រដ្ឋាភិបាល​អះអាងថា កម្ពុជា​បេ្ដ​ជ្ញា​រក្សា​ឲ្យ​បាន​នូវ​ឯករាជ្យភាព​និង​អធិបតេយ្យ​ជាតិ

608
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការិយាល័យ​អ្នកនាំពាក្យ នៅ​រសៀល​ថ្ងៃទី​៣១ ខែមករា នេះ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយបាន​បង្ហាញ​នូវ​ការប្ដេជ្ញា​របស់ខ្លួន ថា​នឹង​រក្សា​ឲ្យ​បាន​នូវ​ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ ដែលមាន​តម្លៃលើស​ជីវិត​។​

ការចេញ​សេចក្ដីថ្លែងការណ៍​របស់​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នេះ គឺ​ហាក់ជា​ការឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់​ស្ថានទូត​អាមេរិក ដែល​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃទី​៣០ មករា ដោយ​ហាក់​ដាក់បន្ទុក​លើ​កម្ពុជា ថា​មាន​ទំនោរ​លើ​មហា​យក្ស​ចិន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ​។​

តាមរយៈ​ថ្លែងការណ៍​របស់ខ្លួន ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានបញ្ជាក់​យ៉ាងច្បាស់​ថា ភ្នំពេញ​ត្រូវបាន​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ហើយ​ប្រទេស​កម្ពុជា​បានចាប់ផ្តើម​ធ្វើដំណើរ ឆ្ពោះទៅរក​អនាគត​មួយ​ដ៏​ភ្លឺស្វាង​។ ការរំដោះ​នេះ គឺជា​ការលះបង់​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្រោម​កិច្ច​នាំមុខ​ប្រកបដោយ​ប្រសិទ្ធភាព និង​មោទនភាព​ជាតិខ្មែរ​របស់ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដោយមាន​ការស្ម័គ្រចិត្ត​ចូលរួម​ដោយ​កងទ័ព​ជា​មិត្ត ពី​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ នេះ​ជា​ប្រវត្តិសាស្ដ្រ​ពិត ដែល​មិនអាច​ប្រកែក​បាន​។​

ការិយាល័យ​អ្នកនាំពាក្យ បាន​បញ្ជាក់ថា ទោះបីជា​ប្រវត្តិសាស្ត្រ និង​រួមជាមួយ​អ្នកនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក ក៏ដូចជា​បេក្ខជន​ប្រធានាធិបតី​ទី​៤៥ ក៏​ទទួល​ស្គាល់ និង​ស្តែង​នូវ​ការសោកស្តាយ ក្នុង​កិច្ច​ពាក់ព័ន្ធ​របស់​សហ​រដ្ឋ​អាមេរិក ដែល​បាន​ឈ្លានពាន​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា នៅ​សម័យកាល​ឆ្នាំ​១៩៧០ ដល់​១៩៧៥ និង​ការជ្រៀតជ្រែក​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា ដែល​បង្កើត​ឱកាស​ឲ្យ​ខ្មែរក្រហម​ឈានឡើង​មកកាន់​អំណាច ជាមួយនឹង​ការកាប់សម្លាប់​ដ៏​រង្គាល​នេះ​។ ទិដ្ឋភាព​នេះ គឺ​ពិភពលោក​អាច​ចងចាំ​បាន​ថា សហរដ្ឋអាមេរិក នៅតែ​បន្ដ​ទទួលស្គាល់ របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បណ្តាល​ឲ្យ​ជីវិត​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ ស្លាប់បាត់​បង់ជីវិត​នោះ រាប់ទាំង​នៅក្នុង​របប​សាធារណរដ្ឋ​ខ្មែរ និង​ក្នុង​របប​ខ្មែរក្រហម​ប្រល័យពូជសាសន៍ និង​បង្កើត​ឲ្យ​មាន​រលក​អ្នក​ភៀសខ្លួន​ខ្មែរ​យ៉ាង​សន្ធឹកសន្ធាប់ ហួស​ពី​ការ​ស្មាន​។​

ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក៏បាន​ប្រកាស​ជា​ឱឡារិក ក្នុង​កិច្ចការពារ​ឯករាជ្យ អធិបតេយ្យភាព​កម្ពុជា រួម​នឹង​កិច្ច​ថែរក្សា​មិនឱ្យ​ប្រជាជាតិ​ជាទី​ស្រឡាញ់​ជាង​ជីវិត​របស់ខ្លួន ធ្លាក់​ស្ថិតនៅក្រោម​អាណានិគម​របស់​ប្រជាជាតិ​ណាមួយ ឬ​បម្រើ​ភូមិសាស្ត្រ​នយោបាយ​នៃ​ផលប្រយោជន៍​របស់​មហា​អំណាច​ណាមួយ​ឡើយ​។ អាស្រ័យ​ដោយ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ ប្រកបដោយ​វិនាសកម្ម​តម្លៃ​ខ្ពស់ ដែល​មិនអាច​សន្និដ្ឋាន និង​បំភ្លេចបាន​នោះឡើយ​។​

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏បាន​បង្ហាញ​នូវ​ការស្វាគមន៍​រាល់​ប្រទេស​មហាអំណាច និង​ប្រទេស​ជា​មិត្ត​ទាំងអស់ ទោះ​ប្រទេស​នោះ ស្ថិតនៅក្នុង​ភាព​គ្រប់គ្រង ឬ​ប្រព័ន្ធ​នយោបាយ​ណាមួយ​ក៏ដោយ ក្នុង​កិច្ច​ចូលរួម​ជា​ដៃគូ​អភិវឌ្ឍ និង​ភាតរភាព ចំពោះ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​កិច្ច​ជ្រើសរើស និង​ធានា​ជោគវាសនា​របស់ខ្លួន​ដោយ​ខ្លួនឯង​៕B/