រដ្ឋ​ម​ន្ត្រីៈ ជំនួយ​របស់​អាមេរិក​ធ្វើឱ្យ​កម្ពុជា​ជោគជ័យ​ផ្នែក​វប្បធម៌​មិនអាច​កាត់ថ្លៃ​បាន​

86
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោកស្រី ភឿង ស​កុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បានលើកឡើង​អំពី​ភាព​ដ៏​សំខាន់ នៃ ជំនួយ​របស់​សហរដ្ឋ​អាមេរិក មកលើ​វិស័យ​វប្បធម៌​កម្ពុជា ថា “ ជំនួយ​របស់​សហរដ្ឋ​អាមេរិក ផ្នែក​ថវិកា ពិតជា​បានរួម​ចំណែក​យ៉ាង​ធំធេង ធ្វើឱ្យ​កម្ពុជា អាច​ថែរក្សា​ការពារ​អភិរក្ស​ប្រាសាទបុរាណ​នៅ​ភ្នំ​បាក់​ខែង , ប្រាសាទបន្ទាយស្រី នៅ​ព្រះវិហារ , សារមន្ទីរ ភ្នំ​ដា នៅ​ស្រុក អង្គរបុរី ខេត្តតាកែវ និង ថែរក្សា​សម្លៀកបំពាក់​ជនរងគ្រោះ​នៅ​សារមន្ទីរ​ទួលស្លែង ជាដើម ។ ម្យ៉ាងទៀត ជំនួយ​ផ្នែក​ច្បាប់​ពី សហរដ្ឋ អាមេរិក ធ្វើឱ្យ​កម្ពុជា អាចធ្វើ​មាតុភូមិនិវត្តន៍​នូវ​រូបចម្លាក់​បុរាណ​សំខាន់ៗ ធំៗ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិខ្មែរ ដ៏​មានតម្លៃ​យ៉ាង​មិនអាច​កាត់ថ្លៃ​បាន ចំនួន ៤២ ដុំ​ហើយ គិត​ត្រឹម​ឆ្នាំ ២០១៩ “ ។


​លោកស្រី ភឿង ស​កុណា ថ្លែង​ប្រកបដោយ​សុទិដ្ឋិនិយម​បែបនេះ នៅក្នុង​កិច្ចពិភាក្សា​រវាង​ក្រសួង​វប្បធម៌ ជាមួយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ស្តីពី ស្ត្រី​នៅក្នុង​ការអភិរក្ស​វប្បធម៌ រៀបចំ​នៅឯ​សារមន្ទីរ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២០ ។​


​លោកស្រី ភឿង ស​ក្កុ​ណា បន្ថែមថា ដោយសារ​មាន​ជំនួយ​ផ្នែក​ច្បាប់​ពី​សហរដ្ឋអាមេរិក ពេលនេះ ក្រសួង​វប្បធម៌ កំពុងធ្វើការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​អាមេរិក ក្នុងការ​តាមរក ស្វែងរក​នូវ​វត្ថុ​បុរាណ​របស់​ខ្មែរ​ជាច្រើន​ទៀត​ដែល​បាន​បាត់បង់​នៅក្នុង​សម័យ​សង្គ្រាម​ជាដើម ដើម្បី នាំយក​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ឱ្យបាន​ច្រើន​តាម​ដែល​អាច ។​


​គប្បី​រំឭកថា ឆ្នាំ ២០២០ នេះ គឺជា​ឆ្នាំ ទី ៧០ ហើយ នៃ ទំនាក់ទំនង​ការទូត​រវាង​ក​ម្ព​ជា និង អាមេរិក ហើយ​បើ​គិត​ចាប់ពី​ត្រឹម​ឆ្នាំ ២០០១ មក ជំនួយ​របស់​អាមេរិក ចំពោះ​កម្ពុជា សម្រាប់តែ​ក្នុង​វិស័យ​វប្បធម៌ សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា ៤,៥ លាន​ដុល្លារ​អាមេរិក ។​


​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើងថា ឧទាហរណ៍​ដ៏​ច្បាស់​មួយ នៃ កិច្ចសហការ​រវាង​ក​ម្ពុ​ជា និង អេ​មេ​រិ​ក គឺ​ការប្តេជ្ញា​ចិត្តជា​បន្ត​រប​ស់​យើង​ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​នៅ​កម្ពុជា ។ ប្រទេស​យើង​ទាំងពីរ គួរតែមាន​មោទកភាព​ចំពោះ​ការងារ​ដែល​យើង​សម្រេច បាន​រួមគ្នា​នៅក្នុង​វិស័យនេះ ។ ប្រទេស​ទាំងពីរ​របស់​យើង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រៀងរាល់ ៥ ឆ្នាំ​ម្តង​ចាប់តាំងពី​ឆ្នាំ ២០០៣ ដែលមាន​គោលបំណង​ការពារ​ការ​លួច​វត្ថុ​បុរាណ និង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​វត្ថុ​បុរាណ​ដែល​មិនអាច​កាត់ថ្លៃ​បាន និង​ត្រូវបាន​លួច​ចេញពី​ប្រទេស ។ ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ បន្ត​គាំទ្រ​ស្មារតី​នៃ​អនុស្សារណៈ​យោគយល់​និង​ដើម្បី​ធានាថា​យើង​ឈានដល់​លទ្ធផល​នៃ​ផែនការ​សកម្មភាព​៕ K