កិច្ចប្រជុំបិទទ្វារមួយរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងពួកមេដឹកនាំសភាពុំមានអ្វីវិវឌ្ឍបន្ថែមទេជុំវិញការបិទផ្នែកខ្លះនៃរដ្ឋាភិបាល។
ការចរចានឹងចាប់ផ្តើមឡើងវិញនៅថ្ងៃសុក្រទី៤មករា ចំពេលមានភាពគាំងជុំវិញការទាមទាររបស់លោកត្រាំសម្រាប់ប្រាក់រាប់ពាន់លានដុល្លារដើម្បីកសាងជញ្ជាំងនៅតាមបណ្តោយព្រំដែនអាមេរិកជាមួយម៉ិកស៊ិក។
នៅទីសាធារណៈ លោកត្រាំបានធ្វើការព្រមានខ្លាំងៗឡើងវិញអំពីជនចាប់រំលោភផ្លូវភេទ និង ការគំរាមកំហែងផ្សេងៗនៅតាមព្រំដែន។
ទោះយ៉ាងណា នៅពេលរងគំនាបជាលក្ខណៈឯកជនដោយពួកប្រជាធិបតេយ្យអំពីមូលហេតុដែលគាត់មិនព្រមបញ្ចប់ការបិទរដ្ឋាភិបាលនោះ មេដឹកនាំអាមេរិករូបនេះបានឆ្លើយតបមួយចំណុចថា “ខ្ញុំនឹងមើលទៅល្ងង់ណាស់ ប្រសិនបើខ្ញុំធ្វើដូច្នេះ”។
មន្ត្រីសេតវិមានម្នាក់បាននិយាយថា លោកប្រធានាធិបតីចង់ព្យាយាមពន្យល់ថា វានឹងល្ងង់ណាស់ដែលមិនបង់លុយសម្រាប់សង់របងការពារសន្តិសុខតាមព្រំដែន។
សភាអាមេរិកថ្មីនឹងកោះប្រជុំនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយសមាជិកសភារបស់គណបក្សប្រជាធិបតេយ្យសំឡេងភាគច្រើនបានកាន់កាប់សភា។
មេដឹកនាំបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បាននិយាយថា ពួកសមាជិកសភាបក្សប្រជាធិបតេយ្យនឹងអនុម័តច្បាប់មួយដើម្បីឱ្យបើករដ្ឋាភិបាលឡើងវិញ ដោយគ្មានមូលនិធិសម្រាប់សង់ជញ្ជាំងព្រំដែនឡើយ៕ ដោយ៖ កញ្ញាដាលីស