រដ្ឋាភិបាល​ឥណ្ឌា​បន្ត​គាំទ្រ​ដល់​កម្ពុជា​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​

1732
ចែករម្លែក

ភ្នំពេញៈ​រដ្ឋាភិបាល​សាធារណរដ្ឋ​ឥណ្ឌា​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​បន្ត​កិច្ច​គាំទ្រ​ដល់​កម្ពុជា សម្រាប់​សកម្មភាព​បម្រើ​ឲ្យ​ដល់​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។​
នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន​និង​កាកសំណល់​សង្គ្រាម បាន​មានប្រសាសន៍​ស្តីពី​ជំហរ​បន្ត​ការគាំទ្រ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ដល់​បេសកកម្ម​កង​យោធា​មួក​ខៀវ​កម្ពុជា​ក្នុង​កិច្ចប្រតិបត្តិការ​រក្សា​សន្តិភាព​ជាមួយ​អង្គការ​សហប្រជាជាតិ​បែបនេះ ក្នុងឱកាស​ទទួល​ជួប​សំណេះសំណាល​ជាមួយ​លោក​វរសេនីយ៍ឯក ស្រី គូ​ម៉ារ​(Sri Kumar) អនុព័ន្ធយោធា​ឥណ្ឌា ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ នា​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ស្ថិតក្នុង​រាជធានី ភ្នំពេញ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ សែម​សុវណ្ណនី ទួល​ជួប​សំណេះសំណាល​ជាមួយ​អនុព័ន្ធយោធា​ឥ​ណ្ឌា

លោក​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​តាមរយៈ​អនុព័ន្ធ​ឥណ្ឌា បានស្នើ​ដល់​រដ្ឋាភិបាល​ឥណ្ឌា​បន្ត​ជួយ​ធ្វើការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​សំដៅ​បង្កើន​សមត្ថភាព​ដល់ក​ង​យោធា​មួក​ខៀវ​កម្ពុជា​ក្នុង​កិច្ច​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។​
ស្នើ​ជួយ​ហ្វឹកហ្វឺន​ផ្នែក​ជំនាញ​IED​រួម​នឹង​ការ​ផ្តល់ជំនួយ​ឧបករណ៍​សម្ភារៈ​មួយចំនួន ដែល​ពាក់ព័ន្ធ​ទៅនឹង​ជំនាញ​រុករក មីន និង​គ្រឿងផ្ទុះ កាកសំណល់​សង្គ្រាម ដោយ​រាប់បញ្ចូល​ផងដែរ​នូវ​សុនខ​ហិត​មីន​។​
កា​រប​ណ្តះ​បណ្តាល​នាយទាហាន សេនាធិការ សង្កេតការណ៍​និង​ជំនាញ​វិស្វកម្ម ទាំង​ធ្វើឡើង​ក្នុងប្រទេស​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ឥណ្ឌា ក៏ត្រូវ​បានលើកឡើង​ក្នុងពេល​សំណេះសំណាល​ដែរ ។​
ដើម្បី​បង្កើន​សកម្មភាព​កិច្ច​សហ​ប្រតិការ និង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់​តែមាន​កម្រិត​ឈានឡើង​ជា​លំដាប់​ផង​នោះ​។ នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី បានស្នើ​ដល់​ភាគី​កងទ័ព​ឥណ្ឌា​ធ្វើការ​ផ្លាស់ប្តូរ​ដំណើរ​ទស្ស​កិច្ច​កម្ពុជា និង​ឥណ្ឌា​សំដៅ​ស្វែងយល់​និង​ផ្លាស់ប្តូរ​បទពិសោធន៍រ​វាង​គ្នា​និង​គ្នា​។​
លោក​វរសេនីយ៍ឯក ស្រី គូ​ម៉ារ បាន​ថ្លែង​ពី​ទំនាក់ទំនង​ល្អប្រសើរ រវាង​រដ្ឋាភិបាល និង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឥណ្ឌា ដែលមាន​ប្រពៃណី​ផ្សារភ្ជាប់​គ្នា​ជា​យួរ​លង់​ណាស់​មកហើយ​។​
លោក​វរសេនីយ៍ឯក អនុព័ន្ធយោធា​ឥណ្ឌា ក៏បាន​ប្តេជ្ញា​ចិត្តនឹង​ពាំនាំ​នូវ​រាល់​គម្រោង​ដែល​ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា​បានស្នើ​ដល់​រដ្ឋាភិបាល និង​ក្រសួង​ការពារ​ប្រទេស​ឥណ្ឌា ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​ពង្រីក​បន្ថែម​សមត្ថភាព​ក្នុង​កម្រិត​ខ្ពស់​ក្នុង​ការចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​៕MN/
ដោយៈយោធិន