រដ្ឋាភិបាល​ជប៉ុន​ បានផ្តល់​ថវិកា​ជិត​៤​ពាន់​លាន​ដុល្លារ​ ក្រោម​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការគិត​ត្រឹម​ឆ្នាំ​២០១៨

344
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​ហូ​រី​ណូ​អ៊ុ​ជិ​ ហ៊ី​ដេ​ហ៊ី​សា​ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា​៖​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយនេះ​ ជប៉ុន​បាននិងកំពុង​គាំទ្រ​ដល់​កម្ពុជា​ចាប់ពី​ដំណើរការ​សន្តិភាព​ដំបូង​តាមរយៈ​ការកសាង​ឡើងវិញ​ជា​បន្តបន្ទាប់​និង​រហូតដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ប្រមាណ​៣​ពាន់​៩​រយ​លាន​ដុល្លារ​អាម៉េរិក ​ក្រោម​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​(ODA)​គិត​ត្រឹម​ឆ្នាំសារពើពន្ធ​២០១៨​។​

លោក​បាន​មានប្រសាសន៍​ដូច្នេះ​ នៅក្នុង​ពិធី​បើក​កម្មវិធី​ទស្សនកិច្ច​អ្នក​សារពត៌មាន​ស្តីពី​ជំនួយ​ODA ជប៉ុន ឆ្នាំ​២០១៩​ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ។​

លោក​ឯកអគ្គរាជទូត​បាន​បន្តថា​៖​ប្រទេស​ជប៉ុន​គាំទ្រ​ដល់​ការពង្រឹង​បន្ថែម​នូវ​គ្រឹះ​សេដ្ឋកិច្ចសង្គម ដើម្បី​កម្ពុជា​សម្រេចបាន​នូវ​ឋានៈ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០ ។​ដោយ​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន​បី​៖(១)​ការអភិវឌ្ឍនឧស្សាហកម្ម ​(២)​ការ​ផ្តល់នូវ​គុណភាព​នៃ​ជីវភាព​រស់នៅ​ប្រសើរ​ជាង​មុន ​(៣)​ការជំរុញ​ឲ្យ​មាន​សង្គម​ប្រកបដោយ​និរន្ត​ភាព​តាមរយៈ​ការពង្រឹង​អភិបាលកិច្ច​។​

​ប្រទេស​ជប៉ុន​បាននិងកំពុង​ធ្វើការ​រួម​គ្នា​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ជាច្រើន​។​កិច្ចការ​ទាំងនេះ​រួមមាន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ចសង្គម​ដូចជា​ផ្លូវថ្នល់​កំពង់ ផែ​មន្ទីរពេទ្យ​ សាលារៀន ​ធនធានមនុស្ស​និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ការលុបបំបាត់​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ និង​ការ​ជំរុញ​ការវិនិយោគ​ជាដើម​។​

គួរបញ្ជា​ក់ថា​ កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ត្រូវបាន​យល់ដឹង​យ៉ាង​ត្រឹមត្រូវ​និង​គាំទ្រ​ពី​ប្រជាជន​កម្ពុជា​និង​ជប៉ុន​គឺ​សំខាន់​។​ដូច្នេះ​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​មិនអាច​ខ្វះ​បានទេ​ក្នុងការ​សម្រេច​គោលបំណង​នេះ​។​

​លោក តូ​ម៉ូ​ហ៊ី​រ៉ូ ខា​ណា​តាក លេខា​ទី​១​ស្ថានទូត​ជប៉ុន ទទួលបន្ទុក​ខាង​ODA បានឱ្យដឹងថា​៖ ជប៉ុន​បាន​បាន​អនុវត្ត​ន៍ជំនួយ​ODA​យ៉ាងសកម្ម​តាំងពី​ឆ្នាំ​១៩៩១​។​ទឹកប្រាក់​សរុប​នៃ​ជំនួយ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជាង​៣​ពាន់​លាន​ដុល្លារ​អាម៉េរិក​ដែល​ក្នុងនោះ​កម្ចីសម្បទាន​១.២៧៥​លាន​ដុល្លារ​ជំនួយឥតសំណង​ប្រហែល​១.៨៣១​លាន​ដុល្លារ​និង​ជំនួយ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​ប្រហែល​៧៨៤​លាន​ដុល្លារ​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​ ទាក់ទង​នឹង​គម្រោង​ODA​ថ្មី​ជប៉ុន​បានចាប់ផ្តើម​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៥​និង​គម្រោង​កំពង់ផែ​កុង​តឺ​ន័រ​ថ្មី​នៃ​កំពង់ផែ​ក្រុងព្រះសីហនុ​ដើម្បី​លើ​កក​កម្ពស់​ការតភ្ជាប់​តំបន់​និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​។​

ក្រៅពីនេះ​បាននិងកំពុង​សាង​ប្រព័ន្ធ​ការពារ​ទឹកជំនន់​និង​លូបង្ហូរទឹក​និង​គម្រោង​ពង្រីក​ខ្សែ​បញ្ជូន​និង​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​គោលបំណង​ផ្តល់ជូន​នូវ​គុណភាព​ជីវិត​និង​បរិស្ថាន​ល្អប្រសើរ​ឡើង​សម្រាប់​អ្នករស់នៅ​តំបន់​ទីក្រុង​៕S/Ha

ចំណងជើង​រូបថត​៖​លោក​ហូ​រី​ណូ​អ៊ុ​ជិ​ហ៊ី​ដេ​ហ៊ី​សា​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពិធី​បើក​កម្មវិធី​ទស្សនកិច្ច​អ្នក​សារពត៌មាន​ស្តីពី​ជំនួយ​ODA ជប៉ុន ឆ្នាំ​២០១៩​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​(​រូបៈ​សុផល​)

#