រដ្ឋ​មួយ​របស់​ឥណ្ឌា​គ្រោង​យកពន្ធ​ពី​ពលរដ្ឋ​ដើម្បី​ទប់ស្កាត់​គោ​ឥត​ម្ចាស់​ដើរ​ស៊ី​ដំណាំ​គេ​

672
ចែករម្លែក

​ចំពេល​មានការ​តវ៉ា​និង​ការព្រួយបារម្ភ​ដែល​លើកឡើង​ដោយ​កសិករ​អំពី​ដំណាំ​របស់​ពួកគេ​កំពុង​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​សត្វពាហនៈ​គ្មាន​ម្ចាស់ រដ្ឋាភិបាល​នៃ​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស​ក្នុងប្រទេស​ឥណ្ឌា​បានសម្រេច​ចិត្ត​យកពន្ធ​ថ្មី​ទៅលើ​ពលរដ្ឋ​របស់ខ្លួន​ដើម្បី​ផ្តល់​សុខុមាលភាព​ដល់​សត្វ​គោ​នៅក្នុង​រដ្ឋ​។ អ្នកនាំពាក្យ​របស់​រដ្ឋា​ភិ​បាល​ប្រចាំ​រដ្ឋ​នេះ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា គណៈរដ្ឋមន្ត្រី​របស់រ​ដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​ស​នៅ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី​បាន​យល់ព្រម​លើ​សំណើ​យកពន្ធ​សុខុមាលភាព​គោ​ចំនួន ២ ភាគរយ​។​

​លុយ​នេះ​នឹង​យកទៅ​ប្រើ​ដើម្បី​សាងសង់​ជម្រក​សម្រាប់​សត្វ​គោ​នៅ​គ្រប់​ស្រុកភូមិ​និង​ក្រុង​ទាំងអស់​។ អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា​ថវិកា​ចំនួន ១ ពាន់​លាន​រូពី (​ប្រហែល ១៤២ លាន​ដុល្លារ​អាមេរិក​) ត្រូវបាន​គេ​ផ្តល់ឱ្យ​ទៅតាម​ថ្នាក់មូលដ្ឋាន​ដើម្បី​សាងសង់​ទីជម្រក​សម្រាប់​សត្វពាហនៈ​។​

​កាលពី​សប្តាហ៍​មុន​កសិករ​នៅ​ភូមិ​ហ្គោ​រ៉ា​យ​ក្នុងស្រុក​អា​លី​ហ្គា​របស់​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​សបាន​ប្រើ​វិធី​ពិ​សេសមួយ​ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការកើនឡើង​នៃ​សត្វ​គោ​ឥត​ម្ចាស់​។ ពួកគេ​បាន​ចាក់សោ​ទុក​គោ​ជាង ៨០០ ក្បាល​នៅក្នុង​សាលា​រដ្ឋ​និង​មជ្ឈមណ្ឌល​សុខភាព​។​

​កសិករ​តវ៉ា​មួយរូប​បាន​និយាយប្រាប់ ANI ថា “​សត្វ​គោ​កំពុង​បំផ្លាញ​ដំណាំ​។ យើង​បានទាមទារ​ឱ្យមាន​ជម្រក​សត្វ​គោ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ចាត់វិធានការ​ទេ​”​។​

​ឧបទ្ទវ​ហេតុនេះ​បាន​ប្រែ​ទៅជា​ហិង្សា​នៅពេលដែល​មន្ត្រី​បាន​ព្យាយាម​ដោះស្រាយ​ភាពជាប់គាំង​ដោយ​ដឹក​សត្វ​គោ​គ្មាន​ម្ចាស់​ទៅ​ដាក់​តាម​ផ្ទះ​ប្រជាជន​។ ទោះយ៉ាងណា កសិករ​បាន​វាយប្រហារ​រថយន្ត​ដែល​ដឹក​សត្វ​គោ​ទាំងនោះ ហើយ​ប៉ូលិស​បាន​ប្រើ​ដំបងឆក់​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេ​សនឹង​យកពន្ធ​២​ភាគរយ​ដើម្បី​សង់​ជម្រក​គោ