រដ្ឋាភិបាល​និង​វិស័យ​ឯកជន​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​

280
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុង​គោលបំណង​ជំរុញឱ្យមាន​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​កាន់តែខ្លាំង​ក្នុង​វិស័យ​សុខាភិបាល​នោះ​ក្រសួងសុខាភិបាល​,​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​សហការ​រៀបចំ​វេទិកា​បច្ចេកវិទ្យា​សុខាភិបាល​កម្ពុជា​លើក​ទី​១​ក្រោម​ប្រធានបទ​“​ការផ្លាស់ប្តូរ​បែប​ឌីជីថល​ក្នុង​វិស័យ​សុខាភិបាល​”​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា​។

​អ្នកជំនាញ​ឌីជីថល​និង​បច្ចេកវិទ្យា​មកពី​កម្ពុជា​និង​វៀតណាម​ប្រមាណ​៣០០​នាក់​បាន​ចូលរួម​ចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​ថ្មីៗ​ដើម្បី​លើកកម្ពស់​គំនិត​នវានុវត្តន៍​និង​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​នៅក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។​ជាពិសេស​ប្រមូល​ធាតុ​ចូល​សំខាន់ៗ​សម្រាប់​រៀបចំ​ផែនការ​ឌីជីថល​សុខាភិបាល​នាពេល​អនាគត​។​

​លោក​សេង​សុភាព​ប្រធាន​វិទ្យាស្ថាន​ជាតិ​NIPTICT​បាន​មានប្រសាសន៍ថា​វេទិកា​បច្ចេកវិទ្យា​សុខាភិបាល​កម្ពុជា​នេះ​ជា​គំនិត​ផ្តួចផ្តើម​សហការគ្នា​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​NIPTICT​និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ដោយមាន​ការគាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ក្រសួងសុខាភិបាល​ក្រុមហ៊ុន​Metfone​និង​មូលនិធិ​នៃ​ការកសាង​សមត្ថភាព​កា​ស្រាវជ្រាវ​និង​ការអភិវឌ្ឍន៍​ក្នុង​វិស័យ​ទូរគមនាគមន៍​និង​ICT ហៅ​កាត់​ថា​CBRD Fund ។​

​វេទិកា​នេះ​ជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត​ដែល​ស្ថិតក្នុង​ក្របខណ្ឌ​នៃ​កម្មវិធី​DigitalCambodia​ឆ្នាំ​២០១៩​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។​នេះ​ជា​លើកទីមួយ​ហើយ​នៅ​កម្ពុជា​ដែល​បានរៀបចំ​វេទិកា​ថ្នាក់ជាតិ​ស្តីពី​បច្ចេកវិទ្យា​សុខាភិបាល​នេះ​ឡើង​ដោយ​ផ្តោតលើ​ប្រធានបទ​“​បំ​លែង​បែប​ឌីជីថល​ក្នុង​វិស័យ​សុខាភិបាល​”​ដើម្បី​ពិភាក្សា​អំពី​កាលានុវត្តភាព​និង​បញ្ហា​ប្រឈម​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុងការ​លើកកម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។​

​លោក​បាន​គូសបញ្ជាក់ថា​៖​បទ​បង្ហាញ​និង​កិច្ចពិភាក្សា​ដែល​ធ្វើឡើង​ដោយ​វាគ្មិន​និង​អ្នកជំនាញ​ជាតិ​និង​អន្តរជាតិ​ដែលមាន​បទពិសោធន៍​បាន​ផ្តោតលើ​ប្រធានបទ​ចំនួន​បី​គឺ​៖១,​កាលានុវត្តភាព​និង​បញ្ហា​ប្រឈម​នៃ​បំ​លែង​បែប​ឌីជីថល​ក្នុង​វិស័យ​សុខាភិបាល​,២​កំណត់ត្រា​សុខភាព​អេឡិចត្រូនិក​ជាតិ​និង​៣​ដំណើរ​ឆ្ពោះទៅរក​មន្ទីរពេទ្យ​និង​មន្ទីរពិសោធន៍​ឆ្លាត​វៃ​។​

