រថភ្លើង​និង​រថយន្តបុក​គ្នា​ញឹក​ពេក​, រដ្ឋបាល​បន្ទាយមានជ័យ​ប្រជុំ​ដាក់​វិធានការ​

1859
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: រដ្ឋបាលខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៦​ខែមេសា ឆ្នាំ​២០១៨ បាន​កោះប្រជុំ​បន្ទាន់ ដើម្បី​ដាក់​វិធានការ​នានា ក្រោយ​រថភ្លើង និង​រថយន្ត​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា​៣​លើក​មកនេះ​។ រីឯ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​វិញ ក៏បាន​ចេញ​សេចក្តីជូនដំណឹង​អំពាវនាវ ឲ្យ​សារ​ធារ​ណ​ជន ពលរដ្ឋ និង​អ្នកដំណើរ​ប្រុងប្រយ័ត្ន ពេល​រថភ្លើង​រត់​ប៉ោយប៉ែត​-​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ដល់​ខេត្តបាត់ដំបង​។​

លោក លី សារី ដឹកនាំ​ប្រជុំ​ដាក់​វិធានការ​ក្រោយ​រថភ្លើង​និង​រថយន្ត​បុ​គ្នា​ញឹក​ពេក​, ឯ​ក្រសួង​សាធារណការ​អំពាវនាវ​ពេល​រថភ្លើង​ប៉ោយប៉ែត​-​បាត់ដំបង​រត់​ដែរ (​រូប​:​ភ្នំ​ស្វាយ​)​

​លោក លី សារី អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​២៦​មេសា បាន​កោះប្រជុំ​ជាមួយ​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន មន្ត្រីនគរបាល កងរាជអាវុធហត្ថ និង​មន្ត្រី​ស្ថានីយ​រថភ្លើង ដើម្បី​មានមតិ​យោបល់​ផ្លាស់ប្តូរ​ព័ត៌មាន និង​លើក​អនុសាសន៍​ធ្វើយ៉ាងណា​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ថ្មី គឺ​គ្រោះថ្នាក់​រវាង​រថភ្លើង​ដែល​ទើប​ដំណើរការ​ឡើងវិញ និង​យានយន្ត​អ្នកដំណើរ​លើផ្លូវ​ឆ្លងកាត់​គ្នា​នឹង​ផ្លូវដែក​កើតឡើង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុ សុផល ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ រំលឹកថា គិតពី​ថ្ងៃទី​៤​ខែមេសា​២០១៨ ជា​ពេលដែល​ខ្សែ​រថភ្លើង​បាន​ដំណើរការ​ឡើងវិញ ដោយ​ដឹកជញ្ជូន​ដឹក​អ្នកដំណើរ​ឥតគិតថ្លៃ មាន​គ្រោះថ្នាក់​រថភ្លើង​និង​រថយន្តបុក​៣​លើ​មកហើយ​។ លោក​និយាយ​ដែរ​ថា នៅ​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ មាន​ផ្លូវជាតិ ផ្លូវលំ​កាត់​ទទឹង​នឹង​ផ្លូវដែក (​ផ្លូវ​រថភ្លើង​) ៦៣​ខ្សែ ក្នុងនោះ​នា​ក្រុង​ប៉ោយប៉ែត​មាន​៣៤​ខ្សែ ស្រុក​អូរជ្រៅ​មាន​៦​ខ្សែ និង​ក្រុង​ប៉ោយប៉ែត​២៣​ខ្សែ​។ នេះ​មិនទាន់​រាប់​ប​ញ្ជូ​ល​នៅ​ភូមិសាស្ត្រ​ស្រុក​មង្គល​បូរី ដែល​រថភ្លើង​នឹង​ដំណើរការ​ឆ្លងកាត់​ទៅ​ខេត្តបាត់ដំបង នា​ដើមខែ​ឧសភា​ខាងមុខ ដែលមាន​រាប់សិប​ខ្សែ​ថែម​ទៀតផង​។​

