រដ្ឋាភិបាល​ដាក់​ដែនសមុទ្រ​និង​កោះ​៧ មាន​ផ្ទៃ​សរុប​ជាង​៥​ម៉ឺន​ហិកតា ធ្វើជា​ឧទ្យាន​ជាតិ​

271

(​ភ្នំពេញ​) ៖ កោះ​ចំនួន​៧ រួមមាន កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​កូន កោះ​តូច កោះ​តា​ទៀម កោះ​ម្នាស់ ក្រៅ កោះ​ម្នាស់​ក្នុង និង សមុទ្រ​ជុំវិញ មាន​ផ្ទៃ​សរុប​ជាង​៥ ម៉ឺន​ហិកតា ត្រូវបាន​រដ្ឋាភិបាល​ស​ម្រេច​បង្កើតជា​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​។​នេះ​បើតាម​សេចក្ដីសម្រេច​​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះហត្ថលេខា​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ ០៨ កុម្ភៈ ឆ្នាំ​២០១៨​។​

​គោលបំណង​នៅក្នុង​ការបង្កើត​ឧទ្យាន​នេះ​ឡើង គឺ​ដើម្បី​ធានា​ការរក្សា​ថែ និង​ការពារ​សោភ័ណ​ធម្មជាតិ វប្បធម៌ ប្រព័ន្ធ​អេកូឡូស៊ី​ ​ជីវៈចម្រុះ​​លើ​កោះ​និង​បរិវេណ​សមុទ្រ​ជុំវិញ ផ្ដល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព រក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធានធម្មជាតិ រួមចំណែក​កាត់បន្ថយ​ការ​ប្រួល​ប្រែ​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ​, លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន​ក្នុងការ​រួមចំណែក​ដល់​ការគ្រប់គ្រង ការពារ​និង​ការអភិរក្ស​ជីវៈ​​ចម្រុះ ព្រមទាំង​ធនធានធម្មជាតិ​ក្នុង​តំបន់​ជាដើម​។ ផ្ទៃសមុទ្រ និង​កោះ​ទាំងនេះ ស្ថិតនៅក្នុង​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ និង​កោះកុង​។​

​ក្នុង​អនុក្រឹត្យ​ដដែល​កំណត់ថា ផ្ទៃដី​អនុក្រឹត្យ​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​នេះ មិន​បញ្ចូល​ដី​កម្មសិទ្ធិឯកជន និង​ដី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ឡើយ​។ ក្រសួងបរិស្ថាន មាន​សមត្ថកិច្ច​រៀបចំ​និង​គ្រប់គ្រង​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ដោយ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ដែនដី​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។​

​ក្រសួងបរិស្ថាន ត្រូវ​កំណត់​និង​បែងចែក​ដើម្បី​ការ​កាត់​ឆ្វៀល​ផ្ទៃដី​វិនិយោគ ដី​លំនៅដ្ឋាន ដីស្រែ​-​ចំការ និង​ដី​អាស្រ័យ​ផល​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ នៅលើ​កោះ​នានា​នៃ​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ដោយ​អនុលោម​តាមច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។​

​ក្នុង​អនុក្រឹត្យ​ដដែល​ក៏បាន​កំណត់ថា អនុក្រឹត្យ​លេខ ១៨៨ អនក្រ​.​បក ចុះ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ស្តីពី ការបង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង និង​បទ​ប្បញ្ញត្តិ​ទាំងឡាយណា ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និរាករណ៍​៕​ដោយ​៖​វិបុល​-​ម៉េង​ឆៃ​/sn