​លោក​ហ្វុ​ង​វ៉ាន់​គឿង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បានលើកឡើង​ពី​តួនាទី​និង​បេសកកម្ម​របស់​មិត្ត​ហ្វូ​ន​ក្នុង​យុគសម័យ​ផ្លាស់ប្តូរ​បែប​ឌីជីថល​ជាពិសេស​លោក​បាន​សង្កត់​ធ្ងន់​ថា​៖​មិត្ត​ហ្វូ​ន​គឺជា​ប្រតិបត្តិ​ករ​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​បំពេញ​តាម​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​អាយ​អូ​ធី​(IOT)​និង​ការផ្លាស់ប្តូរ​បែប​ឌីជីថល​។

​លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​“​ជាមួយនឹង​បេសកកម្ម​របស់​យើង​ក្នុង​ការកសាង​សង្គម​ឌីជីថល​នៅ​ប្រ​ទេ ស កម្ពុជា ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ចង់​ចូលរួម​ដោះស្រាយ​បញ្ហា​កង្វះខាត​របស់​មន្ទីរពេទ្យ គ្រូពេទ្យ កំហុស​ដែល​មិនបាន​រំពឹងទុក​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​សុខភាព​ដោយ​ប្រើ​បច្ចេកទេស​ជឿនលឿន​ក្នុង​វិស័យ​សុខាភិបាល​។​

ក្នុង​រយៈពេល​ដ៏​ខ្លី​នេះ​យើង​ក៏មាន​គោលបំណង​ផ្តល់ជូន​ផ្តាច់មុខ​នូវ​គម្រោង​រដ្ឋាភិបាល​បែប​អេ​ឡិច​ត្រូ​និ​ច សេវាកម្ម​ប៊ី​ធូ​ប៊ី​(B2B) និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើឱ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភា​ព​រីកចម្រើន​ថែម​មួយកម្រិត​ទៀត​”​។​

​លោក​វេជ្ជបណ្ឌិត ហ្វា​ម ម៉ិ​ញ​ថុង ជា​វាគ្មិន​មួយរូប​នៅក្នុង​កម្មវិធី​នេះ​និង​ជា​នាយករង​មន្ទីរពេទ្យ Bach Mai​ដែលជា​មន្ទីរពេទ្យ​ធំជាងគេ​នៅ​ប្រទេស​វៀតណាម​បាន​មានប្រសាសន៍ថា​“​គន្លឹះ​ចម្បង​ក្នុង​ការកសាង​មន្ទីរពេទ្យ​អាយ​ស៊ី​ធី​(ICT)​ដ៏​ទំនើប​រួមមាន​ប្រព័ន្ធ​ព័ត៌មាន​មន្ទីរពេទ្យ​ប្រព័ន្ធ​ព័ត៌មាន​មន្ទីរពិសោធន៍​និង​ប្រព័ន្ធ​ធ្វើ​រោគវិនិច្ឆ័យ​រូបភាព​គឺ​យើង​អាច​ភ្ជាប់​មន្ទីរពេទ្យ​ទាំងអស់​ជាមួយគ្នា​នឹងធ្វើ​រោគវិនិច្ឆ័យ​សំរាប់​អ្នកជំងឺ​ពី​ចម្ងាយ​។​

​ប៉ុន្តែ​វា​តម្រូវឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដែល​តឹងរឹង​ពេញលេញ​ផងដែរ​”​។​លោក​អៀង​ស៊ុន​លី​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានលើកឡើង​ថា​៖“​បច្ចេកវិទ្យា​ឌីជីថល​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​រួមទាំង​វិស័យ​សុខាភិបាល​ផងដែរ​ដែល​ការប្រើប្រាស់​បច្ចេកវិទ្យា​សុខាភិបាល​(HealthTech)​បាន​ជួយ​ដល់​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​។

