រដ្ឋាភិបាល​ប្រាប់​ឱ្យ​ត្រៀម​ទប់ទល់​ជំនន់​ថ្មី​ខណ​:​ខេត្តកំពង់ចាម​ទឹក​ឡើង​លើស​កម្រិត​ជាង​កន្លះ​ម៉ែត្រ​

186
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ទឹកជំនន់​ទន្លេមេគង្គ​នៅ​ខេត្តកំពង់ចាម​បាន​ហក់​ឡើង​លើស​កម្រិត​ឱ្យ​ប្រុងប្រយ័ត្ន​ចំនួន​កន្លះ​ម៉ែត្រ​គឺ​រាជរដ្ឋាភិបាល​បានចាត់ទុក​ទឹកជំនន់​ឆ្នាំ​២០១៩​នេះ​ជា​ទឹកជំនន់​ធំ​និង​ត្រូវ​បន្ត​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ចាត់វិធានការ​ចាំបាច់​នានា​ត្រៀម​ទប់ទល់​នឹង​គ្រោះទឹកជំនន់​ដែល​នឹង​អាច​កើតឡើង​ជាថ្មី​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។​

​លោក​អ៊ុម​វិបុល​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ចាម​បានដឹងថា​នៅ​ព្រឹក​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ទឹកទន្លេ​មេគង្គ​ហាក់​បាន​ថប​ថយ​ល្បឿន​ហក់​ឡើង​ខ្ពស់ជាង​ថ្ងៃទី​១០​កញ្ញា​០,០២ ម៉ែត្រ​(​ពីរ​ផឹង​)​គឺ​ទឹក​មាន​កម្ពស់​១៥,៧៥​ម៉ែត្រ​។​លោក​ប្រធាន​មន្ទីរ​បានលើកឡើង​ថាក​ម្ព​ស់​ទឹក​ខាងលើនេះ គឺ​ឡើង​លើស​កម្រិត​ឱ្យ​ប្រុងប្រយ័ត្ន ០,៥៥​ម៉ែត្រ និង​បាន​ហក់​ឡើង​លើស​ទឹកជំនន់​ឆ្នាំ​២០១៨ ០,១៨​ម៉ែត្រ នៃ​កម្ពស់ ១៥,៥៧ ម៉ែត្រ​។

​ប៉ុន្តែ​យើង​ពិបាក​សន្និដ្ឋាន​ជុំវិញ​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម​ដែល​បាន​ហក់​ឡើងដល់​កម្ពស់ ១៥,៧៥​ម៉ែត្រ គឺ​នៅ​រសៀល​ថ្ងៃទី​១០​កញ្ញា​ទឹក​នៅ​ទ្រឹង​ដដែល​។​តែ​នៅពេល​មួយ​យប់​ដល់​ម៉ោង ៦ ព្រឹក​ថ្ងៃទី​១១​កញ្ញា​ទឹក​ឡើង​កម្ពស់​០,០២​ម៉ែត្រ​ហើយ​មកដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១១​កញ្ញា​ដដែល​នេះ គឺ​ទឹក​នៅ​នឹងថ្កល់​ដដែល​ម្តងទៀត​។​
ទន្ទឹមគ្នានេះ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩​បានចេញ​សារាចរ​ណែនាំ​បន្ថែម​បន្ត​ចាត់វិធានការ​ត្រៀម​ទប់​ទល់នឹង​គ្រោះទឹកជំនន់​គឺ​យោង​លើ​ស្ថានភាព​កម្ពស់​ទឹកទន្លេ​ពេលបច្ចុប្បន្ន​។​ស្ថានភាព​អាកាសធាតុ​ការព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បង្ហាញថា ចាប់ពី​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​២០១៩ តទៅ​នឹងមាន​ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ) ថ្មី​មួយ​កើតឡើង​ចន្លោះ​ខេត្តស្ទឹងត្រែង​។ ប្រព័ន្ធ​សម្ពាធ​ទាប​នេះ​នឹង​រំកិល​ខ្លួន​ចុះមក​ក្រោម​។​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​ជំ​រុញឱ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើងជា​ថ្មី​ដែល​ធ្វើ​ឲ្យ​ទឹកជំនន់​ឆ្នាំ​២០១៩​នេះ​«​ចាត់ទុក​ចំណាត់ថ្នាក់​ជា​ជំនន់​ធំ​»​។​

​យោង​លើ​ការព្យាករណ៍​នេះ​សូម​ធ្វើ​ការណែនាំ​ដល់​ក្រសួង​ស្ថ​ប័ន​ពាក់ព័ន្ធ​នានា​និង​អាជ្ញាធរ​ដែនដី​ទាំងអស់​ត្រូវ​បន្ត​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​និង​ចាត់វិធានការ​ចាំបាច់​នានា​ត្រៀម​ទប់ទល់​នឹង​គ្រោះទឹកជំនន់​។​ដែល​អាច​នឹង​កើតមានឡើង​ជាថ្មី​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​គឺ​ដើម្បី​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ការលំបាក និង​ការប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ អាយុជីវិត​របស់​ប្រជាពលរដ្ឋ​៕S/

#