រថភ្លើង​បុក​គ្នា​សម្លាប់​មនុស្ស​១៥​នាក់​នៅ​បង់​ក្លា​ដែស​

247
ចែករម្លែក

​រថភ្លើង​ល្បឿន​លឿន​២​បាន​បុក​គ្នា​នៅ​បង់​ក្លា​ដែស​ខាងកើត ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៥​នាក់ និង​របួស​រាប់សិប​នាក់​កាលពី​ថ្ងៃ​អង្គារ​ទី​១២​វិច្ឆិកា​។​

​មេ​ប៉ូលិស​តំបន់ បាន​និយាយថា ការបុក​គ្នា​នេះ​កើតឡើង​កាលពីដើម​ថ្ងៃ​អង្គារ​នៅពេល​រថភ្លើង Udayan Express និង Turna Nishita ធ្វើដំណើរ​លើ​ផ្លូវ​តែ​មួយ តែ​មក​ពី​ទិស​​ដៅ​បញ្ច្រាស​គ្នា​នៅ​ស្រុក​ប្រា​ម៉ាន​បារៀ ចម្ងាយ​ប្រមាណ​៨២​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ដា​កា​។​

​មន្ត្រី​ប្រចាំ​តំបន់​កើតហេតុ​បាន​និយាយថា មនុស្ស​យ៉ាង​តិច​៤០​នាក់​រង​របួស​និង​ត្រូវបាន​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ តែ​ទីភ្នាក់ងារសារព័ត៌មាន​បង់​ក្លា​ដែស​បាន​និយាយថា​​ចំនួន​អ្នករងរបួស​អាច​លើ​១០០​នាក់​៕​ដោយ​៖វាសនា​

ប្រជាជន​ចោមរោម​ទូរ​ភ្លើង​ខូចខាត​ក្រោយ​រថភ្លើង​២​បុក​គ្នា កាលពី​ថ្ងៃ​១២​វិច្ឆិកា​នៅ​ចម្ងាយ​៨២​គីឡូម៉ែត្រ​ពី​ក្រុង​ដា​កា​