សុខភាព​ក្នុងការ​ផ្តល់នូវ​សេវាកម្ម​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​បាន​ប្រសើរ​ជាង​មុន​,​ការពិគ្រោះ​ព្យាបាល​អ្នក​ជម្ងឺ​កាន់តែ​ប្រសើរឡើង​,​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​និង​លំហូរ​ការងារ​,​ការកាត់បន្ថយ​នូវ​ចំណាយ​ប្រតិបត្តិការ​សុខាភិបាល​,​ការជំរុញឱ្យ​មាននូវ​,​ការផ្ទុក​ទិន្នន័យ​ប្រកបដោយ​សុវត្ថិភាព​និង​ភាពងាយស្រួល​ក្នុងការ​តាមដាន​ឯកសារ​, ការប្រយុទ្ធ​ប្រឆាំងនឹង​ឱសថ​ក្លែងក្លាយ​, ការបង្កើន​គុណភាព​សេវាសាធារណៈ ព្រមទាំង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​សុខាភិបាល​។​

​លោក​បាន​ន្ត​ថា​៖​ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ឬ​អ្នក​ជម្ងឺ​អាច​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុងការ​គ្រប់គ្រង និង​តាមដាន​លើ​ព័ត៌មាន​សុខភាព និង​សុខុមាលភាព​, គ្រូពេទ្យ​ជំនាញ​ក៏​អាច​ចែករំលែក​នូវ​ព័ត៌មាន​, វិធីសាស្ត្រ​ថ្មីៗ ក្នុងការ​ព្យាបាល​, ការផ្តល់​រោគវិនិច្ឆ័យ និង​ប្រភេទ​ថ្នាំ​ដែល​បានទទួល និង​ត្រូវ​ប្រើប្រាស់​, ព្រមទាំង​ប្រវត្តិ​នៃ​ការព្យាបាល​អ្នក​ជម្ងឺ​ផងដែរ​ក្នុងចំណោម​គ្រូពេទ្យ​ជំនាញ​រវាង​មន្ទីរពេទ្យ​និង​មន្ទីរពេទ្យ​ក្នុងស្រុក​និង​ក្រៅប្រទេស​។​

​ជាមួយគ្នានេះ​,​បច្ចេកវិទ្យា​ថែទាំ​សុខភាព​នឹង​ជួយផ្តល់​នូវ​ព័ត៌មាន​សុខភាព​សំខាន់ៗ​ដែល​វា​មិន​ត្រឹមតែ​ជួយ​ដល់​ការសម្រេចចិត្ត​របស់​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​ថែមទាំង​អាចជួយ​លើកកម្ពស់​នូវ​ការជឿទុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​សេវា​ថែទាំ​សុខភាព​នៅ​កម្ពុជា​”​។

​ការប្រើប្រាស់​ដំណោះស្រាយ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ក៏​នឹង​នាំមក​នូវ​ការកាត់បន្ថយ​តម្លៃ​ដើម​ចំណាយ​ប្រតិបត្តិការ​នៃ​ការពិនិត្យ​ព្យាបាល​របស់​មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​ក៏ដូចជា​កាត់បន្ថយ​ចំណាយ​ព្យាបាល​របស់​អ្នកទទួល​សេវា​សុខាភិបាល​និង​ក៏ដូចជា​ការរួមចំណែក​ក្នុងការ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទូរគមនាគមន៍​ដែល​ក្នុងនោះ​ក៏មាន​ចំណែក​នៃ​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និក​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​លោក​ត្រាំ​អ៊ីវតឹក​រដ្ឋមន្ត្រីក្រសួង​ប្រៃសនីយ៍​និង​ទូរគមនាគមន៍​បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​នេះ​ការវិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល​បាន​មាន​ឥទ្ធិពល​យ៉ាង​ធំធេង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​ដោយ​វា​កំពុងតែ​បំ​លែង​របៀបរបប​នៃ​ការរស់នៅ​ការទំនាក់ទំនង​របៀប​របប​ធ្វើការ ការធ្វើ​អាជីវកម្ម និង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​។​

