រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ហាមឃាត់​មេដឹកនាំ​ប្រឆាំង​ពី​ការ​កាន់តំណែង​សាធារណៈ​រយៈពេល​១៥​ឆ្នាំ​

358
ចែករម្លែក
  • 31
    Shares

​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មីនា​បាន​និយាយថា​ខ្លួន​បាន​ហាមឃាត់​មេដឹកនាំ​គណបក្សប្រឆាំង​ហ្វ័​ន ក្វា​យ​ដូ ពី​ការ​កាន់តំណែង​សាធារណៈ​រយៈពេល ១៥ ឆ្នាំ ប៉ុន្តែ​ប្រធានរដ្ឋសភា​រូបនេះ​បាន​ច្រានចោល​វិធានការ​នេះ​និង​បាន​និយាយថា​វា​នឹងមិន​ប៉ះពាល់​ដល់​យុទ្ធនាការ​របស់លោក​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ឡើយ​។​

​សេចក្តីប្រកាស​របស់​អធិការកិច្ច​ហិរញ្ញវត្ថុ​រដ្ឋ​លោក​អែល​វី​ស អា​ម៉ូ​រ៉ូ​សូ (Elvis Amoroso) ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ម៉ា​ឌូ​រ៉ូ បានលើកឡើង​ពី​ភាពមិនប្រក្រតី​នៅក្នុង​កំណត់ត្រា​ហិរញ្ញវត្ថុ​របស់លោក​ក្វា​យ​ដូ​និង​បានបង្ហាញ​ពី​ការ​រឹតបន្តឹង​នៃ​សម្ពាធ​របស់​រដ្ឋាភិបាល​ទៅលើ​ចលនា​ប្រឆាំង​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាម៉េរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​។​

​លោក​អា​ម៉ូ​រ៉ូ​សូ​បាន​និយាយថា​លោក​ក្វា​យ​ដូ ដែល​ជាប់ឆ្នោត​ក្នុង​សភា​នៅ​ឆ្នាំ ២០១៥ បាន​ចំណាយពេល​ធ្វើដំណើរ​ជា​អន្តរជាតិ​ចំនួន ៩០ លើក​ដោយ​មិន​គិតពី​ប្រភពដើម​នៃ​ការចំណាយ​ចំនួន ៩៤.០០០ ដុល្លារ​។ លោក​ក៏បាន​ចោទប្រកាន់​មេដឹកនាំ​គណបក្សប្រឆាំង​ថា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​តាមរយៈ​ការធ្វើ​អន្តរ​កម្ម​របស់លោក​ជាមួយ​រដ្ឋាភិបាល​បរទេស​ផងដែរ ដោយ​ប្រទេស​រាប់សិប​ក្នុងចំណោម​នោះបាន​គាំទ្រ​ការអះអាង​របស់លោក​ក្វា​យ​ដូ​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​នៃ​ប្រទេស​នេះ​។​

​លោក​ក្វា​យ​ដូ​បាន​និយាយ​បន្ទាប់ពី​សេចក្តី​ថ្លែង​របស់លោក​អា​ម៉ូ​រ៉ូ​សូ​នៅលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ថា “​យើង​នឹង​បន្ត​ដើរ​នៅតាម​ដងផ្លូវ​”​។ លោក​បាន​ច្រានចោល​ការប្រកាស​របស់​អធិការកិច្ច​ហិរញ្ញវត្ថុ​ថា​មិន​ជាប់​ពាក់ព័ន្ធ​គ្នា​សោះ ពីព្រោះ​តាម​ទស្សនៈ​របស់លោក រដ្ឋាភិបាល​របស់លោក​ម៉ា​ឌូ​រ៉ូ​គឺ​ខុសច្បាប់​។​

​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក​លោក​រ៉ូបឺត ផាល់​ឡា​ឌី​ណូ បាន​ពណ៌នា​អំពី​ការហាមឃាត់​លើ​លោក​ក្វា​យ​ដូ​ថា “​គួរឱ្យ​អស់សំណើច​”​។​

​នៅ​កិច្ចប្រជុំ​មួយ​ក្នុងប្រទេស​អេក្វាទ័រ គណៈប្រតិភូ​មកពី​បណ្តា​ប្រទេស​អឺរ៉ុប​និង​អាម៉េរិក​ឡាទីន​ក៏បាន​រិះគន់​ចំណាត់ការ​របស់​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ផងដែរ​។​

​ក្រុម​ទំនាក់ទំនង​អន្តរជាតិ​ស្តីពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​និយាយថា “​ការសម្រេចចិត្ត​ខាង​នយោបាយ​បែបនេះ​ដោយ​មិន​គិតពី​នីតិវិធី​ត្រឹមត្រូវ​គឺជា​ការបង្ហាញ​ចរិត​មួយទៀត​នៃ​និន្នាការ​នៃ​នីតិវិធីតុលាការ​នៅក្នុង​ប្រទេស​នេះ​”​។ ក្រុម​នេះ​និយាយថា ខ្លួន​ស្វែងរក​ការស្តារ​ឡើងវិញ​នូវ​ប្រជាធិបតេយ្យ​ដោយ​សន្តិវិធី​នៅក្នុង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​៕ ដោយ៖ កញ្ញាដាលីស

មេបក្ស​ប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