រដ្ឋ​ម​ន្ត្រីៈ​ពុំមាន​ប្រជាជន​កម្ពុជា​ណា​ម្នាក់​ត្រូវបាន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​១៩​ទេ​

187
ចែករម្លែក
រដ្ឋ​ម​ន្ត្រីៈ​ពុំមាន​ប្រជាជន​កម្ពុជា​ណា​ម្នាក់​ត្រូវបាន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​១៩​ទេ​

ដោយៈ​សុផល​,​មេសា​/​ភ្នំពេញៈ «​មកដល់​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២០​នេះ ពុំមាន​ប្រជាជន​កម្ពុ​ជាណា​ម្នាក់ ត្រូវបាន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​១៩ (COVID-19) នោះទេ​»​។​នេះ​ជាការ​អះអាង​រួមគ្នា​របស់​ក្រសួងសុខាភិបាល​កម្ពុជា អង្គការ​សុខភាព​ពិភពលោក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​កូ​វីដ​១៩ កាលពី​រសៀល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២០​ នៅ​ទីស្តីការក្រសួង​សុខ​ភិ​បាល​។​

លោក​សាស្ត្រាចារ្យ​ម៉ម ​ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​មានប្រសាសន៍ថា​មកដល់​ថ្ងៃទី​២​ខែមីនា​នេះ​ពុំមាន​ប្រជាជន​កម្ពុ​ជាណា​ម្នាក់ត្រូវបាន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​១៩ (COVID-019)​នោះទេ​។​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បានធ្វើ​តេស្ត សំណាក​បុគ្គល​ដែល​សង្ស័យ​សរុប​ចំនួន​១៣៥​នាក់​គិត​មក​ត្រឹម​ថ្ងៃទី​២​ខែមីនា ​តែ​មិនមាន​រកឃើញ​អ្នកណាម្នាក់​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​វីរុស​កូ​វីដ​១៩ នោះឡើយ​។ កន្លងមក មានតែ​មួយ​ករណី​គត់​ដែល​បាន​រកឃើញ​លើ​បុរស​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ​ នា​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ ហើយ​បុរស​រូបនេះ​បានជា​សះស្បើយ និង​បាន​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ហើយ​ដែរ ក្រោយពី​ក្រសួង​បានអនុញ្ញាត​ឲ្យ​ចាក​ចេ​ញ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០​។

លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល


លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា​« ក្រសួងសុខាភិបាល​បាន​ខិតខំ​ខ្លាំងណាស់ ។ យើង​គ្មាន​ហេតុផល​អ្វី​ការ​ត្រូវ​លាក់លៀម​ទេ​ បើ​កើត​ថា​កើត បើ​អត់ថា​អត់​»​។​

លោក​រដ្ឋមន្ត្រី បានឱ្យដឹង​ទៀតថា ​ក្រសួងសុខាភិបាល​បាន​ចូលរួម​ធ្វើ​ប្រតិបត្តិការ​យ៉ាងសកម្ម​ក្នុង​ការជួយ​ដល់​អ្នកដំណើរ និង​អ្នក​បម្រើការ​នាវា​ខ្នាត​យក្ស​MSWesterdam​ ដោយ​ជោគជ័យ ​ហើយ​ក្រសួង​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួចហើយ​ដែរ​នូវ​លទ្ធផល​នៃ​ការពិនិត្យ និង​ធ្វើតេស្ត​សំណាក​មនុស្ស​លើ​នាវា​នេះ បាន​ចំនួន​សរុប ១.៥៨០​នាក់ ដែល​មិនមាន​អ្នកណាម្នាក់​ត្រូវបាន​រកឃើញថា​មាន​វីរុស​កូ​វីដ​១៩ នោះឡើយ​។​បើ​គិតពី​ថ្ងៃ​ដែល​នាវា​បាន​ចាក​ចេញពី​ហុងកុង មកទល់ពេលនេះ មាន​រយៈពេល ៣១​ថ្ងៃ និង​បើ​គិតពី​ថ្ងៃ​ដែល​អ្នកដំណើរ​ចុះ​ចេញពី​នាវា​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ មកដល់ពេលនេះ គឺមាន​រយៈពេល ១៨​ថ្ងៃ ហើយ​ដែរ​។


​លោក​បាន​បញ្ជាក់ថា​ ជាការ​សន្និដ្ឋាន​រួម​ចុងក្រោយ គឺ​មនុស្ស​នៅលើ​នាវា MS Westerdam ទាំងអស់ (​ដែលមាន ៤១ សញ្ជាតិ​) មិនមាន​អ្នកណាម្នាក់​មាន​វីរុស​កូ​វីដ​១៩ នោះឡើយ ហើយ​ពួកគេ​បាន​ទៅដល់​ផ្ទះសម្បែង​នៅតាម​ប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន ហើយក៏​មិនមាន​ការរាយការណ៍​ណាមួយ​ថា មាន​អ្នកណាម្នាក់​មាន​បញ្ហា​សុខភាព​ពាក់ព័ន្ធ​ទៅនឹង​វីរុស​កូ​វីដ​១៩ នេះដែរ​។​