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖​ជា​និន្នាការ​ពិភពលោក​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​បែប​ប្រពៃណី​កំពុងតែ​ត្រូវបាន​បំ​លែង​ទៅជា​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​បច្ចេកវិទ្យា ឌីជីថល​ក្នុង​ការជួយ​ជំរុញ​កំណើន​ប្រសិទ្ធភាព ការប្រកួតប្រជែង​និង​ផលិតភាព​សេដ្ឋកិច្ច​។​បច្ចេកវិទ្យា​ឌីជីថល រួមមាន​៖​ទូរស័ព្ទ​វៃឆ្លាត​,​បញ្ញា​សិប្បនិម្មិត​, បច្ចេកវិទ្យា​ក្លោដ​Cloud,​បច្ចេកវិទ្យា​មនុស្ស​យន្ត​,​បច្ចេកវិទ្យា​(blockchain)​និង​IOT​បាន​កំពុងផ្តល់​លទ្ធភាព​ខ្ពស់​ក្នុងការ​បង្កើន​ការតភ្ជាប់​បង្កើតឡើង​នូវ​ធុរកិច្ច​ថ្មីៗ​ជាមួយនឹង​គំនិត​ច្នៃប្រឌិត​ខ្ពស់​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម កាត់បន្ថយ​របាំង​ចូល​ទីផ្សារ​បង្កើត​ឱកាស​សម្រាប់ សកម្មភាព​សហគ្រិនភាព និង​នវានុវត្តន៍ នៅក្នុង​ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់​។​

​លោក​ត្រាំ​អ៊ីវតឹក​បាន​គូសបញ្ជាក់ថា​“​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​,​បច្ចេកវិទ្យា​ទី​ជី​ថ​លអាច​ផ្តល់នូវ​កាលានុវត្តភាព​ក្នុងការ​លោត​ផ្លោះ​ដំណាក់កាល​ធម្មតា​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ជាច្រើន​ជាពិសេស​ក្នុង​វិស័យ​សុខាភិបាល​ដែល​យើង​ជឿជាក់ថា​ការ​បំ​លែង​បែប​ឌីជីថល​ក្នុង​វិស័យ​សុខាភិបាល​នឹង​អាច​ផ្តល់នូវ​កាលា នុ​វត្ត​ភាព​ដើម្បី​ឆ្ពោះទៅរក​ការលើកកម្ពស់​គុណភាព​សុខាភិបាល​នៅ​កម្ពុជា​”​។​

​ជាមួយគ្នានេះដែរ​លោក​សាស្ត្រាចារ្យ​វេ​ង​ថៃ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែងថា​៖​បច្ចេកវិទ្យា​សុខាភិបាល​នឹង​ជួយ​ដល់​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​និង​សុខភាព​ក្នុងការ​ផ្តល់នូវ​សេវាកម្ម​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​បាន​ប្រសើរ​ជាង​មុន​មាន​ប្រសិទ្ធភាព​ជាង​មុន​ថែមទាំង​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​យើង​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងការ​គ្រប់គ្រង​និង​តាមដាន​លើ​ព័ត៌មាន​សុខភាព​ក៏ដូចជា​ការយល់ដឹង​អំពី​ស្ថានភាព​សុខភាព​ផ្ទាល់ខ្លួន​របស់​ពួកគាត់​បាន​ប្រសើរ​ជាង​មុន​ផងដែរ​។​

លោក​រដ្ឋលេខាធិការ​បា​ន​បន្ថែមថា​៖​ក្រសួងសុខាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល​នៅក្នុង​វិស័យ​សុខាភិបាល​ឱ្យបាន​កាន់តែខ្លាំង​។​តាមរយៈ​វេទិកា​បច្ចេកវិទ្យា​សុខាភិបាល​នេះ នឹង​ទទួលបាន​ធាតុ​ចូល​សំខាន់ៗ​សម្រាប់​រៀបចំ​ផែនការ​ឌីជីថល​សុខាភិបាល​នាពេល​អនាគត​៕S/

​ចំណងជើង​រូបថត​៖​ក្រសួងសុខាភិបាល​, ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង ក្រុមហ៊ុន​មិត្ត​ហ្វូ​ន សហការ​រៀបចំ​វេទិកា​បច្ចេកវិទ្យា​សុខាភិបាល​កម្ពុជា​លើក​ទី​១ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភ្នំពេញ (​រូប​៖​សុផល​)​