រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ខាង​រាយការណ៍​បញ្ហា​សិទ្ធិមនុស្ស​ទៅ​អង្គការសហប្រជាជាតិ​ដោយផ្ទាល់​

216

(​ភ្នំពេញ​) ៖ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ​ឡើង នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​រាយការណ៍ អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ទៅកាន់​អង្គការសហប្រជាជាតិ​ដោយផ្ទាល់​។
​ ​
​ក្រុមការងារ​នេះ​មាន​សា​មាស​ភាព​សរុប​ចំនួន​៨០​នាក់មក​ក​ពី​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​នានា ដឹកនាំ​ដោយ​លោក កែវ រ៉េមី​ប្រធាន​​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​សមាសភាព​ដឹកនាំ​សំខាន់​ផ្សេងៗ​ទៀត​ដូចជា ៖ លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួង​​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​អនុប្រធាន​, លោក ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន​, លោក អ៊ិត រ៉ា​ឌី អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ជា​អនុប្រធាន​អចិន្ត្រៃយ៍​, លោក តិច ច័ន្ទ​តារា អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិ​​មនុស្ស​កម្ពុជា ជា​អនុប្រធាន​, លោក ជេ​ត ជាលី អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ជា​អនុប្រធាន​, លោក កត្តា អ៊​ន សមាជិក​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ជា​អនុប្រធាន​។​
​ ​
​តាមរយៈ​សេចក្ដីសម្រេច​ចុះហត្ថលេខា​ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ក្រុមការងារ​​អន្តរក្រសួង​ដឹកនាំ​ការងារ​សរសេរ​របាយ​ការណ៍ ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជូន​អង្គការសហប្រជាជាតិ ដោយផ្ទាល់​តែម្ដង​។​
​ ​
​ក្រុមការងារ​នេះ មាន​តួនាទី​ធ្វើ​សេចក្ដីព្រាង​របាយការណ៍​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដូចជា​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ សិទ្ធិ​លុបបំបាត់​នូវ​រាល់​ទម្រង់​នៃ​ការរើសអើង​ពូជសាសន៍​។ របាយការណ៍​ទាំងនោះ នឹងត្រូវ​ដាក់​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ មុន​បញ្ជូនទៅ​អង្គការសហប្រជាជាតិ​។ បន្ថែម​ពីលើ​នេះ ក្រុមការងារ​អន្តរក្រសួង ដែល​ទើប​បង្កើត​នេះ ក៏ត្រូវ​ពិនិត្យឡើងវិញ​នូវ​រាល់​របាយការណ៍ ដែល​អង្គការសហប្រជាជាតិ​ស្នើ​ស្នើសុំ និង​ត្រូវ​លើក​យោបល់​ជូន​ដល់​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​សេចក្ដីព្រាង​របាយការណ៍​នានា របស់​អង្គការសហប្រជាជាតិ​ផងដែរ​។​
​ ​
​បើតាម​សេចក្ដីសម្រេច ក្រុមការងារ​អន្តរក្រសួង​នេះ នឹង​ទទួល​ការផ្គត់ផ្គង់​ថវិការ​ដោយ គណៈកម្មាធិការ​សិទ្ធមនុស្ស​កម្ពុជា​៕​ដោយ​៖​វិបុល​/sn