លោកស្រី ឡូ​រ៉ង់ បារ៉ែល ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា


​លោកស្រី ឡូ​រ៉ង់ បារ៉ែល ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានឱ្យដឹងថា វិទ្យាស្ថាន​ប៉ាស្ទ័រ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ធ្វើតេស្ត​រក​មេរោគ ជាពិសេស​ប្រភេទ​វីរុស​ឆ្លងតាម​ដង្ហើម​ឬ​វីរុស​កូ​វីដ -១៩​។​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​យក​សំណាក​មក​ធ្វើតេស្ត​រាល់ថ្ងៃ​ដើម្បី​រក​មេរោគ​កូ​វីដ​១៩ តែ​រហូតមក​ដល់ពេលនេះ ពុំបាន​រកឃើញ​ពលរដ្ឋ​កម្ពុជា​ណា​ម្នា​ក់កើត​ជំងឺ​នេះឡើយ​។​លោកស្រី​បាន​បញ្ជាក់ថា​ វិទ្យាស្ថាន​ប៉ាស្ទ័រ នឹង​បន្ត​សហការ​ជាមួយ​ក្រសួងសុខាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​នេះ​។​


​លោកស្រី លី អា​ឡា​ម ប្រធាន​អង្គការ​សុខភាព​ពិភពលោក​(


​លោកស្រី លី អា​ឡា​ម ប្រធាន​អង្គការ​សុខភាព​ពិភពលោក​(WHO) បានឱ្យដឹងថា ​រហូតមក​ដល់ពេលនេះ ពុំទាន់​មាន​កូ​វីដ​១៩ រាតត្បាត​នៅ​សហគមន៍​ក្នុងប្រទេស​កម្ពុជា​នៅឡើយ​ទេ​។​

​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល


​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានលើកឡើង​ផងដែរ​ថា ពាក់ព័ន្ធ​ព័ត៌មាន​ដែលថា អ្នក​ដួលសន្លប់​នៅតាម​ទីតាំង​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា ដែល​ក្នុងនោះ​ករណី​ដួល​ស្លាប់​នៅ​ខេត្ត​ព្រះសីហនុ ជា​ព័ត៌មាន​មិន​ពិត​ទេ​។​យើង​មានការ​សហការ​ពី​ក្រុមក្រួសារ អ្នកជំនាញ​កោសល្យ​វិ​ច្ច័​យ និង​ក្រុមគ្រូពេទ្យ​ជំនាញ ពោលគឺ​ធ្វើតាម​នីតិវិធី​វេជ្ជសាស្ត្រ​។​

ក្រសួងសុខាភិបាល សូម​អំពាវនាវ​ហើយ អំពាវនាវ​ទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​ជឿ​តាម​ព័ត៌មាន​ប្រឌិត​ទាំងនោះ ដែល​គ្មាន​ការពិត រំលោភសិទ្ធិ​អ្នកដទៃ មាន​និន្នាការ​នយោបាយ​បោកប្រាស់ បង្ហោះ​រូប​បុគ្គល​មួយ​ឬ​ច្រើន ដែល​ខ្វះ​សីលធម៌ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ដែល​មិនមាន​ការអនុញ្ញាត​ពី​សាមីជន​ដែលមាន​ហេតុការណ៍​សុខភាព​ទាំងនោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​បុគ្គល​ទាំងនោះ​ផង ប៉ះពាល់​កិ​ត្ត​យស​ប្រទេស​ផង និង​សេចក្តីថ្លៃថ្នូរ​សង្គមជាតិ​ផង​។


​ក្រសួង​បាន​បង្កើត​ក្រុមការងារ​ឆ្លើយតប​ការចម្លង​វីរុស​កូ​វីដ​១៩ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ផ្ទាល់ និង​មាន​សមាជិក​មកពី​ផ្នែក​ពាក់ព័ន្ធ ពី​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ និង​មាន​ទីប្រឹក្សា​មកពី​អង្គការ​សុខភាព​ពិភពលោក (WHO) មជ្ឍមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាម៉េរិក (US-CDC) វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (IPC) លោកជំទាវ ពេជ្រ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ដើម្បី​រៀបចំ​ធ្វើ​ផែនការ សម្របសម្រួល ដឹកនាំ ចាត់ចែង ឆ្លើយតប និង​ចាត់វិធានការ​ការពារ​ការចម្លង​ជំងឺ​កូ​វីដ​១៩ នេះ​៕​សរន​/Ha