រដ្ឋាភិបាល​ថៃ​គ្រោង​ចែក​លុយ​៥០​ពាន់​លាន​បាត​ដល់​អ្នកក្រ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​និង​ទេសចរណ៍​

208
ចែករម្លែក

​រដ្ឋាភិបាល​ទី​២​របស់​លោក​ប្រា​យុទ្ធ ចាន​អូ​ចា មាន​ផែនការ​ចំណាយ​ប្រាក់​៥០.០០០​លាន​បាត​(១,៦២​ពាន់​លាន​ដុល្លារ​)​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​តាមរយៈ​ចែក​លុយ​ដល់​អ្នកក្រ​ដែលមាន​​ក្នុង​បញ្ជី​ម្នាក់ៗ​១.០០០​បាត និង​១.៥០០​បាត​ដល់​មាជិក​សាធារណ​ជន​ណា​ដែល​ធ្វើដំណើរ​ទៅលេង​បណ្តា​ខេត្ត​របស់​ថៃ​។​

​ប្រភព​ព័ត៌មាន​ពី​វិមាន​រដ្ឋាភិបាល​បាន​និយាយថា កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​អោយ​គណៈ​រដ្ឋមន្ត្រី​ពិនិត្យ​សំរេច នៅក្នុង​អង្គប្រជុំ​នៅ​សប្តាហ៍​នេះ​ឬ​សប្តាហ៍​​ក្រោយ​។​

​ប្រភព​ព័ត៌មាន​ដដែល​និយាយថា រដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រមាណ​២០​ពាន់​លាន​បាត​លើ​ការជំរុញ​សេដ្ឋកិច្ច តាមរយៈ​ចែក​ប្រាក់​១.០០០​បាត​ដល់​អ្នក​កាន់​កាត​សុខុមាលភាព​សង្គម​​របស់​រដ្ឋ ដើម្បី​អោយ​ពួកគេ​ចាយវាយ​។​មុននេះ រដ្ឋ​ក៏​បានអនុញ្ញាត​អោយ​ជន​មាន​ចំណូល​ទាប​ចុះឈ្មោះ​ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំ​ខែ​ដើម្បី​ចំណាយ​លើ​ការទិញ​របស់របរ​​និង​ការធ្វើដំណើរ​។​

​ការចំណាយ​ប្រាក់​២០​ពាន់​លាន​បាត​ទៀត មានបំណង​សម្រាល​ការលំបាក​និង​ធ្វើអោយ​សេដ្ឋកិច្ច​កំរិត​មហាជន​មាន​សកម្មភាព​រស់​រវើក​ឡើងវិញ​។​

​រដ្ឋ​ក៏​មាន​ផែនការ​ចំណាយ​១៥​ពាន់​លាន​បាត​សំរាប់​ជំរុញ​វិស័យ​ទេសចរណ៍ ដោយ​អនុញ្ញាត​អោយ​ពលរដ្ឋ​ថៃ​ម្នាក់ៗ ដែល​មាន​អាយុ​១៨​ឆ្នាំ​យ៉ាងតិច ទទួលបាន​ប្រាក់ឧបត្ថម្ភ​៥០០​បាត​​សំរាប់​ចំណាយ​លើ​ការធ្វើដំណើរ​ទៅ​ខេត្ត​ណាមួយ​។​អ្នកទេសចរ​ត្រូវ​ស្នាក់​នៅក្នុង​សណ្ឋាគារ​ឬ រមណីយដ្ឋាន​ណាមួយ​ដែល​ស្ថិត​នៅក្នុង​គំរោង ។​រដ្ឋ​ជឿថា វិធានការ​នេះ​នឹង​ជួយ​ជំរុញ​​ទេសចរណ៍​ក្នុងស្រុក​។​

​យុ​ត្ថា​សាក់ ស៊ីផា​សន ប្រធាន​អាជ្ញាធរ​ទេសចរ​ថៃ បាន​អះអាង​ថា រដ្ឋាភិបាល​មាន​បំណង​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​ដោយ​អនុញ្ញាត​អោយ​ពលរដ្ឋ​ថៃ ដែល​មាន​អាយុ​១៨​ឆ្នាំ​​ឡើង ទទួលបាន​ការឧបត្ថម្ភ​៥០០​បាត​ក្នុង​ម្នាក់ៗ​ពេល​ទៅ​លេង​ខេត្ត​ណាមួយ​។​ប្រជាជន​ថៃ​ប្រមាណ​១០​លាន​នាក់​នឹង​មាន​សិទ្ធិ​ទទួល​ការឧបត្ថម្ភ​នេះ​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​ប្រា​យុទ្ធ​ក្នុង​អាណត្តិ​ទី​១​ក៏មាន​ផែនការ​ផ្តល់​ប្រាក់​៥០០​បាត​ដល់​ពលរដ្ឋ​ថៃ​ម្នាក់ៗ តែ​វា​ត្រូវ​បាន​លុបចោល​វិញ​បន្ទាប់ពី​មាន​ការប្រឆាំង​ជំទាស់​ពី​អ្នកលេង​បណ្តាញ​សង្គម​។​

​ប្រភព​រដ្ឋាភិបាល​ដ​ដែលក៏​បាន​និយាយថា រដ្ឋ​ក៏​នឹង​ចំណាយ​១៥​ពាន់​លាន​បាត​ដើម្បី​ជួយ​កសិករ​និង​សហគ្រិន​ខ្នាតតូច​និង​មធ្យម រួម​មាន​កំចី​ការប្រាក់​អនុគ្រោះ​សំរាប់​សហគ្រាស​​ធុន​តូច​និង​មធ្យម​៕​ដោយ​៖​វាសនា​

​រដ្ឋ​ជឿថា កញ្ចប់​ជំរុញ​សេដ្ឋកិច្ច​នេះ​នឹង​ជួយ​អោយ​សេដ្ឋកិច្ច​រីក​បាន​ជាង​៣​ភាគរយ​នៅ​ឆ្នាំនេះ​