រដ្ឋាភិបាល​ហ្វីលីពីន ​ព្រមាន​អ្នកកាសែត​កុំឱ្យ​ព្យាយាម “​បំផ្លាញ​” ឌុយ​ទែ​ត​

310
ចែករម្លែក

​រដ្ឋាភិបាល​ហ្វីលីពីន​ កាលពី​ថ្ងៃ​ចន្ទ​ទី​២២​មេសា​ បាន​ព្រមាន​ក្រុមអ្នកកាសែត​កុំឱ្យ​រៀបចំ​ផែនការ​ដើម្បី “​បំផ្លាញ​” រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី ​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត ខណៈដែល​អ្នកនាំពាក្យរ​បស់​គាត់​បាន​ចោទប្រកាន់​អ្នកសារព័ត៌មាន​ថា​បាន​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​។​

​ការព្រមាន​នេះ​ បានធ្វើ​ឡើង​បន្ទាប់ពី​របាយការណ៍​ព័ត៌មាន​ក្នុងស្រុក​មួយ​ថ្មីៗ​នេះ​បាន​ចោទប្រកាន់​ការចូលរួម​ពាក់ព័ន្ធ​របស់​គ្រួសារ​ឌុយ​ទែ​ត​ក្នុង​គ្រឿងញៀន​ខុសច្បាប់​និង​លើក​ឡើងជា​សំណួរ​អំពី​ការកើនឡើង​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​របស់គាត់​។​

​អ្នកនាំពាក្យ​របស់លោក​ឌុយ​ទែ​ត លោក​សាល់​វ៉ា​ដ័​រ ផា​ណេ​ឡូ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​ពួកគេ​ទាំងអស់​នៅ​ទីនោះ​កំពុង​ធ្វើ​រឿង​របស់​ពួកគេ​ដោយ​ព្យាយាម​បំផ្លាញ​រដ្ឋាភិបាល​នេះ​ ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ញ៉ាំង​ឱ្យគេ​ចាប់អារម្មណ៍​ប្រឆាំង​លើ​រដ្ឋាភិបាល​”​។​

​លោក​បាន​បញ្ចេញ​ក្រា​ហ្វិ​ច​ដែល​គាត់​និយាយថា ​បង្ហាញ​ពី​របៀប​ដែល​វីដេអូ​នៃ​បុរស​ពាក់​មួកម្នាក់​ដែល​ចោទប្រកាន់​តួនាទី​របស់​គ្រួសារ​ឌុយ​ទែ​ត​នៅក្នុង​ការជួញដូរ​គ្រឿង​ញៀន ត្រូវបាន​ចែករំលែក​ដោយ​អ្នកសារព័ត៌មាន​ម្នាក់​ឱ្យទៅ​មិត្ត​រួមការ​ងារ​ដែល​ជួល​ដោយ​កាសែត​ហ្វីលីពីន​ជាច្រើន​ផ្សេងទៀត​។​

​អង្គភាព​សារព័ត៌មាន​ទាំងអស់​នោះបាន​រាយការណ៍​យ៉ាង​ទូលំទូលាយ​អំពី​ការបង្ក្រាប​របស់លោក​ឌុយ​ទែ​ត​ប្រឆាំងនឹង​គ្រឿងញៀន​ខុសច្បាប់ ដែល​បាន​បណ្តាលឱ្យ​ជនសង្ស័យ​ជាង ៥.០០០ នាក់​ស្លាប់​នៅក្នុង​ដៃ​របស់​ប៉ូលិស​នៅក្នុង​អ្វីដែល​ក្រុម​សិទ្ធិមនុស្ស​បាន​និយាយថា​អាចជា​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​។​

​លោក​ផា​ណេ​ឡូ​ បាន​និយាយថា ​ការចោទប្រកាន់​ក្នុង​បំណង​ទម្លាក់​រដ្ឋាភិបាល​នេះ​គឺ​ផ្អែកលើ​ព័ត៌មាន​ដែល​ចែករំលែក​ដោយ​ទីភ្នាក់ងារ​ចារកម្ម​បរទេស ដែល​លោក​សូម​មិន​បញ្ចេញ​ឈ្មោះ​។​

​លោក​ផា​ណេ​ឡូ​និយាយថា “​ម្យ៉ាងវិញទៀត អ្វីដែល​មនុស្ស​ទាំងអស់​នេះ​កំពុង​ធ្វើ​គឺ​កំពុង​ផ្តល់ជំនួយ ​ឬ​ជួយ​ដល់​សត្រូវ ប្រសិនបើ​ពួកគេ​ខ្លួនឯង​មិនមែនជា​សត្រូវ​”​។​

​កាលពី​សប្ដាហ៍​មុន លោក​ឌុយ​ទែ​ត​បាន​រិះគន់​ជា​សាធារណៈ​ចំពោះ​មជ្ឈមណ្ឌល​សារព័ត៌មាន​ស៊ើបអង្កេត​ហ្វីលីពីន (PCIJ) ដែល​បានចេញ​ផ្សាយ​របាយការណ៍​អំពី​ការកើនឡើង​នៃ​ទ្រព្យសម្បត្តិ​សុទ្ធ​របស់លោក​ប្រធានាធិបតី​។​

​លោក​ឌុយ​ទែ​ត​បាន​និយាយថា “​នៅក្នុង​សប្តាហ៍​ខាងមុខនេះ ខ្ញុំ​នឹង​តបស្នង​សង​វិញ​ហើយ​។ ដូច្នេះ​ម​ជ្ឈ​ម​មណ្ឌល​សារព័ត៌មាន​ស៊ើបអង្កេត​ហ្វីលីពីន អ្នក​គួរតែ​ឈប់​ទៅ​”​។​

​លោក​ផា​ណេ​ឡូ​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​របស់លោក​ឌុយ​ទែ​ត​បាន​កត់ចំណាំ​លើ​ពួក​អ្នកកាសែត​និង​សារព័ត៌មាន​ទាំងនេះ ប៉ុន្តែ​នឹងមិន​បន្ត​ចំណាត់ការ​ផ្លូវច្បាប់​ប្រឆាំងនឹង​ពួកគេ​នោះទេ “​សម្រាប់​ពេលនេះ​”​។​

​លោក​ផា​ណេ​ឡូ​បាន​បន្ថែមថា “​ប៉ុន្តែ​ប្រសិនបើ​ផែនការ​កាន់តែ​ខ្លាំងក្លា​ទៅ​និង​ពួកគេ​ប្រព្រឹត្ត​ទង្វើ​ដែលជា​ការរំលោភ​លើ​ច្បាប់ព្រហ្មទណ្ឌ​រួចជាស្រេច​នោះ វា​នឹង​ជា​សាច់រឿង​ផ្សេង​”៕ ដោយ៖ កញ្ញាដាលីស/Ha

ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​ត