រដ្ឋ​ចំនួន​១៦​ប្តឹងត្រាំទៅ​តុលាការ​ដើម្បីរារាំង​​អំណាច​គ្រាអាសន្ន​ដើម្បី​សាងសង់​ជញ្ជាំង​ព្រំដែន​

450
ចែករម្លែក

​សម្ព័ន្ធភាព​នៃ​រដ្ឋ​ចំនួន ១៦ រួមទាំង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​និង​រដ្ឋ​ញូវយ៉ក​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​កុម្ភៈ​បាន​ប្តឹង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​ទៅ​តុលាការ​ជុំវិញ​ផែនការ​របស់គាត់​ដើម្បី​ប្រើ​អំណាច​គ្រាអាសន្ន​ដើម្បី​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​លើ​ការសង់​ជញ្ជាំង​ព្រំដែន​របស់គាត់​។​

​ពាក្យបណ្តឹង​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្រឈមមុខគ្នា​ខាង​រដ្ឋធម្មនុញ្ញ​ដែល​លោក​ត្រាំ​បានចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ​ទី ១៥ កុម្ភៈ នៅពេលដែល​លោក​បានប្រកាសថា​លោក​នឹង​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ​បន្ថែមទៀត​លើ​របង​ព្រំដែន គឺ​ច្រើនជាង​ថវិកា​ដែល​សភា​បានផ្តល់​ឱ្យ​លោក​ទៅទៀត​។ ការប៉ះទង្គិច​គ្នា​នេះ​បានលើកឡើង​នូវ​សំណួរ​ជាច្រើន​អំពី​ការគ្រប់គ្រង​ការចំណាយ​របស់​សភា វិសាលភាព​នៃ​អំណាច​គ្រាអាសន្ន​ដែល​បានផ្តល់​ឱ្យ​ប្រធានាធិបតី និង​ថា​តើ​តុលាការ​មាន​ឆន្ទៈ​ដើរ​ទៅមុខ​ឆ្ងាយ​ប៉ុនណា​ដើម្បី​ដោះស្រាយ​បញ្ហា​បែបនេះ​។​

​ពាក្យបណ្តឹង​ដែល​បានដាក់​នៅ​តុលាការ​សហព័ន្ធ​នៅ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​បាន​ជំទាស់​ថា លោក​ប្រធានាធិបតី​មិនមាន​អំណាច​ក្នុងការ​បង្វែរ​មូលនិធិ​សម្រាប់​ការសាងសង់​ជញ្ជាំង​នៅតាម​បណ្តោយ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ទេ ព្រោះ​សភា​ទេ​ជា​អ្នកគ្រប់គ្រង​ការចំណាយ​។​

​លោក​សា​វី​យ៉េ បេ​សេ​រ៉ា អគ្គ​រដ្ឋអាជ្ញា​របស់រ​ដ្ឋ​កាលីហ្វ័រ​ញ៉ា​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា ប្រធានាធិបតី​ខ្លួនឯង​ផ្ទាល់​បាន​អះអាងថា មាន​ភាពអាសន្ន​នៅតាម​ព្រំដែន​។​

​ដោយ​សំដៅ​ទៅលើ​សុន្ទរកថា​របស់លោក​ត្រាំ​កាលពី​ថ្ងៃទី ១៥ ខែកុម្ភៈ ពេលដែល​គាត់​ប្រកាស​ផែនការ​របស់គាត់ លោក​បេ​សេ​រ៉ា​និយាយថា “​ប្រហែល​ភស្តុតាង​ល្អ​បំផុត​គឺ​ពាក្យសម្តី​ផ្ទាល់​របស់លោក​ប្រធានាធិបតី​”​។​

​លោក​ត្រាំ​បាន​និយាយថា “​ខ្ញុំ​មិនចាំបាច់​ធ្វើបែបនេះ​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​ធ្វើ​វា​ឱ្យបាន​លឿន​”​។​

​ពាក្យបណ្តឹង ដែលមាន​ឈ្មោះថា California et al. v. Trump et al. និយាយថា បណ្តា​រដ្ឋ​ដែលជា​ដើមចោទ​នឹង​ឡើង​តុលាការ​ដើម្បី​ការពារ​ប្រជាជន ធនធានធម្មជាតិ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ពួកគេ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