រណ្តៅ​ធំ​ជាង​ក្រុងប៉ារីស ដែល​ទើប​រកឃើញ​នៅ​កោះ​ហ្គ្រី​ន​លែ​ន អាច​នឹង​ជួយ​បកស្រាយ​អំពី​ការ​ផុត​ពូជ​ដំរី​ម៉ាំ​មុត​និង​ប្រហែល​ពូជ​មនុស្ស​ដំបូល​លើ​ផែនដី​

994

អាចម៍ផ្កាយ​ដែក​ដ៏​ធំ​សម្បើម​មួយ​បាន​បុក​ចំ​កោះ​ហ្គ្រី​ន​លែ​ន (Greenland) កាលពី ១២.០០០ ឆ្នាំមុន ដោយ​បន្សល់​នូវ​រណ្ដៅ​មួយ​ធំ​ជាង​ទីក្រុង​ប៉ារីស ដែល​ទើប​រកឃើញ​នាពេល​ថ្មីៗ​នេះ​នៅ​ខាងក្រោម​ទឹកកក​ជាមួយនឹង​រ៉ា​ដា​ដ៏​ទំនើប​។​

​របាយការណ៍​ក្នុង​ទស្សនា​វ​ដ្តី Science Advances បានឱ្យដឹងថា រណ្តៅ​ដ៏​ធំ​នេះ​ត្រូវបាន​រកឃើញ​លើកដំបូង​បង្អស់​នៅ​កោះ​ហ្គ្រី​ន​លែ​ន ឬ ស្ថិតនៅក្រោម​ផ្ទាំង​ទឹកកក​លើ​ផែនដី និង​ស្ថិតក្នុង​ចំណោម​រណ្តៅ​ធំៗ​ទាំង ២៥ ដែល​គេ​ស្គាល់​នៅលើ​ផែនដី​។​

​គេ​ព្យាករណ៍​ថា អាចម៍ផ្កាយ​នោះ​គឺ​ភាគច្រើន​ជា​ដែក មាន​ប្រវែង​ប្រហែល ១,៥ គីឡូម៉ែត្រ និង មាន​ទម្ងន់​ប្រហែល ១២ តោន​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា ផលប៉ះពាល់ ដែល​បង្កើតបានជា​រណ្ដៅ​លាតសន្ធឹង ៣១ គីឡូម៉ែត្រ​នៅក្រោម​ផ្ទាំង​ទឹកកក​ឈ្មោះ Hiawatha Glacier អាច​នឹងមាន​ឥទ្ធិពល​សំខាន់​យ៉ាងខ្លាំង​នៅក្នុង​តំបន់​នេះ និង​អាច​នៅ​ទូទាំង​ពិភពលោក​ផង​ក៏​ថា​បាន​។​

​ប៉ុន្តែ​រឿងរ៉ាវ​របស់​វា​គឺ​ទើបតែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ​។​

​ប្រសិនបើ​ត្រូវបាន​បញ្ជាក់ វា​អាច​នឹងមាន​ការជាប់​ពាក់ព័ន្ធ​ដ៏​ធំធេង​ចំពោះ​រឿងរ៉ាវ​របស់​មនុស្សជាតិ​ខ្លួនឯង​ក៏​ថា​បាន​។​

​ប្រសិនបើ​ត្រូវបាន​បញ្ជាក់ កាលបរិច្ឆេទ​របស់​វា​អាច​នឹង​ធ្វើឱ្យ​សម្មតិកម្ម​អំពី​ផលប៉ះពាល់ Younger Dryas ក្លាយជា​ការពិត​។ វា​ជា​គំនិត​ដ៏​ចម្រូងចម្រាស់​មួយ​ដែលថា ផលប៉ះពាល់​ដ៏​ធំ​បំផុត​នៅ​អាមេរិក​ខាងជើង​កាលពី ១១.០០០ ឆ្នាំទៅ ១៣.០០០ ឆ្នាំមុន​អំឡុង​យុគសម័យ​ទឹកកក​ចុងក្រោយ​បំផុត បាន​បង្កឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​ទ្រង់ទ្រាយ​ធំ​នៅ​សឹង​ទូទាំង​ទ្វីបអាមេរិក​និង​ទ្វីបអឺរ៉ុប​ក៏ដូចជា​ធ្វើឱ្យមាន​ការផ្លាស់ប្តូ​រអា​កាស​ធាតុ​ដែលនាំឱ្យ​ប្រែប្រួល​ចរន្តទឹក​នៅ​សមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងជើង​ផងដែរ​។​

​ហេតុការណ៍​នេះ​បាន​នាំឱ្យ​វិនាស​ផុត​ពូជ​ថនិកសត្វ​ជាច្រើន​ដូចជា​ដំរី​ម៉ាំ​មុត​រោម​ទន់​វែង​និង​ដំរី​ម៉ាំ​មុត​ស្នែង​កោង​ឡើងលើ និង​ប្រហែល​អាច​នាំឱ្យ​ផុត​ពូជ​មនុស្ស​ដំបូង​បំផុត​លើ​ផែនដី ដែល​កាន់កាប់​ទ្វីបអាមេរិក​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

រណ្តៅ​ដ៏​ធំ​រកឃើញ​ក្រោម​ផ្ទាំង​ទឹកកក​នៅ​កោះ​ហ្គ្រី​ន​លែ​ន​អាច​នឹង​ជួយ​បកស្រាយ​អំពី​ការវិនាស​ផុត​ពូជ​ដំរី​ម៉ាំ​មុត និង​ប្រហែល​ពូជ​មនុស្ស​ដំបូងបង្អស់ ដែល​កាន់កាប់​ទ្វីបអាមេរិក