រដ្ឋ​កាលីហ្វ័រ​ញ៉ា​ភាគខាងត្បូង​រងគ្រោះ​រញ្ជួយ​ដី​ខ្លាំង​បំផុត​មិន​ធ្លាប់មាន​ ក្នុង​រយៈពេល​២​ទសវត្សរ៍​

823
ចែករម្លែក

​ទីភ្នាក់ងារ​ស្ទាបស្ទង់​ភូគព្ភសាស្ត្រ​អាម៉េរិក (USGS) បាន​និយាយថា រដ្ឋ​កាលីហ្វ័រ​ញ៉ា​ភាគខាងត្បូង​ត្រូវបាន​អង្រួន​ដោយ​រញ្ជួយ​ដី ៦,៤ រិ​ច្ឆ​ទ័​រកា​លពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​កក្កដា ជាមួយ​អាជ្ញាធរ​បាន​ព្រមាន​ថា ការរញ្ជួយ​ធំ​បំផុត​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​នេះ ប្រហែលជា​មិនទាន់​អស់​នៅឡើយ​ទេ​។​

​ការរញ្ជួយ​ដី​រាក់​នេះ​បាន​វាយប្រហារ​នៅក្នុង​តំបន់​វាល​ខ្សាច់​ដ៏​ធំ​នៃ​ជ្រលង​ភ្នំ​ស៊​ល (Searles) ក្នុង​តំបន់​សាន់​បឺ​ណា​ឌី​ណូ (San Bernardino) ស្ថិតនៅ​ចម្ងាយ ១០ គីឡូម៉ែត្រ​ពី​ទីប្រជុំជន​រី​ច​ក្រេស (Ridgecrest) នៅ​ម៉ោង ១០ និង ៣៣ នាទី​ព្រឹក ប៉ុន្តែ​ការញាក់​ញ័រ​គឺមាន​អារម្មណ៍​ដឹង​ដល់​ចម្ងាយ ២៥៧ គីឡូម៉ែត្រ​ដល់ទី​ក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​និង​សូម្បី​ទីក្រុង​ឡាស​វេ​ហ្គាស​នៅក្នុង​រដ្ឋ​ជិតខាង គឺ​រដ្ឋ​ណេ​វ៉ា​ដា​។​

​អាជ្ញាធរ​មូលដ្ឋាន​បាន​សង្កត់ធ្ងន់ថា ការបញ្ចប់​នៃ​រញ្ជួយ​ដី​នេះ​មិន​មានន័យថា​ប្រជាជនមាន​សុវត្ថិភាព​រួចហើយ​នោះទេ ប៉ុន្តែ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​សរសេរ​នៅលើ Twitter ថា “​អ្វីៗ​ហាក់ដូចជា​ស្ថិតក្រោម​ការគ្រប់គ្រង​អស់ហើយ​!”​។​

​អ្នកជំនាញ​ខាង​រញ្ជួយ​ដី​របស់​ក្រុមហ៊ុន Caltech លោកស្រី លូ​ស៊ី ចូ​ន​ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា អ្នកស្រុក​នឹង​បន្ត​ជួប​រំ​ញ័រ​ជាច្រើន​ទៀត ដោយ​បន្ថែមថា រំ​ញ័រ​រាប់សិប​បានកើត​ឡើង​រួចហើយ ហើយ​រំ​ញ័រ​ខ្លះទៀត​អាចមាន​កម្រិត​ខ្លាំង​ដល់​ទៅ​៥​រិ​ច្ឆ​ទ័​រ​។

​ក្រុម​អ្នក​ឆ្លើយតប​នឹង​រញ្ជួយ​ដី​ពុំទាន់​រាយការណ៍​អំពី​អ្នករបួស​ឬ​ស្លាប់​នៅឡើយ​ទេ ប៉ុន្តែ​អ្នកជំនាញ​ខាង​រញ្ជួយ​ដី​របស់​ទីភ្នាក់ងារ USGS លោក រ៉​ប់ ហ្គ្រេ​វ និយាយថា “​រញ្ជួយ​ដី​នេះ​គឺ​ធំ​ល្មម​អាច​បង្ក​ការខូចខាត​បាន​”​។

​រញ្ជួយ​ដី​នេះ​គឺជា​រញ្ជួយ​ដី​ធំ​បំផុត​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ភាគខាងត្បូង​ចាប់តាំងពី​ឆ្នាំ ១៩៩៩ នៅពេល​រញ្ជួយ​ដី ៧,១ រិ​ច្ឆ​ទ័​រ​វាយប្រហារ​មូលដ្ឋាន​កង​ទ័ព​ម៉ា​រី​ន​ឈ្មោះថា Twentynine Palms Marine Corps៕ ដោយ៖ កញ្ញាដាលីស/Ha

រដ្ឋ​កាលីហ្វ័រ​ញ៉ា​ភាគខាងត្បូង​រង​រញ្ជួយ​ដី ៦,៤ រិ​ច្ឆ​ទ័​រកា​លពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍
រដ្ឋ​កាលីហ្វ័រ​ញ៉ា​ភាគខាងត្បូង​រង​រញ្ជួយ​ដី ៦,៤ រិ​ច្ឆ​ទ័​រកា​លពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