​កិច្ចប្រជុំ​នោះ បាន​សរុប​លទ្ធផល​មតិយោបល់​ដោយ​រដ្ឋបាលខេត្ត នឹងធ្វើ​លិខិតផ្លូវការ​ទៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និយាយ​ពី​ចំនួន​គ្រោះថ្នាក់​រវាង​រថភ្លើង និង​យានយន្ត​ឆ្លងកាត់​ផ្លូវដែក​, ពី​ហា​នី​យ​ភ័យ​នានា​, ពី​សំណើរ​សុំ​ក្រសួង​ព​ន្លឿ​ន​ការដាក់​ស្លាក​ចរាចរណ៍ ដាក់​ភ្លើង​ព្រមាន​នៅ​ផ្លូវ​ប្រសព្វ និង​ផ្លូវ​រថភ្លើង និង​វិធានការ​ផ្សេងៗ​ទៀត​ដើម្បី​បង្ការ បញ្ជៀ​ស​និង​បន្ថយ​គ្រោះថ្នាក់​។​

​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​ដាក់ចេញ​ការណែនាំ​ឲ្យ​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន​មាន​ផ្លូវថ្នល់ និង​ផ្លូ​ប​ដែក​ឆ្លងកាត់ សូម​ធ្វើ​ស្លាក​សញ្ញា​ចរាចរណ៍​បណ្តោះ​អាសន្ន​តាម​លទ្ធភាព​, ដាក់​មនុស្ស​ជួយ​យាម​តាម​ទី​ប្រសព្វ​, បន្ត​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ពេល​ឆ្លងកាត់​ផ្លូវដែក​ជាដើម​។​

​លិខិត​ជូនដំណឹង​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដែលថា ក្រសួង​នឹង​រៀបចំ​ឲ្យ​មាន​ខ្សែ​រថភ្លើង​ពី​ស្ថានីយ​បាត់ដំបង​ដល់​ស្ថានីយ​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។ ដូច្នោះ​ដើម្បី​សុវត្ថិភាព សូម​បងប្អូន​ទាំងអស់​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវដែក​ខាងលើ ចូល​រូ​ម​សហការ​ដូចតទៅ​:
– ត្រូវគោរព​ច្បាប់​អាទិភាព​ចរាចរណ៍​ខ្សែ​រថភ្លើង​គ្រប់ពេល​។​
– ដាក់​របស់​ផ្សេងៗ​ត្រូវមាន​ចម្ងាយ​៣,៥​ម​ពី​អ័ក្ស​ផ្លូវដែក​។
– ហាម​លែង ឬ​ចង​សត្វពាហន​:​ក្បែរផ្លូវ​រថភ្លើង​។
– ត្រូវ​ប្រុងប្រយ័ត្ន​គ្រប់ពេល​ធ្វើដំណើរ​ឆ្លងផ្លូវ​ប្រសព្វ​នឹង​ផ្លូវ​រថភ្លើង​។​
– ត្រូវ​ប្រយ័ត្ន​កុមារ​តូចៗ​នៅ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​។​
– ហាម​ធ្វើ​ផ្លូវ​ឆ្លងកាត់​ទៅ​លំនៅឋាន ឬ​ទៅ​ស្រែចម្ការ​ជា​លក្ខណៈ​ឯកជន​។​
– ហាម​ចោល​សំរាម ឬ​របស់​ចូលក្នុង​ប្រឡាយ​បង្ហូរទឹក​ដែល​អម​សងខាង​ផ្លូវ​រថភ្លើង​។​
– ខ្សែភ្លើង​ឆ្លងកាត់​ផ្លូវ​ភ្លើង ត្រូវមាន​កម្ពស់​យ៉ាងតិច​៧​ម​ពី​ខ្ទង់​ដែក​រ៉ៃ​៕ ល​