រដ្ឋាភិបាល​ថៃ សម្រួល​ឱ្យមាន​យន្តការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​ខ្មែរ ៣​ដំណាក់កាល ​

1079
ចែករម្លែក

(​ភ្នំពេញ​) ៖ រាជរដ្ឋាភិបាល​ថៃ ពេលនេះ​បានសម្រេច​សម្រួល​ឱ្យមាន​យន្តការ ផ្តល់​ភាពស្របច្បាប់ ដល់​ពលករ​កម្ពុជា​ហើយដោយ​ចែកចេញ​​ជា​៣​ដំណាក់កាល​។
​ ​
​យោងតាម​សេចក្តីប្រកាស​របស់ គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែកក្កដា នេះ​បានឱ្យដឹងថា​ដំណាក់​​កាល និង​នីតិវិធី នៃ​យន្ត​ការផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​នេះ មាន​៣​ដំណាក់កាល ដូចខាងក្រោម​៖

១.​ចាប់ពី​ថ្ងៃទី​២៤ ខែកក្កដា ដល់ ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៧ គឺជា​ដំណាក់កាល សម្រាប់​និយោជក​ថៃ ទៅ​ចុះឈ្មោះ​ពលករ​កម្ពុជា​មិន​​ស្របច្បាប់ ដែល​កំពុងធ្វើការ​នៅក្នុង​រោងចក្រ​សហគ្រាស​របស់ខ្លួន ជាមួយ​មន្ត្រី​ក្រសួង​ការងារ​ថៃ​នៅ​ការិយាល័យ​ស្រង់​ទិន្នន័យ​ពលករ​​បរទេស ទាំង​៩៧​ការិយាល័យ​។​

២.​ចាប់ពី​ថ្ងៃទី​០៨ ខែសីហា ដល់​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៧ គឺជា​ដំណាក់កាល​សម្រាប់​ពលក​រ​កម្ពុជា ទៅ​បង្ហាញខ្លួន​នៅ​ការិយាល័យ ទាំង​៩៧​កន្លែង​នោះ​។​

៣.​ចាប់ពី​ថ្ងៃទី​០៩ ខែកញ្ញា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ គឺជា​ដំណាក់​កាលដែល​ពលករ​ខ្មែរ ត្រូវធ្វើ​ការបញ្ជាក់​អត្ត​សញ្ញា ស្នើសុំ​ប័ណ្ណ Stay Permit និង Work Permit ពី​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់ មន្ត្រី​អន្តោរ​ប្រវេ​ស​ថៃ និង​មន្ត្រី​ក្រសួង​ការងារ​ថៃ​។ ​ក្នុងដំណាក់កាល​នេះ ពលករ​មិនត្រូវ​ផ្លាស់ប្តូរ​និយោជក ឬ​ទីកន្លែង​ធ្វើការ​ឬ​ឈប់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​និយោជក​និង​ក្រសួង​ការងារ​ថៃ​ឡើយ​។​
​ ​
​ជាមួយគ្នានេះ គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា ក៏បាន​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ទាំងអស់​រួសរាន់​ពន្យល់​ថៅ​​កែ​របស់ខ្លួន​ឱ្យទៅ​ចុះឈ្មោះ នៅ​ការិយាល័យ​ស្រង់​ទិន្នន័យ​ពលករ​បរទេស ទៅតាម​ដំណាក់កាល និង​នីតិវិធី​ខាងលើ​ដើម្បី​ប្រែខ្លួន​ពី​ពលករ​​មិនទាន់​ស្របច្បាប់ ទៅជា​ពលករ​ស្របច្បាប់ និង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ទៀត​៕ដោយ៖វិបុល