គឺ​ច្បាស់​ណាស់​ថា ពួកគេ​អនុញ្ញាតឱ្យ​គាត់​ចូល​”​។​

​លោក​សា​ម៉ា​យ៉ាវ​បាន​និយាយថា សេចក្តីសម្រេច​របស់​តុលាការ​បាន​និយាយថា កិច្ចព្រមព្រៀង​រវាង​ក្វា​តេ​ម៉ា​ឡា និង​អ​.​ស​.​ប គឺមាន​សុពលភាព ហើយក៏​មាន​សុពលភាព​ជាមួយ​រចនា​សម្ព័ន្ធ​ទាំង​មូលនៃ​គណៈកម្មការ​នេះដែរ រួមបញ្ចូល​ទាំង​លោក​វ៉េ​ឡា​ស្កេ​ស ជា​ប្រធាន​។​

​មេធាវី​ម្នាក់ទៀត​ឈ្មោះ ម៉ា​រី​អូ ហ្វូ​អិន​ថេ​ស យល់ឃើញថា​សេចក្តីសម្រេច​នេះ​មិនមាន​ភាពច្បាស់លាស់​។ លោក​បាន​និយាយថា “​អ្នក​អាចធ្វើ​ការបកស្រាយ​បាន​គ្រប់​ប្រភេទ​។ ត្រូវតែ​ធ្វើការ​បញ្ជាក់​ឱ្យ​ច្បាស់លាស់​”​។​

​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ក្រុម​អង្គការសិទ្ធិមនុស្ស​ជាច្រើន​បានដាក់​ពាក្យបណ្តឹង​ទៅ​រដ្ឋអាជ្ញា​ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​ថា​បាន​រំលោភ​លើ​សេចក្តីសម្រេច​របស់​តុលាការ​។​

​ប្រធាន​រដ្ឋអាជ្ញា លោកស្រី ម៉ា​រៀ ខុន​ស៊ូ​ឡូ ផូ​រ៉ា​ស់ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការិយាល័យ​របស់លោក​ស្រី​នឹង​រង់ចាំ​តុលាការ​ធម្មនុញ្ញ​ចេញ​បញ្ជា​ឱ្យធ្វើ​សកម្មភាព​ប្រឆាំងនឹង​ជន​ណា​ដែល​រំលោភ​លើ​ការសម្រេច​របស់ខ្លួន​។​

​ប្រធានាធិបតី​លោក ជី​មមី ម៉ូ​រ៉ា​ឡេស បានប្រកាស​កាលពី​ចុងខែ​សីហា​ថា លោក​បានបញ្ចប់​អាណត្តិ​របស់​គណៈកម្មកា​រ​ប្រឆាំង​អំពើពុករលួយ​នេះហើយ​។ លោក​និយាយថា លោក​នឹង​ទុកពេល​១​ឆ្នាំ​ឱ្យ​គណៈកម្មការ​នេះ​បញ្ចប់​ការងារ​របស់ខ្លួន​ឱ្យ​រួចរាល់ ប៉ុន្តែ​លោក​ចង់ឱ្យមាន​ការជំនួស​តំណែង​របស់លោក​វ៉េ​ឡា​ស្កេ​ស​ភ្លាមៗ​។ លោក​បាន​ហៅ​លោក​វ៉េ​ឡា​ស្កេ​ស​ថា​ជា “​មនុស្ស​ដែល​វាយប្រហារ​សណ្តាប់ធ្នាប់​និង​សន្តិសុខ​សាធារណៈ​នៅក្នុង​ប្រទេស​”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​លោក ជី​មមី ម៉ូ​រ៉ា​ឡេស (​កណ្តាល​) គោរព​ភ្លេងជាតិ​ក្នុង​ពិធី​បើក​សម្ភោ​ធ​ទីលាន​បាល់ទាត់​មួយ​នៅ​ទីក្រុង​ម៉ិ​កកូ កាលពី​ថ្ងៃ​ចន្ទ ទី​១៧​កញ្ញា