រដ្ឋាភិបាល​អាមេរិក​បង្ហាញ​ទ្រព្យសម្បត្តិ​និង​វត្ថុ​ឡូយឆាយ​រឹបអូស​បាន​ពី​បុរស​ម្នាក់ ដែល​លួច​លុយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​រាប់ពាន់​លាន​ដុល្លារ​

835
ចែករម្លែក

​នាវា​កម្សាន្ត ព្យា​ណូ​ដ៏​ធំ​មួយ​មើលឃើញ​ឆ្លុះ​ដល់​គ្រឿងក្នុង ផ្ទាំងគំនូរ Monet គឺ​ស្ថិតនៅ​ក្នុងចំណោម​បញ្ជី​វត្ថុ​ឡូយឆាយ ដែល​រដ្ឋាភិបាល​អាមេរិក​រឹបអូស​យក​ពី​អ្នក​ហិរញ្ញវត្ថុ​ម្នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​លុយ​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី​ដោយ​ខុសច្បាប់​។​

​លោក ឡូ​វ ថែ​ក ចូ (Low Taek Jho) ដែល​គេ​ស្គាល់​ថា ចូ ឡូ​វ គឺជា​បុគ្គល​សំខាន់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​លុយ​ប្រមាណ ៤,៥ ពាន់​លាន​ដុល្លារ​ពី​មូលនិធិ 1MDB ដែលជា​មូលនិធិ​វិនិយោគ​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​។​

​បុរស​វ័យ ៣៦ ឆ្នាំ​ដែល​គេ​និយាយថា​ជា​មេក្លោង​នៃ​រឿងអាស្រូវ​នេះ ត្រូវគេ​ជឿថា​កំពុង​លាក់ខ្លួន​នៅក្នុង​ប្រទេស​ចិន ហើយ​បាន​បដិសេធ​មិនបាន​ធ្វើ​ខុស​ទេ​តាមរយៈ​អ្នកនាំពាក្យ​ម្នាក់​។​

​កាសែត New York Times បាន​រាយការណ៍​ថា មាន​កិច្ចខិតខំ​ប្រឹងប្រែង​ជាច្រើន​ដើម្បី​រឹបអូស​យក​វត្ថុ​ទាំងអស់នោះ​មកវិញ ក្នុងនោះ​រួមមាន​ទីភ្នាក់ងារ​សហព័ន្ធ​ជាច្រើន​និង​ក្រុម​អ្នកស៊ើប​អង្កេត​មកពី​ប្រទេស​នានា​កំពុងតែ​ដុតដៃដុតជើង​សម្បើម​ណាស់​។​

​លោក​ឡូ​វ​តាម​ដឹងបាន​ទិញ​អចលនទ្រព្យ​ជាច្រើន​កន្លែង​រួមទាំង​ខុន​ដូ​តម្លៃ ៣១ លាន​ដុល្លារ​នៅ​មជ្ឈមណ្ឌល Time Warner ក្នុង​ទីក្រុង​ញូវយ៉ក សណ្ឋាគារ Viceroy L’Ermitage Beverly Hills ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា និង ភូមិគ្រឹះ​នៅ​ទីក្រុង Beverly Hills តម្លៃ ១៧,៥ លាន​ដុល្លារ​។​

​មូលនិធិ 1MDB ត្រូវបាន​បង្កើតឡើង​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ណា​ជីប រ៉ា​ហ្សា​ក់ នៅ​ឆ្នាំ ២០០៩ និង​ជា​ប្រធានបទ​នៃ​ការស៊ើបអង្កេត​អំពី​ការលាង​លុយកខ្វក់​នៅក្នុង​ប្រទេស​យ៉ាងហោចណាស់​ចំនួន​៦ រួមមាន​សហរដ្ឋអាមេរិក ស្វី​ស និង​សិង្ហ​បុរី​។​

​លោក​ណា​ជីប​ត្រូវបាន​បណ្តេញចេញ​នៅក្នុង​ការបោះឆ្នោត​ទូទៅ​មួយ​កាលពី​ខែឧសភា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​មហា​ធៀ មហាម៉ាត់ ដែល​បាន​បើក​ការស៊ើបអង្កេត​ឡើងវិញ​អំពី​ការពាក់ព័ន្ធ​របស់លោក​ណា​ជីប និង​មូលនិធិ 1MDB​។​

​បច្ចុប្បន្ន​លោក​ណា​ជីប​កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​លាងលុយកខ្វក់​និង​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ចំនួន​ជិត ៤០ ករណី​ដែល​ទាក់ទង​ទៅនឹង​ការបាត់​បង់លុយ​នៅ 1MDB និង​អង្គភាព​រដ្ឋាភិបាល​ដទៃ​ទៀត​។ គាត់​បាន​បដិសេធ​ជាដាច់ខាត​នូវ​ការប្រព្រឹត្ត​ខុស​។​

​សារព័ត៌មាន Financial Times បាន​រាយការណ៍​កាលពី​ខែកញ្ញា​ថា រដ្ឋាភិបាល​កំពុង​សម្លឹង​មើល​ការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ប្រហែល ១,៧ ពាន់​លាន​ដុល្លារ ទោះបីជា​តម្លៃ​សរុប​នៃ​វត្ថុ​ទាំងនោះ​មិនទាន់​ត្រូវបាន​បញ្ជាក់​ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋាភិបាល​អាមេរិក​រឹបអូស​ទ្រព្យសម្បត្តិ​ជាច្រើន​ពី​លោក ឡូ​វ ថែ​ក ចូ