រថក្រោះ​ថ្មី​របស់​ចិន​បំពាក់​ជាមួយ​ប្រព័ន្ធ​ការពារ​សកម្ម អាច​បាញ់​កម្ទេច​គ្រាប់​ដែល​កំពុង​ហោះ​សំដៅ​មក​បំផ្លាញ​រថក្រោះ​(វីដេអូ)

2210
ចែករម្លែក

​យោងតាម​របាយការណ៍​របស់​ទូរទស្សន៍​រដ្ឋ​ចិន CCTV កាលពី​សប្តាហ៍​មុន​បានឱ្យដឹងថា រថក្រោះ​ចិន​ផលិត​សម្រាប់​នាំចេញ​ឈ្មោះ VT-5 នឹងត្រូវ​បំពាក់​ជាមួយ​ប្រព័ន្ធ​ការពារ​សកម្ម ដែល​អាច​បាញ់​កម្ទេច​គ្រាប់ ដែល​ហោះ​សំដៅ​មក​បំផ្លាញ​រថក្រោះ​។​

​កាសែត Global Times បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ទី​៤​សីហា ដោយ​ដកស្រង់​របាយការណ៍រ​បស់​ទូរទស្សន៍ CCTV ថា ប្រព័ន្ធ​ថ្មី​នេះ​នឹង “​ស្វែងរក​គ្រាប់​ដែល​កំពុង​ហោះ​សំដៅ​មករក មុនពេល​បញ្ចេញ​គ្រាប់​រ៉ុក្កែត​ស្ទាក់​បាញ់​កម្ទេចចោល​នូវ​គ្រាប់​ទាំងនោះ មុនពេល​វា​ហោះ​បុក​រថក្រោះ​”​។​

​កាសែត Global Times បាន​កត់សម្គាល់ថា “​រថក្រោះ​ធុន​នេះ​ក៏​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ចាប់​សញ្ញា​មួយ ដែល​បញ្ជូន​ការព្រមាន នៅពេលណា​ដែល​រថក្រោះ​ត្រូវបាន​សត្រូវ​តម្រង់​គោលដៅ​ដោយ​អាវុធ​កាំរស្មីឡាស៊ែរ ដែល​អាច​ជូនដំណឹង​ដល់​អ្នកបើក​រថក្រោះ​ឱ្យប្រើ​វិធីសាស្ត្រ​គេចខ្លួន ដូចជា ការបញ្ចេញ​ផ្សែង​ជាដើម​”​។​

​ផលិត​ដោយ​ក្រុមហ៊ុន China North Industries Corporation (Norinco) រថក្រោះ VT-5 គឺជា​រថក្រោះ​ធុន​ស្រាល​យក​គំរូ​តាម​រថក្រោះ​ធុន​ស្រាល ZTQ-15 ដែល​ផលិតឡើង​ក្នុង​បំណង​នាំ​ចេញទៅ​បរទេស​៕ ដោយ៖ កញ្ញាដាលីស