រដ្ឋ​ម​ន្ត្រីៈ​ទិន្នផល​ស្រូវ​ឆ្នាំនេះ​នឹង​កើន​លើស​១០​លាន​តោន​

1067
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ថ្លែងថា ទិន្នផល​ស្រូវ​ឆ្នាំនេះ​នឹង​កើនឡើង​លើសពី​១០​លាន​តោន​ធៀប​នឹង​ទិន្នផល​ប្រមូលបាន​​កាលពី​ឆ្នាំមុន​បាន​ប្រមាណ​ជាង​៩​លាន​តោន​។​
​ ​
​លោក​វេ​ង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ទិន្នផល​ស្រូវ​ឆ្នាំនេះ​នឹង​​សម្រេចបាន​ជាង​១០​លាន​តោន ដោយសារ​ទិន្នផល​កើនឡើង និង​ការប្រើប្រាស់​គ្រឿងចក្រ​ពី​ប្រជាពលរដ្ឋ​បាន​កើនឡើង​ខ្ពស់​ផងដែរ ពិសេស​ក្រសួង​បាននិងកំពុង​ដាក់ចេញ​ពូជស្រូវ​ថ្មី​ខា​១៤ ខា​១៥ និង​ខា​១៦ ជា​ពូជស្រូវ​ដែល​ទើប​ស្រាវជ្រាវ​រកឃើញ ដែល​ធន់​នឹង​ជំងឺ និង​ធន់​នឹង​អាកាសធាតុ ពិសេស​ទទួលបាន​ទិន្នផល​ច្រើន​។​


​ ​
​លោក​បន្តថា “​ការដាក់ចេញ​នូវ​គោលនយោបាយ​ចាស់ និង​សកម្មភាព​ថ្មី​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន​កាលពីដើមឆ្នាំ​២០១៣​បានធ្វើ​​ឲ្យ​ផ្ទៃដី​ក​សកម្ម​កើនឡើង ហើយ​ការផលិត​ផលិតផល​កសិកម្ម ក៏បាន​កើនឡើង​ខ្ពស់​រាប់ទាំង​ស្រូវ ដំឡូង​មី ពោត​កៅស៊ូ​ជាដើម​”​។​

​លោក​បន្តថា​“​ការកើនឡើង​នូវ​ផលិតផល​កសិកម្ម​ទាំងនេះ បានធ្វើ​ឲ្យ​លើស​តម្រូវការ​ទីផ្សារ​ពិសេស​ការបញ្ជាទិញ​ពី​ប្រទេសជិតខាង​​មាន​កម្រិត បានធ្វើ​ឲ្យ​ទិន្នផល​កសិកម្ម​ជាប់គាំង និង​ធ្លាក់ចុះ​តំលៃ ដែលជា​បញ្ហា​មួយ​របស់​កសិករ​”​។​
​ ​
​លោក​វេ​ង សាខុន​បាន​បន្តថា ប្រទេស​ថៃ និង​វៀតណាម​ជាទី​ផ្សារ​ធំ​របស់​យើង​ពួកគេ​មិនបាន​គិតថា​ផលិតផល​កសិកម្ម​រប​ស់​យើង​កើនឡើង​ខ្លាំង​ដូចនេះ​ដែរ ទើប​ធ្វើ​ឲ្យ​សមត្ថភាព​ទទួលយករ​បស់​ពួកគេ​មាន​កម្រិត​ដែល​ធ្វើ​ឲ្យ​ទិន្នផល​របស់​ពួកគេ​មិនអាច​ឆ្លើយ​តប​បាន និង​ការកើនឡើង​យ៉ាងគំហុក​នូវ​ទិន្នផល​កសិកម្ម​របស់​ក​ម្ពុ​ជា​។​
​ ​
​ជាមួយគ្នានេះ ក្រសួង​បាននិងកំពុង​ធ្វើការ​ងា​រ​ជាមួយ​វិស័យ​ឯកជន តាមរយៈ​ការធ្វើ​ស្រែ​ចុះកិច្ចសន្យា​រវាង​អ្នក​ផលិត​និង​ឈ្មួញ​ដើម្បី​អោយ​កសិករ​មាន​ភាព​កក់ក្តៅ​លើ​ស្រូវ​ដែល​ពួកគេ​ផលិត​បាន មិន​បារម្ភ​ពី​កង្វះ​ទីផ្សារ​ផងដែរ​៕​​ដោយ​ច្រាយ ចំណាន​/sn