ភ្នំពេញ/ដោយៈ ដេប៉ូ
បន្ទាប់ពីរោងចក្រមួយចំនួនបានបិទទ្វាររត់ចោលកម្មករហើយទុកឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាជាមួយកម្មកររួចមកនោះលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើក ឡើងថា តទៅក្រសួងនឹងមិនឱ្យរួចខ្លួនទេ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់បើទោះបីថៅកែរោងចក្រនោះរត់ទៅដល់ប្រទេសណាក៍ដោយត្រូវតែតាមមកទទួលខុសត្រូវវិញ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ក្រោយបញ្ចប់ក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ ទិសដៅ ការងារ ឆ្នាំ២០១៨ កាលល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ កន្លងមកថា មានរោងចក្រចំនួនប្រាំបួន ដែលថៅកែរត់ ចោលហើយត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដោះស្រាយជូនកម្មករ។ ទោះបីយ៉ា ងណាក្រសួងការងារនឹងចាត់វិធានការជុំវិញបញ្ហានេះដោយមិនបណ្តោយឱ្យថៅកែរោងចក្ររត់ចោលកម្មករហើយទុកឱ្យរាជរដ្ឋាភិបាលកម្ពុជាជាអ្នកទទួលរាប់រងនោះទេ។
លោកបានបន្តទៀតថាដើម្បីដោះស្រាយបញ្ហានេះតទៅក្រសួងនឹងត្រៀមចេញសេចក្តីប្រកាសកំណត់ឱ្យក្រុមរោងចក្រធ្វើការទូទាត់ដល់ប្រាក់ទាំងអតីតភាពការងារនិងប្រាក់ផលប្រយោជន៍មួយចំនួនដល់កម្មករជាបណ្តើរៗរៀងរាល់មួយខែឬបីខែម្តងដែលនៅពេលមានបញ្ហាកើតឡើង រោងចក្រមិនចាំបាច់ជំពាក់កម្មករច្រើន ដូចមុនទៀត ទេ។ក្រៅពីនេះក្រសួងនឹងបង្កើតរបបសន្តិសុខសង្គមផ្នែកនិកម្មភាពដែលតម្រូវឱ្យសហគ្រាសទាំងអស់ត្រូវមានកាតព្វកិច្ចបង់ថវិកាចូលក្នុងរបបសន្តិសុខសង្គម ដែលជាប្រាក់វិភាគទានរបស់ខ្លួន ដើម្បីការពារនៅពេលកើតបញ្ហារោង ចក្របិទទ្វារគេអាចប្រើថវិកានេះទូទាត់ដល់កម្មករបាន។
ទាក់ទិនទៅនឹងការបិទទ្វាររបស់រោងចក្រនេះលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាចំពោះកម្មករទាំងអស់ដែលជួបនូវបញ្ហានេះពួកគេមិនបានបាត់បង់នៅអតីតភាពការងារឬបាត់បង់នូវប្រាក់សោធននិវត្តន៍ណាមួយនោះឡើយ៕MN