រដ្ឋាភិបាល​ហុងកុង​៖ អំពើហិង្សា​គ្រោះថ្នាក់​និង​មិន​អាច​ដោះស្រាយ​ការបែកបាក់​

299
ចែករម្លែក

​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​កញ្ញា បណ្តា​ក្រុមហ៊ុន​និង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​បាន​បើក​ដំណើរការ​ឡើងវិញ ក្រោយ​ភាពវឹកវរ​កាលពី​ថ្ងៃអាទិត្យ​ដែល​ប៉ូលិស​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​ទឹក​​រួម​ទាំង​គ្រាប់កាំភ្លើង​ជ័រ​ដាក់​អ្នកប្រឆាំង​តវ៉ា ដែល​បាន​បិទ​ផ្លូវ​និង​ចោល​គ្រាប់បែក​សាំង​នៅ​ក្រៅ​ស្នាក់ការ​រដ្ឋាភិបាល​។​

​ក្នុងពេល​ជាមួយ​គ្នា​រដ្ឋាភិបាល​ហុង​កុង​បាន​អះអាង​ជា​ថ្មី​ថា អំពើហិង្សា​មិនជា​ដំណោះស្រាយ​បន្ទាប់ពី​ការដើរ​ដង្ហែ​គ្មាន​ការអនុញ្ញាត​បាន​ប្រែជា​ការប៉ះទង្គិច​រវាង​ប៉ូលិស​និង​អ្នក​​ប្រឆាំង​តវ៉ា​កាលពី​ថ្ងៃអាទិត្យ​។​

​សេចក្តីថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃអាទិត្យ​បាន​និយាយថា អំពើហិង្សា​នឹង​គ្រាន់តែ​ប៉ះពាល់​សហគមន៍​និង​រដ្ឋាភិបាល​ព្យាយាម​ខិតខំ​ដោះស្រាយ​បញ្ហា​ដោយ​ចិត្ត​ស្មោះ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃអាទិត្យ មនុស្ស​ពាក់​ខ្មៅ​ពាក់​ម៉ាស​មុខ​រាប់ពាន់នាក់ ជាមួយនឹង​សមាជិកគ្រួសារ បាន​ផ្គើន​នឹង​បំរាម​ប៉ូលិស​និង​ដើរ​ដង្ហែរ​ដោយ​អហិង្សា​ចម្ងាយ​២​គី​ឡូ​​ម៉ែត្រ​និង​ស្រែក​ទាមទារ​ការកែ​ទំរង់​ប្រជាធិបតេយ្យ​។​

​បាតុករ​ក្រោយមក​បាន​ដុត​ទង់​ជាតិចិន​និង​វាយបំផ្លាញ​ផ្លូវ​រថភ្លើង​ក្រោម​ដី​។​ពួក​គេ​រាប់​រយ​នាក់​ក៏​បាន​សំដៅ​ការិយាល័យ​រដ្ឋ ដោយ​ចោល​ដុំឥដ្ឋ​និង​គ្រាប់បែក​សាំង​កាត់​របាំង​​ប៉ូលិស​។​ប៉ូលិស​បាន​ឆ្លើយតប ដោយ​បាញ់​គ្រាប់​បែកផ្សែង​បាញ់​ទឹក​លាយ​ពណ៌​ដើម្បី​ងាយ​ចំណាំ​អ្នករំលោភ​។​អ្នក​តវ៉ា​បាន​ដកថយ​តែ​វា​បង្កើតបាន​ជា​ការប្រឈមមុខ​ដូច​ល្បែង​ឆ្មា​​ដេញ​ចាប់​កណ្តុរ​អស់​ពេល​ប៉ុន្មាន​ម៉ោង​មុន​សភាពការណ៍​ប្រែជា​ស្ងប់ស្ងាត់​វិញ​៕ដោយ៖វាសនា