រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​ផ្តល់​ថវិកា​៨​លាន​ដុល្លារ​ដល់​ក្រសួងសុខាភិបាល​សម្រាប់​សាងសង់​អគារ​វះកាត់​កម្ពស់​៥​ជាន់​ ​

337

(​ភ្នំពេញ​)៖ រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ​កូរ៉េ (KOICA)​បានផ្តល់​ថវិកា​៨​លាន​ដុល្លារ​អាមេរិក​​ដល់​ក្រសួងសុខាភិបាល​កម្ពុជា​ដើម្បី​សាងសង់​អគារ​វះកាត់​កម្ពស់​៥​ជាន់​ទំហំ​៨៨៨​ម៉ែត្រក្រឡា រួមទាំង​បំពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ​សម្រាប់​​ពិនិត្យ​ព្យាបាល និង​វះកាត់​ត្រចៀក ច្រមុះ បំពង់ក នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​។​
​ ​
​តាមរយៈ​ជំនួយ​នេះ​នឹង​ជួយ​លើកកម្ពស់​ការផ្ដល់សេវា​វេជ្ជសាស្ដ្រ​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​ខ្ពស់​ជាពិសេស​សំដៅ​កាត់បន្ថយ​​អត្រា​ឈឺ​និង​ស្លាប់​ដោយសារ​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក​ព្រមទាំង​កាត​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​មន្ត្រី​សុខាភិបាល​នៅ​មន្ទីរ​​ពេទ្យ​ព្រះ​អង្គឌួង​។​
​ ​
​ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចពិភាក្សា​ស្ដីពី​គម្រោង​ពង្រឹងសមត្ថភាព​ព្យាបាល ជំងឺ​ត្រចៀក ច្រមុះ​បំពង់ក​និង​មជ្ឈមណ្ឌល​​វះកាត់ ក្បាល និង​ក នៅ​កម្ពុជា បាន​ត្រូវ​ប្រារព្ធ​ធ្វើឡើង​រវាង​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល​និង​លោក យុន ហ្គី​ល ជុង ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ​កូរ៉េ នៅ​ទីស្ដីការ​ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ២០១៧​។​ ​

​ថ្លែង​ក្រោយ​ពិធី​ចុះហត្ថលេខា លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាន​មានប្រសាសន៍ថា​៖​អគារ​កម្ពស់​៥​ជាន់ ទំហំ​៨៨៨​ម៉ែត្រក្រឡា​រួមទាំង​​បំពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ សម្រាប់​ពិនិត្យ​-​ព្យាបាល និង​វះកាត់​ត្រចៀក ច្រមុះ បំពង់ក នៅ​មន្ទីរពេទ្យ ព្រះ​អង្គឌួង សរុប​ទឹកប្រាក់​ប្រមាណ ៨​លាន​ដុល្លារ ក្រោម​ជំនួយ​របស់ ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ​កូរ៉េ (KOICA) នឹង​ជួយ​លើកកម្ពស់​ការផ្ដល់សេវា​វេជ្ជសាស្ដ្រ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ដល់​ក្រុមគ្រូពេទ្យ​និង​ប្រជាពលរដ្ឋ​យើង​។​

​លោក​រដ្ឋមន្ដ្រី​បាន​មានប្រសាសន៍​ឱ្យដឹងទៀតថា​៖«​អគារ​នេះ​នឹង​ចាប់ផ្ដើម​សាងសង់ នៅ​ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខ​ហើយនឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១​។​គម្រោង​នេះ​នឹង​ជួយ​លើកកម្ពស់​វិស័យ​សុខាភិបាល​យើង​បាន​ច្រើន​ពិសេស​កាន់​បន្ថយ​អត្រា​ឈឺ​និង​ស្លាប់​ដោយសារ​ជំងឺ​ត្រចៀក បំពង់ក​។​ភាគី​កូរ៉េ បានផ្ដល់​ទាំង​អគារ​និង​សម្ភារៈ​បរិក្ខារ​ពេទ្យ រួមទាំង​ការបណ្ដុះបណ្ដាល ដល់​ក្រុមគ្រូពេទ្យ​យើង​បន្ថែមទៀត​ដែល​នេះ នឹង​ផ្ដល់​ការពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ​យើង កាន់តែ​ទំនើប​ទាន់សម័យ រហ័ស និង​មាន​ប្រសិទ្ធិភាព​ខ្ពស់ ។ គម្រោង​នេះ ក៏​ជា​ជំហាន​ថ្មី​មួយទៀត ដែល​មន្ទីរពេទ្យ ព្រះ​អង្គឌួង បានទទួល​ជំនួយឥតសំណង ពី​សាធារណៈរដ្ឋ​កូរ៉េ បន្ទាប់ពី​អគារ​ព្យាបាល​ភ្នែក ដែល​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​២០១៦​កន្លងទៅ​»៕​ដោយៈ​សុផល​/sn

​លោក​វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល​និង​លោក យុន ហ្គី​ល ជុង​ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ​​កូរ៉េ​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចពិភាក្សា​ស្ដីពី​គម្រោង​ពង្រឹងសមត្ថភាព​ព្យាបាល ជំងឺ​ត្រចៀក​ច្រមុះ បំពង់ក​និង​មជ្ឈមណ្ឌល​វះកាត់ ក្បាល និង​ក នៅ​កម្ពុជា​(​រូប សុផល​)