រដ្ឋាភិបាល​ថៃ​បញ្ចេញ​ប្រាក់​៥៦៧​លាន​ដុល្លារ​ជួយ​កសិករ​ដាំ​កៅស៊ូ ខណៈ​ថ្លៃ​កៅស៊ូ​ធ្លាក់​

2507
ចែករម្លែក
  • 34
    Shares

រាជរដ្ឋាភិបាលថៃកាលពីថ្ងៃអង្គារទី២០វិច្ឆិកាម្សិលមិញ បានអនុម័តថវិកាឧបត្ថម្ភថ្មីមួយនិងវិធានការផ្សេងៗដើម្បីជួយកសិករដាំនិងជៀរជ័រកៅស៊ូ ខណៈពួកគេកំពុងតស៊ូយ៉ាងត្រដាបត្រដួសជាមួយនឹងការធ្លាក់ថ្លៃជ័រនិងគំរាមធ្វើការតវ៉ាទាមទារ។

ប្រទេសផលិតជ័រកៅស៊ូធំបំផុតក្នុងលោកនេះ បានរងគ្រោះពីការធ្លាក់ថ្លៃជ័រ៤០ភាគរយក្នុងរយៈពេល២ឆ្នាំមកនេះ បូកបន្ថែមនឹងជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិកដែលធ្វើអោយសេចក្តីត្រូវការជ័រកៅស៊ូពីចិនធ្លាក់ចុះ។

រាជរដ្ឋាភិបាលថៃបានអនុម័តកញ្ចប់វិធានការ តំលៃ១៨,៦ពាន់លានបាត(៥៦៧លានដុល្លារ)នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ តែវាបានបង្កការរិះគន់មកពីសមាគមកសិករដាំកៅស៊ូ ដែលបាននិយាយថា វិធានការនេះអាចជួយបានតែកសិករម្នាក់ក្នុងចំណោមកសិករ១០នាក់។

វិធានការនេះនឹងចូលជាធរមាននៅខែមករាឆ្នាំក្រោយ ដោយដីដាំកៅស៊ូមួយរ៉ៃ(០,១៦ហិចតា)នឹងទទួលបានប្រាក់ឧបត្ថម្ភ១.១០០បាត(៣៣ដុល្លារ) ខណៈអ្នកជៀរជ័រដែលធ្វើការក្នុងដីកៅស៊ូចុះបញ្ជី តែមិនជាម្ចាស់ដី នឹងទទួលបានប្រាក់៧០០បាត(២១ដុល្លា)ក្នុងម្នាក់ៗ។

លុក វ៉ាចាណាណាវ៉ាត អនុរដ្ឋមន្រ្តីកសិកម្មនិងសហករណ៍ថៃ បាននិយាយថា« យើងប៉ាន់ស្មានថា វិធានការនេះផ្តល់ប្រយោជន៍ដល់កសិករដាំកៅស៊ូប្រមាណ១លាននាក់និងអ្នកជៀរជ័រ៣០ម៉ឺននាក់»។

តាមពិតកសិករថៃបានទទួលការឧបត្ថម្ភខ្លះរួចមកហើយពីរដ្ឋាភិបាល។កាលពីឆ្នាំមុន ថៃផលិតជ័រ៤,៥លានតោនលើផ្ទៃដី២០,៣២លានរ៉ៃនិងបាននាំចេញ៨៥ភាគរយតែថ្លៃជ័រលើពិភពលោកបច្ចុប្បន្នមិនអាចទប់នឹងថ្លៃដើមផលិតបានទេ។

ពួកកសិករបានគំរាមនាំគ្នាឡើងមកក្រុងបាងកកធ្វើការតវ៉ា និងថាវិធានការរបស់រដ្ឋពេលនេះមិនបានជួយដល់កសិករដែលមិនបានចុះក្នុងបញ្ជីរដ្ឋគឺជួយបានតែម្នាក់ក្នុងចំណោមកសិករ១០នាក់។ពួកគេចង់អោយរដ្ឋទិញយកផលិតផលជ័រពីកសិករក្នុងតំលៃលើសទីផ្សារ។

ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចានអូចា បានអំពាវនាវកុំអោយកសិករតវ៉ាទាមទារដោយលោកសន្យាជួយពួកគេ។លោកប្រាយុទ្ធកាលពីថ្ងៃអង្គារសុំអោយកសិករចេះកែសម្រួលទៅតាមសេដ្ឋកិច្ចពិភពលោកនិងថារដ្ឋាភិបាលនឹងជំរុញផែនការកាត់បន្ថយតំបន់ដាំកៅស៊ូហើយបង្កើនការកែច្នៃជ័រកៅស៊ូសំរាប់ការប្រើប្រាស់ក្នុងស្រុកដើម្បីជួយបន្ថយការពឹងលើថ្លៃនៅផ្សារក្រៅស្រុក។

សូមរំលឹកថា នៅឆ្នាំ២០១៣ កសិករដាំនិងជៀរជ័ររាប់ពាន់នាក់នាំគ្នាធ្វើការតវ៉ានៅទូទាំងប្រទេស ដោយបិទផ្លូវនិងអាកាសយានដ្ឋានតំបន់មួយនៅភាគខាងត្បូង៕ដោយ៖វាសនា

កសិករចូលរួមការតវ៉ាប្រឆាំងនឹងការធ្លាក់ថ្លៃជ័រកៅស៊ូនៅខេត្តនគរ ស៊ី ថាម៉ារ៉ាត កាលពីថ្ងៃ១៤វិច្ឆិកា