រដ្ឋាភិបាល​ស្វី​ស​បន្ត​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​និង​ការដោះមីន​នៅ​កម្ពុជា​

342
ចែករម្លែក

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ស្វី​ស​ចប់​អាណត្តិ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ បាន​ជួបពិភាក្សា​ជាមួយ​លោក អ៊ី​វូ សៃ​ប័​រ​(Ivo Sieber) ឯកអគ្គរដ្ឋទូត​ស្វី​ស​ចប់​អាណត្តិ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​កាបរទេស​។ នៅក្នុង​ការពិភាក្សា​នេះ គឺ​ភាគី​ទាំងពីរ​បាន​ពិភាក្សា​ទៅលើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​ពហុភាគី​។​


​លោក​កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែងថា នៅក្នុង​ជំនួប​លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន និង​រដ្ឋាភិបាល​ស្វី​ស ដែល​បាន​ជួយ​ដល់​កម្ពុជា​ជាពិសេស​នៅក្នុង​វិស័យ​សុខាភិបាល និង​ដោះមីន​ជាដើម​។


​ចំណែក​ឯកអគ្គរដ្ឋទូត​ស្វី​ស​ចប់​អាណត្តិ បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក្នុង​ពេលវេលា​តំណាង​រដ្ឋាភិបាល​ស្វី​ស​នៅ​កម្ពុជា​នេះ គឺជា​ពេលវេលា​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​មានការ​រំភើប​រីករាយ​យ៉ាងខ្លាំង​។​រដ្ឋាភិបាល​ស្វី​សនឹង​បន្ត​ការគាំទ្រ​ហិរញ្ញវត្ថុ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា គឺ​រយៈពេល​បួន​ឆ្នាំ​ខាងមុខ ដោយ​ក្នុង​មួយឆ្នាំៗ ប្រមាណ បួន​លាន​ហ្វ្រ​ង់​ស្វី​ស និង​បន្ត​គាំទ្រ​នៅក្នុង​វិស័យ​ដោះមីន​នៅ​កម្ពុជា​។​


​អ្នកនាំពាក្យ​បាន​បន្តថា លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ស្វី​ស​ដែល​បាន​បន្ត​គាំទ្រ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏មាន​វិធានការ​មួយចំនួន ដើម្បី​ជួយ​ឲ្យ​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដូចជា​ការផ្តល់​ថវិកា​វិភាគ ១០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​សម្រាប់​ដំណើរការ ក៏ដូចជា​ប្រាំ​លាន​ដុល្លារ​សម្រាប់​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយក៏​ដូចជា​ការយក​កម្រៃ​២​ដុល្លារ​ក្នុង​ការលក់​សំបុត្រ​មួយ​សន្លឹក​ចូលទៅ​ទស្សនា​អង្គរ​សម្រាប់​ជួយ​ក្នុង​ដំណើរការ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​។​


​ចំពោះ​វិស័យ​ដោះមីន លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​នូវ​អំណរគុណ ដោយបាន​បញ្ជាក់ថា រដ្ឋាភិបាល​ស្វី​សបាន​ផ្តល់នូវ​កាដូ​ដ៏​ល្អប្រសើរ​ប​ផុត​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ចង់បាន​សុវត្ថិភាព​នៅ​ជុំវិញ​ផ្ទះ​របស់គាត់​។ ជា​តួលេខ​ចាប់ពី​ឆ្នាំ​២០០០ រហូតមកដល់​ឆ្នាំ​២០១៩ គឺ​អត្រា​គ្រោះថ្នាក់​ដោយសារ​មីន​មានការ​ថយចុះ​យ៉ាងច្រើន ដែល​ពី​ឆ្នាំ​២០០០ មាន​ប្រហែល​ជាង ៤០០០​នាក់ ក្នុង​មួយឆ្នាំ រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​ប្រហែលជា ១០០​នាក់ ឬមួយ​ក៏​ក្រោយ​១០០​នាក់ ក្នុង​មួយឆ្នាំ​៕សរន