រដ្ឋាភិបាល​វេ​ណេ​ស៊ុយអេ​ឡា ទប់ស្កាត់​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​

394
ចែករម្លែក

​រដ្ឋមន្ត្រី​ការពារ​ជាតិ​វេ​ណេ​ស៊ុយអេ​ឡា លោក​វ្ល៉ា​ឌី​មៀ ប៉ា​ឌ្រី​ណូ ឡូប៉េស បាន​និយាយថា កងកម្លាំង​សន្តិសុខ​បាន​ទទួល​ជោគជ័យ​នៅក្នុង​ការបង្ក្រាប​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​​កាលពី​ថ្ងៃ​អង្គារ​ទី​៣០​មេសា​។​

​លោក​បាន​និយាយថា ការងារ​ចារកម្ម​អាច​អោយ​យោធា​តាមដាន​ទាហាន​បះបោរ​នៅពេល​ពួកគេ​បាន​ចូល​ទីលាន​Altamira​ក្នុង​បំណង​ចូល​កាន់កាប់​មូលដ្ឋាន​យោធា​La Carlota ​ក្នុង​រដ្ឋធានី​កា​រ៉ា​កាស ។​ទំហំ​នៃ​ការបះបោរ​នេះ​«​តូច​ណាស់​»​និង​«​មិន​សំខាន់​»​។​

​អម​ដោយ​សមាជិក​នាយ​ទាហាន​ជាន់ខ្ពស់​ក្នុង​កងពល​កា​រ៉ា​កាស លោកប៉ា​ឌ្រី​ណូ បាន​និយាយថា​ប្រមាណ​៨០​ភាគរយ​នៃ​ទាហាន​បះបោរ​នេះ​ត្រូវ​បានគរ​បោក​បញ្ឆោត​និង​ភាគច្រើន​​បាន​វិល​ទៅកាន់​អង្គភាព​វិញ​ហើយ​។​

​លោក​ថា រដ្ឋប្រហារ​នេះ​ត្រូវបាន​បញ្ជា​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​បំណង​បង្ក​ការ​បង្ហូរឈាម​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​កា​រ៉ា​កាស​។​

​សូម​រំលឹក​ថា មេដឹកនាំ​ប្រឆាំង​លោក​ហ្ស័ន ក្វាយ​ដូ ដែល​បាន​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា បានប្រកាសថា រដ្ឋប្រហារ​មួយ​បាន​កំពុង​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​អង្គារ​​ដោយ​បង្ហាញ​រូបលោក អម​ដោយ​ទាហាន​មួយក្រុម​ដែល​ងាក​មក​ប្រឆាំង​រដ្ឋាភិបាល នៅ​ជិត​មូលដ្ឋាន La Carlota ។​

​ជុំវិញ​ភាពវឹកវរ​ចុងក្រោយ​នេះ ប្រធានាធិបតី នី​កូឡាស ម៉ា​ឌូ​រ៉ូ បាន​បង្ហាញ​ខ្លួន​ក្នុង​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃ​ពុធ ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ និង​ប្រធាន​សភាធម្មនុញ្ញ​។​លោក​​បាន​ផ្ញើ​សារ​មួយ​ទៅកាន់​ប្រជាជន​វេ​ណេ​ស៊ុយអេ​ឡា​និង​ពិភពលោក និង​បាន​តែងតាំង​រដ្ឋអាជ្ញា​អោយ​ស៊ើបអង្កេត​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នៅក្នុង​ប្រទេស​លោក​កាល​ពី​មួយថ្ងៃ​​មុន​។​លោក​ថា មនុស្ស​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​សួរចម្លើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។​

​លោក​ប្រធានាធិបតី​បាន​និយាយថា រដ្ឋប្រហារ​នេះ​ដឹកនាំ​ធ្វើ​ដោយ​មេដឹកនាំ​ប្រឆាំង ឡេ​អូ​ប៉ុល​ដូ ឡូប៉េស ដែល​កាលពី​ថ្ងៃ​អង្គារ​បាន​រត់​ចូល​ស្ថានទូត​ឈី​លី​ក្នុង​ទីក្រុង​កា​រ៉ា​កាស​​និង​បន្ទាប់មក​ចូល​ស្ថានទូត​អេ​ស្ប៉ា​ញ​៕​ដោយ​៖​វាសនា​

ម៉ា​ឌូ​រ៉ូ បង្ហាញខ្លួន​ជា​មួយ រដ្ឋមន្ត្រី​ការពារជាតិ​(ស្តាំ)ក្រោយ​រារាំង​រដ្ឋប្រហារ​បានសំរេច