រថពាសដែក​និង​រថយន្តយោធា​ចិន​កំពុង​ធ្វើ​សមយុទ្ធ​ត្រៀម​នៅ​ព្រំដែន​ហុងកុង​ (វីដេអូ)

525
ចែករម្លែក

​រូបភាព​វីដេអូ ផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ​ចិន បានបង្ហាញ​យានយន្ត​យោធា​ក្នុង​ចំនួន​ដ៏​ច្រើន​បាន​ធ្វើដំណើរ​និង​ចត​នៅក្នុង​ទីក្រុង សិន​ចិន​ជាប់​ព្រំដែន​ហុងកុង​។​ការបញ្ចេញ​​វីដេអូ​នេះ​កើតឡើង​ចំពេល​ការតវ៉ា​ប្រឆាំង​រយៈពេល​១០​សប្តាហ៍​មក​នេះ​ទំនងជា​ឈាន​ដល់​ចំណុចកំពូល​ដោយ​បាតុករ​ធ្វើការ​តវ៉ា​ជាប់​គ្នា​អស់​៤​ថ្ងៃ​មកហើយ​និង​បាន​ចូល​កាន់កាប់​​អាកាសយានដ្ឋាន​ដ៏​មមាញឹក​បំផុត​មួយ​នៅក្នុង​លោក​កាលពី​ថ្ងៃ​ចន្ទ ជាហេតុ​នាំ​អោយ​មាន​ការ​លុប​ជើងហោះហើរ​រាប់រយ​។​

​ក្នុងការ​បង្ហោះ​វីដេអូ កាសែត People’s Daily បាន​និយាយថា ក្បួន​យានយន្ត​យោធា​បាន​ធ្វើដំណើរ​ទៅ​កាន់​ក្រុង​សិន​ចិន​ដើម្បី​ហ្វឹកហាត់​។​រូបភាព​កាលពី​ថ្ងៃ​១២​សីហា​បង្ហាញ​រថ​​ពាស​ដែក​និង​រថយន្តយោធា​នៅ​ម្ខាង​ព្រំដែន​ហុងកុង​។​

បាតុករចូលកាន់កាប់អាកាសយានដ្ឋានក្រុងហុងកុងកាលពីថ្ងៃចន្ទ តែអាកាសយានដ្ឋានបានបើកដំណើរការវិញកាលពីថ្ងៃអង្គារ

​អស់​ពី​ការតវ៉ា​ប្រឆាំង​ហិង្សា​កាលពី​ចុង​សប្តាហ៍ ឈាន​ដល់​ការបិទ​ខ្ទប់​អាកាសយានដ្ឋាន​ទៀត​កាលពី​យប់​ថ្ងៃ​ចន្ទ ជាហេតុ​នាំ​អោយ​ចិន​ប៉េកាំង​ផ្ទុះ​កំហឹង​និង​បាន​ពណ៌នា​អំពើ​របស់​​គេ​ថា​ជា «​ភេរវកម្ម​»​។​

​យ៉ាង ហ្កាង អ្នកនាំពាក្យ​ការិយាល័យ​ក្រុមប្រឹក្សា​រដ្ឋ​ចិន​សំរាប់​កិច្ចការ​ហុងកុង​និង​ម៉ា​កាវ​បាន​និយាយថា «​ពួក​បាតុករ​រ៉ាឌីកាល់​ហុងកុង​បាន​ប្រើ​ឧបករណ៍​គ្រោះថ្នាក់​ម្តង​ហើយ​​ម្តងទៀត​ដើម្បី​វាយប្រហារ​ប៉ូលិស ដែល​ត្រូវបាន​ចាត់ទុក​ជា​បទឧក្រិដ្ឋ​ហិង្សា​ធ្ងន់ធ្ងរ​មួយ និង​ក៏​បង្ហាញ​សញ្ញា​ដំបូង​នៃ​ការលេចឡើង​ភេរវកម្ម​»​។​

​កាលពី​ថ្ងៃ​០៦​សីហា ប៉ូលិស​ចិន​១២.០០០​នា​ក៏បាន​ចូលរួម​ក្នុង​ការហ្វឹកហាត់​ប្រឆាំង​បាតុកម្ម​នៅ​សិន​ចិន​។​

​បើ​តាម​ការអះអាង​បញ្ជាក់​របស់​ប៉ូលិស​ក្រុង​សិន​ចិន សមយុទ្ធ​នេះ​មានបំណង​រក្សា​ស្ថិរភាព​សង្គម លើកទឹកចិត្ត​សីលធម៌​ប៉ូលិស​និង​ត្រៀមកម្លាំង​នៅមុន​ខួប​ទី​៧០​នៃ​ការបង្កើត​​សាធារណរដ្ឋ​ប្រជាមានិត​ចិន ៕​ដោយ​៖​វាសនា​